ឯកឧត្តម ឈិន កេតនា ÷ កម្ពុជាត្រៀមរៀបចំព្រះរាជពិធីបុណ្យខួបលើកទី២១ នៃការគ្រងរាជ្យ ព្រះមហាក្សត្រ នរោត្តម សីហមុនី

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានបើកកិច្ចប្រជុំ ដើម្បីដាក់ចេញនូវផែនការត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យខួបលើកទី២១ នៃការគ្រងព្រះបរមរាជសម្បត្តិ ថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ក្រោមអធិបតីភាព ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានីភ្នំពេញ។

ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី ប្រធានអង្គប្រជុំ បានគូសបញ្ជាក់អំពីខ្លឹមសារនៃផែនការណែនាំ និងការត្រៀមរៀបចំព្រះរាជពិធីដ៏ប្រសើរថ្លៃថ្លានេះ ព្រមទាំងថ្លែងអំណរគុណចំពោះការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធ។ ឯកឧត្តម បានពិភាក្សាផ្លាស់ប្តូរយោបល់  ហើយអង្គប្រជុំបានឯកភាពកំណត់តាមកាលបរិច្ឆេទនៃការប្រារព្ធព្រះរាជពិធី ដែលប្រព្រឹត្តទៅនៅ ថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥ ដែលជាព្រះរាជពិធីបុណ្យខួបលើកទី២១ នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះមហាក្សត្រ។

ឯកឧត្តម ឈិន កេតនា ប្រធានអង្គប្រជុំ បានការសម្រេច និងបែងចែកភារកិច្ចរួមមាន៖ គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ត្រូវរួមគ្នាធ្វើការតុបតែងលម្អតាមបណ្តាស្ថាប័ន និងទីសាធារណៈ , តុបតែងតាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត , តុបតែងលម្អដោយប្រើប្រាស់កំណាត់បូ និងភ្លើងពណ៌, លើកទង់ជាតិ, ទង់សាសនា, ទង់ព្រះមហាក្សត្រ និងបដាពាក្យស្លោកឱ្យបានសមរម្យសម្រាប់ថ្វាយព្រះពរព្រះមហាក្សត្រ , ត្រូវបំផុសឱ្យប្រជាពលរដ្ឋ តាមគេហដ្ឋាន សាលារៀន វត្តអារាម រោងចក្រ សហគ្រាស ចូលរួមតុបតែងលម្អផងដែរ , ត្រូវរៀបចំសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ដោយផ្ញើជូនក្រសួងព្រះបរមរាជវាំង និងក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយឲបានទូលំទូលាយ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឈិន កេតនា ប្រធានអង្គប្រជុំ បានបញ្ជាក់បន្ថែមថា ព្រះរាជពិធីបុណ្យខួបលើកទី២១ នៃការគ្រងព្រះបរមរាជសម្បត្តិ មានរៀបចំអុជកាំជ្រួច នៅ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៩:០០នាទីយប់ មុខព្រះបរមរាជវាំង ដើម្បីអបអរសាទរព្រះរាជពិធីដ៏ឧត្តុងឧត្តមនេះ។

ជាកិច្ចបញ្ចប់ ឯកឧត្តមប្រធានអង្គប្រជុំបានអំពាវនាវដល់សមាជិក សមាជិកាទាំងអស់ ត្រូវបន្តរាយការណ៍ជូនថ្នាក់ដឹកនាំ និងអនុវត្តភារកិច្ចដែលបានបែងចែកប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យព្រះរាជពិធីនេះប្រព្រឹត្តទៅដោយជោគជ័យ និងអធិកអធមបំផុត៕