ចំនួនមនុស្សស្លាប់បានកើនឡើងជិត២០នាក់!បន្ទាប់ពីមានករណី ឆាបឆេះរោងចក្រកាត់ដេរនៅបង់ក្លាដែសជាប្រទេសឧស្សាហកម្ម កាត់ដេរធំទី២លើពិភពលោកបន្ទាប់ពីចិន

នាយកដ្ឋានសេវាកម្មអគ្គីភ័យ និងការពារជនស៊ីវិលបាននិយាយថាមានមនុស្ស១៦នាក់បានស្លាប់នៅក្នុងគ្រោះអគ្គីភ័យឆាបឆេះរោងចក្រកាត់ដេរ និងឃ្លាំងផ្ទុកសារធាតុគីមីក្នុងរដ្ឋធានីបង់ក្លាដែសកាលពីល្ងាចថ្ងៃអង្គារនេះ។ មន្ត្រីពន្លត់អគ្គីភ័យលោក Talha bin Jashim បាននិយាយថា៖ ភ្លើងបានចាប់ផ្តើមឆេះនៅតំបន់ Mirpur នៃទីក្រុង Dhaka ហើយត្រូវគេជឿជាក់ថា បានចាប់ផ្តើមពីជាន់ទី៣មកនៃអគារសម្លៀកបំពាក់ដែលមានកំពស់៧ជាន់។ លោកបាននិយាយទៀតថា៖ ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសពមនុស្សជាច្រើននាក់។ ក្នុងនោះមានមនុស្សជាច្រើននាក់ផ្សេងទៀតក៏បានរងរបួសដែរ។ ភ្លើងឆាបឆេះត្រូវគ្រប់គ្រងបានវិញនៅប៉ុន្មានម៉ោងក្រោយមក ហើយប្រតិបត្តិការជួយសង្គ្រោះបានបន្តរហូតដល់យប់។ លោកវរសេនីយ៍ទោ Mohammad Tajul Islam Chowdhury ជានាយកប្រតិបត្តិការ ថែទាំ និងសេវាអគ្គីភ័យ និងកិច្ចការពារជនស៊ីវិល បាននិយាយថា៖ ឧស្ម័នពុលដែលបញ្ចេញដោយការផ្ទុះនៅក្នុងឃ្លាំងផ្ទុកសារធាតុគីមីបានរាលដាលដល់អគារដែលនៅជាប់គ្នា ហើយមនុស្សជាច្រើនបានស្លាប់ក៏ដោយសារតែការស្រូបពីចំហាយឧស្ម័ននេះដែរ។ សូមបញ្ជាក់ថាប្រទេសបង់ក្លាដែសគឺជាឧស្សាហកម្មកាត់ដេរធំជាងគេទី២របស់ពិភពលោកបន្ទាប់ពីប្រទេសចិន ហើយវិស័យនេះបានជួលកម្លាំងកម្មករប្រហែលជា៤លាននាក់ ដែលភាគច្រើនជាស្ត្រី។ ឧស្សាហកម្មកាត់ដេរនៅបង់ក្លាដែសអាចរកចំណូលបានប្រហែលជា៤០ប៊ីលានដុល្លារអាម៉េរិកក្នុងមួយឆ្នាំៗ ពីការនាំចេញសម្លៀកបំពាក់ជាចម្បងទៅកាន់សហរដ្ឋអាមេរិក និងទ្វីបអឺរ៉ុប មិនតែប៉ុណ្ណោះប្រទេសនេះក៏មានប្រវត្តិនៃគ្រោះថ្នាក់ឧស្សាហកម្មវាយនភ័ណ្ឌ និងអគ្គីភ័យដែលធ្លាប់ត្រូវបានគេស្តីបន្ទោសលើការត្រួតពិនិត្យ ភាពធ្វេសប្រហែស និងការរំលោភលើលេខកូដស្តង់ដាអគាររោងចក្រផងដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ