ឯកឧត្តម យិន ចន្ទ័ធួន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែ និងពង្រឹងការងារផ្តល់សេវាសាធារណៈនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ

នៅថ្ងៃសុក្រ ១០រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្តម យិន ចន្ទ័ធួន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុយ ពិសិដ្ឋ ប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកថ្មី បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំឆ្លងរបាយការណ៍សកម្មភាព លទ្ធផលការងារប្រចាំខែកញ្ញា និង ទិសដៅសម្រាប់តុលា ឆ្នាំ២០២៥។ ក្នុងឱកាសនោះ ក៏មានការប្រកាសសេចក្តីសម្រេចតែងតាំងអនុប្រធានក្រុមការងារ ចុះជួយភូមិចំពុះក្អែក របស់សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញផងដែរ។
ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តម យិន ចន្ទ័ធួន បានផ្តាំផ្ញើទៅកាន់ក្រុមការងារចុះជួយសង្កាត់។ ចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ និងប្រធាន អនុប្រធានភូមិទាំង៦ ឱ្យយកចិត្តទុកដាក់ខ្ពស់លើចំណុចគន្លឹះសំខាន់ៗមួយចំនួន៖
១. ការផ្តល់សេវាសាធារណៈ: ត្រូវផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរដូចភ្លៀងរលឹម ដោយមន្ត្រីត្រូវចងចាំថាខ្លួនគឺជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយនាយរបស់គាត់នោះទេ។
២. ការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព: បន្តពង្រឹងការអនុវត្តគោលនយោបាយនេះ តាមរយៈការលុបបំបាត់គ្រឿងញៀន ក្រុមបងតូចបងធំ ចោរលួច ចោរប្លន់ និងល្បែងស៊ីសងក្នុងមូលដ្ឋាន។
៣. ការងារដោះស្រាយវិវាទ: ជំរុញការងារដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការក្នុងមូលដ្ឋាន ព្រោះនេះជាកិច្ចការល្អបំផុតសម្រាប់មន្ត្រីបក្សដើម្បីរក្សាភាពសុខដុមរមនាក្នុងសង្គម។
៤. ពង្រឹងកិច្ចការកសាង និងពង្រឹងបន្តអនុវត្តជាអចិន្ត្រៃយ៍ចាប់ពីសមាជិកម្នាក់ គ្រួសារមួយ សហគមន៍មួយ ភូមិមួយ រហូតដល់ថ្នាក់សង្កាត់។
៥. ជំរុញការជឿជាក់ទាំងស្រុងលើការដឹកនាំរបស់សម្តេចតេជោ និងសម្តេចធិបតី និងបន្តដឹងគុណចំពោះសន្តិភាព និងនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅប្រកបដោយបរិយាកាសស្និទ្ធស្នាល និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងគោលបំណងពង្រឹងការងារឱ្យកាន់តែរឹងមាំ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ៕