ទេសរដ្ឋមន្រ្តី គន់ គីម ថ្លែងអំណរគុណ ប្រ៊ុយណេសម្រាប់ការគាំទ្រលើកិច្ចសហប្រតិបត្តិការការងារគ្រោះមហន្តរាយ
ភ្នំពេញ៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម DATO SERI SETIA AWANG HAJI រដ្ឋមន្រ្តីទទួលបន្ទុកការងារគ្រោះមហន្តរាយ នៃប្រទេសប្រ៊ុយណេ។
ក្នុងជំនួបស្វាគមន៍ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានសម្តែងសេចក្តីសោមនស្សរីករាយចំពោះវត្តមានរបស់ ឯកឧត្តម រដ្ឋមន្រ្តីទទួលបន្ទុកការងារគ្រោះមហន្តរាយ នៃប្រទេសប្រ៊ុយណេ និងគណៈប្រតិភូ អញ្ជើញទស្សនកិច្ចការងារ ក្នុងឱកាសកម្ពុជា ធ្វើម្ចាស់ផ្ទះ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បានរម្លឹកថា កម្ពុជា-ប្រ៊ុយណេ ជាប្រទេសរក្សាបាននូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រាប់តាំងពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបន្តរហូតមកដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាមួយព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ ព្រមទាំងថ្នាក់ដឹកនាំនានារបស់ប្រទេសប្រ៊ុយណេ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ឯកឧត្តម រដ្ឋមន្រ្តីទទួលបន្ទុកការងារគ្រោះមហន្តរាយ នៃប្រទេសប្រ៊ុយណេ ដែលបានគាំទ្រដល់កម្ពុជា ចំពោះកិច្ចការជំនួយមនុស្សធម៌ក្នុងកិច្ចសហប្រតិបត្តិការងារគ្រោះមហន្តរាយ។
លើសពីនេះ ក្នុងជំនួប ភាគីទាំងពីរបានឯកភាពគ្នាបន្តកិច្ចសហប្រតិបត្តិការ ដែលបានអនុវត្តកន្លងមកឱ្យបន្តសម្រេចបានជាផ្លែផ្កាថែមទៀត និងស្របតាមគោលការណ៍ អាស៊ានតែមួយ ការឆ្លើយតបតែមួយ៕



