ក្រសួងប្រៃសណីយ៍ជួបជាមួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យប្រៃសណីយ៍ ជំរុញឱ្យចុះឈ្មោះក្នុងប្រព័ន្ធដើម្បីឈានទៅទទួលបានអត្ថប្រយោជន៍នានា

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយការយល់ដឹង ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។

សិក្ខាសាលានេះ ធ្វើឡើងនាព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥នេះ ក្រោមអធិបតីភាព ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងដោយមានការអញ្ជើញចូលរួមពីអ្នកធ្វើការរកស៊ីសេដ្ឋកិច្ចក្រៅប្រព័ន្ធលើវិស័យប្រៃសណីយ៍ជាច្រើនរូប។

ឯកឧត្តម សូ វិសុទ្ធី បានជំរុញឱ្យអ្នកប្រកបរបរក្រៅប្រព័ន្ធ ពិសេសផ្តោតលើ វិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដែលពុំទាន់បានចុះឈ្មោះចូលក្នុង ថ្នាលឌីជីថលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ CamIE ត្រូវចុះឈ្មោះ ដើម្បីទទួលបានអត្ថប្រយោជន៍នានាដែលរាជរដ្ឋាភិបាលមានការផ្ដល់ជូន។
ឯកឧត្តមបញ្ជាក់ថា អត្ថប្រយោជន៍ដែលទទួលបានរាប់បញ្ចូលទាំង ការការពារផ្លូវច្បាប់ ឱកាសទទួលបានហិរញ្ញប្បទាន ការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ការលើកទឹកចិត្តផ្នែកពន្ធដារ និងការបណ្ដុះបណ្ដាលជាច្រើនទៀត។ ទន្ទឹមនឹងការបញ្ជាក់ពីអត្ថប្រយោជន៍ទាំងនេះ ឯកឧត្តម រដ្ឋលេខាធិការ បានលើកឡើងប្រាប់ទៅក្រុមការងារសម្របសម្រួលអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ដូចជាមន្ទីរជួយបន្តផ្សព្វផ្សាយ ទៅដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យបានយល់ពីអត្ថប្រយោជន៍នៃការចុះឈ្មោះ និងជួយសម្របសម្រួលបង្ហាត់បង្ហាញ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបានយល់ពីការចុះឈ្មោះតាមថ្នាលឌីជីថល។

គួរឱ្យដឹងផងដែរថា ការចុះឈ្មោះជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីមានលទ្ធភាពទទួលបានការលើកទឹកចិត្តនិង ការថែបំប៉នផ្សេងៗ ពីក្រសួង ស្ថាប័នពាក់ព័ន្ធ ស្របតាមលិខិតបទដ្ឋានគតិយុទ្ធជាធរមាន។ ចំពោះអ្នកដែលចុះឈ្មោះបាន ក្នុងនោះមាន ទី១ កម្មករនិយោជិកនៃសហកគ្រាសធុនមីក្រូ ទី២កម្មករនិយោជិតម្តងម្កាល ទី៣ សហគ្រាសធុនមីក្រូ និងទី៤បុគ្គលស្វ័យនិយោជន៍។

ក្នុងសិក្ខាសាលានេះដែរ ក្រុមការងារក៏មានការរៀបចំជាបទបង្ហាញផ្តោតលើអត្ថប្រយោជន៍ និងការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បទបង្ហាញស្ដីពី ទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងព័ត៌មានវិទ្យា ក៏ដូចជាការចែករំលែកបទពិសោធន៍ពីការកៀរគរអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផងដែរ។

គួរបញ្ជាក់ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ដែលបន្តពីមួយអាណត្តិទៅមួយអាណត្ត បានប្រកាន់ខ្ជាប់នូវគោលជំហរ មិនទុកប្រជាពលរដ្ឋណាម្នាក់ចោលនោះទេ។ ជាក់ស្ដែងរាជរដ្ឋាភិបាល ក៏បានអនុញ្ញាតឱ្យប្រជាពលរដ្ឋក្នុងរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចចុះឈ្មោះចូលក្នុងថ្នាលឌីជីថលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ CamIE ដើម្បីទទួលបានវិញ្ញាបណ្ណបត្របញ្ជាក់ពីរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីអាចឈានទៅចុះឈ្មោះក្នុងបេឡាជាតិរបបសន្តិសុខសង្គម ក្នុងលក្ខណ្ឌបុគ្គលស្វ័យនិយោជន៍ថែមទៀតផង៕