ចំនួនមនុស្សស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងនាចុងរដូវវស្សាក្នុងប្រទេសម៉ិកស៊ិកបន្តកើនឡើង! ខណៈបេសកកម្មស្វែងរកជន រងគ្រោះកាន់តែសកម្មជាងមុន

សហគមន៍ជាង៣០០កន្លែងស្ថិតនៅភាគកណ្តាលនិងភាគខាងកើតប្រទេសម៉ិកស៊ិក នៅតែត្រូវបានកាត់ផ្តាច់ដោយបំណាក់ដី និងទឹកជំនន់ដ៏សាហាវចាប់ពីថ្ងៃអង្គារ៍ម្សិលមិញមក! ស្របពេលដែលទាហាន និងក្រុមជួយសង្រ្គោះជាជនស៊ីវិលរាប់ពាន់នាក់បានព្យាយាមបើកផ្លូវដើម្បីសម្រួលដល់ក្រុមជួយសង្រ្គោះឡើងវិញដែរ។ ហេតុការណ៍នោះបានកើតឡើង ក្រោយពីរដ្ឋាភិបាលប្រទេសនេះបានបញ្ជាក់ថាមានមនុស្ស៦៤នាក់បានស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំង។ មនុស្សរាប់សិបនាក់នៅតែបាត់ខ្លួន ហើយមន្ត្រីក៏បានព្រមានពីទំហំខូចខាតយ៉ាងបំផ្លិចបំផ្លាញនៅក្នុងទីក្រុងដាច់ស្រយាលដែលមានមនុស្សចន្លោះពី ៥០០ ទៅ ១០០០នាក់នៅតែមិនទាន់ដឹងបាត់ខ្លួនទៅទីណានោះទេ។ ភ្លៀងធ្លាក់ខ្លាំងបង្កឡើងដោយសារខ្យល់ព្យុះត្រូពិចចំនួន២បានបក់បោកចេញពីឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសម៉ិកស៊ិក នៅចុងរដូវវស្សានេះគឺខុសពីធម្មតា ដែលបានធ្វើឱ្យទឹកទន្លេឡើងប៉ោងនិងហូរហៀរ មិនតែប៉ុណ្ណោះតាមជម្រាលភ្នំវិញក៏មានទឹកហូរចុះដែរ។ លោកប្រធានាធិបតី Claudia Sheinbaum បានសង្កត់ធ្ងន់នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងម៉ិកស៊ិកថា ការបើកផ្លូវឡើងវិញ ក៏ដូចជាការផ្តល់ស្បៀងអាហារ និងការផ្គត់ផ្គង់ទឹកដល់តំបន់រងផលប៉ះពាល់ គឺជាអាទិភាពចម្បងរបស់រដ្ឋាភិបាល។ នៅតំបន់ Tequisquetengo និង Hidalgo ក្រុមអ្នកជិតខាងតំបន់បានរៀបចំកិច្ចខិតខំប្រឹងប្រែងមួយដើម្បីគាំទ្រជួយសង្រ្គោះដល់សហគមន៍ដែលនៅដាច់ស្រយាលពីគេ។ ចំណែកក្រុម Neptali Rodriguez គ្រោងនឹងដើររយៈពេល៧ម៉ោងដើម្បីនាំយកសម្ភារៈផ្គត់ផ្គង់នានាដល់សហគមន៍ដែលវាអាចទៅដល់បានដោយថ្មើរជើងតែប៉ុណ្ណោះ។ អ្នកស្រុកមួយក្រុមទៀតនៅ Bella Vista បានធានាសុវត្ថិភាពដោយមានឧទ្ធម្ភាគចក្រដើម្បីជម្លៀសមនុស្សចាស់ និងកុមារចេញពីតំបន់ Chapula ដែលជាសហគមន៍រងនូវការបំផ្លិចបំផ្លាញខ្លាំងដោយទឹកជំនន់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ៕

សម្រួលអត្ថបទ៖ សុផារិន្ទ