ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងឧបនាយករដ្ឋមន្ដ្រីម៉ាឡេស៉ី ឯកភាពគ្នាបន្ដកិច្ចសហប្រតិបត្តិការលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Dato’ Seri Zahid Hamidi ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងតំបន់ និងជាប្រធានគណៈកម្មាធិការរដ្ឋមន្ត្រីលុបបំបាត់គ្រឿងញៀនម៉ាឡេស៊ី (Cabinet Committee on Eradication of Drugs-JKMD)។
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន តាមរយៈឯកឧត្តម Dato’ Seri Dr. Amad Zahid Hamidi បានថ្លែងអំណរគុណដល់នាយករដ្ឋមន្ដ្រីម៉ាឡេស៊ី ដែលក្នុងនាមជាប្រធាន ASEAN ប្ដូរវេន ក្នុងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលឲ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ។ ក្នុងនាមជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានគូសបញ្ជាក់ថា សម្រាប់កម្ពុជា ក៏មិនខុសពីប្រទេសដ៏ទៃបញ្ហាគ្រឿងញៀន មិនទាន់ថមថយដោយសារកម្ពុជា នៅជិតតំបន់ត្រីកោណមាស ប៉ុន្ដែយន្តការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧ គឺកំណត់អាទិភាពលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងនោះមានទាំងវិធានការផ្សព្វផ្សាយអប់រំ អនុវត្តច្បាប់ និងជំរុញកិច្ចសហប្រតិបត្តិការអន្ដរជាតិផងដែរ។
ឯកឧត្តមសន្ដិបណ្ឌិត បានជម្រាបជូនភាគីម៉ាឡេស៉ី អំពីយុទ្ធសាស្ដ្រក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយរួមមាន ការបង្កើតគណៈកម្មការអន្ដរស្ថាប័ន និងប្រជាពលរដ្ឋក្នុងសង្គមទាំងមូល និងការប្រើប្រាស់យុទ្ធសាស្ដ្រផ្សព្វផ្សាយអប់រំ បន្ថែមពីលើការអនុវត្តច្បាប់ សំដៅពង្រឹង និងបង្កើនប្រសិទ្ធភាពការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ក្នុងក៏មានការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនការយល់ដឹង និងការរាយការណ៍ពីប្រជាពលរដ្ឋមកកាន់សមត្ថកិច្ច។
ជាមួយគ្នានោះ ឯកឧត្តម Dato’ Seri Dr. Amad Zahid Hamidi ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងតំបន់ម៉ាឡេស៊ីបានថ្លែងអំណរគុណដល់ ឯកឧត្តមសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ដែលជាអតីតអគ្គស្នងការនគរបាលជាតិ ដែលបានជម្រាបជូនពីបញ្ហាគ្រឿងញៀននៅកម្ពុជា។ ក្នុងនាមជាប្រធានគណៈកម្មាធិការរដ្ឋមន្ត្រី លុបបំបាត់គ្រឿងញៀនម៉ាឡេស៊ី (Cabinet Committee on Eradication of Drugs-JKMD) និងជាអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃគ្រប់គ្រង លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការងារអន្តោប្រវេសន៍ ហើយឯកឧត្តមបានដឹងច្បាស់ពីបញ្ហានេះ ដែលបញ្ហាគ្រឿងញៀន គឺចាត់ទុកជាបញ្ហាសកលដែលយើងត្រូវរួមគ្នាដោះស្រាយ។
ឧបនាយករដ្ឋមន្ដ្រីម៉ាឡេស៉ី បានទទួលស្គាល់ថា បញ្ហាគ្រឿងញៀន គឺជាបញ្ហាសកល ហើយបច្ចុប្បន្នគ្រឿងញៀនមិនប្រពៃណី ត្រូវបានប្រែក្លាយមកជាគ្រឿងញៀនសំយោគវិញ។ នៅម៉ាឡេស៊ី ជាប្រទេសមានរដ្ឋច្រើន ហើយមានរដ្ឋប៉ែកខាងកើតមានរដ្ឋមួយចំនួន ពាក់ព័ន្ធនឹងគ្រឿងញៀនច្រើនជាងគេ ហើយម៉ាឡេស៉ី មានអ្នកញៀនគ្រឿងញៀនភាគច្រើន អាយុក្រោម៣៥ឆ្នាំ។
បន្ថែមពីនេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានស្នើម៉ាឡេស៉ី បន្ដទំនាក់ទំនងគ្នាទៅវិញទៅមក ក្នុងការរួមចំណែកប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្លាស់ប្ដូរគណៈប្រតិភូគ្នា សំដៅចែករំលែកបទពិសោធន៍លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។ លើសពីនេះ ឯកឧត្តមសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី ក៏បានស្នើដល់ម៉ាឡេស៉ី ផ្ដល់ជំនួយជាបទពិសោធន៍ និងបច្ចេកទេស ដល់ប្រទេសកម្ពុជាផងដែរ។
ជាការឆ្លើយតប ឯកឧត្តម Dato’ Seri Dr. Amad Zahid Hamidi បានឯកភាពតាមការលើកឡើងរបស់ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ពិសេសឯកភាពចំពោះការបន្ដកិច្ចសហប្រតិបត្តិការលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងបានយល់ឃើញដូចគ្នាថា អ្នកប្រើប្រាស់គ្រឿងញៀន គឺសុទ្ធតែជាជនរងគ្រោះ៕