សម្តេចមហាមន្ត្រី គុយ សុផល ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ និងលោកជំទាវ សុខ នារី គុយ សុផល អញ្ជើញនាំយកព្រះរាជអំណោយដ៏ថ្លៃថ្លាព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ជូនដល់ប្រជារាស្រ្តរងគ្រោះដោយការឈ្លានពានពីទាហានថៃយកដីភូមិ និងដីលំនៅឋាននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ

សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងលោកជំទាវ សុខ នារី គុយ សុផល បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងចែកជូននូវព្រះរាជអំណោយដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនដល់បងប្អូនប្រជារាស្រ្តរងគ្រោះដោយការឈ្លានពានពីទាហានថៃយកដីភូមិ និងដីលំនៅឋាននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានចំនួនសរុបប្រមាណ ១ ០១៣គ្រួសារ រស់នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

អញ្ចើញចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នេះ មានឯកឧត្តម ឈា ហន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជារដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង ព្រមទាំងមន្ត្រីអ្នកមុខអ្នកការសំខាន់ៗ របស់ក្រសួងព្រះបរមរាជវាំងជាច្រើន និងមានការអញ្ជើញចូលរួមទទួលស្វាគមន៏ចំពោះវត្តមានសម្តេចមហាមន្ត្រី ឧបនាយករដ្ឋមន្ត្រី ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គទាំងទ្វេ ពីសំណាក់ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងអាជ្ញាធរដែនដីជាច្រើនរូបទៀត។

ព្រះរាជអំណោយដ៏ថ្លៃថ្លាព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលសម្តេចមហាមន្ត្រី គុយ សុផល ព្រះរាជតំណាង និងលោកជំទាវ សុខ នារី គុយ សុផល បានចែកជូនដល់បងប្អូនប្រជារាស្ត្រទទួលរងគ្រោះ មានចំនួនសរុបជាមេគ្រួសារចំនួន ១ ០១៣នាក់ ដោយក្នុងគ្រួសារនីមួយៗទទួលបាន ៖
-អង្ករចំនួន ១ បាវ = ៥០គីឡូក្រាម
-ឃីត ចំនួន ១ កញ្ចប់ (មុង ១, ភួយ ១, ក្រមា ១, សារុង ១)
-អាវយឺតមានផ្លាកព្រះរាជអំណោយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំនួន ០១
-មី ចំនួន ២ កេស
-ត្រីខ ចំនួន ១០ កំប៉ុង
– ទឹកត្រី ចំនួន ១យួរ (៦ដប)
– ទឹកស៊ីអ៊ីវ ចំនួន ១យួរ (៦ដប)
– ទឹកដោះគោខាប់ ចំនួន ១០កំប៉ុង
– កន្ទេល ចំនួន១
-តង់កៅស៊ូ ចំនួន ០១ (៤ម X ៦ម)
-ថវិកាចំនួន ៤០០ ០០០ រៀល (ព្រះរាជទ្រព្យព្រះមហាក្សត្រ ចំនួន ២០០ ០០០រៀល រួមនឹងព្រះរាជទ្រព្យ សម្តេចព្រះមហាក្សត្រី ចំនួន ២០០ ០០០រៀល) ។

សូមជម្រាបថា ប្រជារាស្រ្តដែលមកទទួលព្រះរាជអំណោយដ៏ថ្លៃថ្លាព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាពេលនេះ មានប្រជារាស្ត្ររស់នៅភូមិព្រៃចាន់ ចំនួន២៦៤គ្រួសារ និងភូមិជោគជ័យចំនួន ៧៤៩គ្រួសារ ឋិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕