តុលាការរាជធានីភ្នំពេញបានបង្គាប់ឱ្យឃុំខ្លួនជនជាតិវៀតណាមចំនួន២នាក់ពីបទបើកល្បែងអនឡាញខុសច្បាប់ និង អំពើក្លែងឯកសារ និងប្រើប្រាស់លិខិតក្លែង

ភ្នំពេញ៖ លោក ញឹម ពិសាល ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ បានចេញដីកាចំនួន២ផ្សេងគ្នាដោយបានបង្គាប់ឱ្យឃុំខ្លួនបុរសជនជាតិវៀតណាមចំនួន២នាក់នៅមណ្ឌលអប់រំកែប្រែទី១ “ម១” ។
ជនត្រូវចោទទាំងពីរនាក់នោះទី១ ឈ្មោះ PHAN HUU KHANH ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ បុគ្គលិកធ្វើការអនឡាញ និងទី២ ឈ្មោះ PHAN THANH DAT ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ បុគ្គលិកធ្វើការអនឡាញ ។
ជនត្រូវចោទទាំងពីរនាក់នេះ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ ឆបោក, បើកល្បែងអនឡាញខុសច្បាប់ (កាស៊ីណូអនឡាញ) និង អំពើក្លែងឯកសារ និងប្រើប្រាស់លិខិតក្លែង ប្រព្រឹត្តនៅចំណុចផ្ទះលេខ៧២ ផ្លូវសាន់វាយ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាម បញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៧៨ និងមាត្រា ៦២៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៥ នៃច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង។
សូមរម្លឹកថា ក្នុងក្របខណ្ឌនៃយុទ្ធនាការបង្ក្រាបអំពើ ឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ សមត្ថកិច្ចបានចាត់វិធានការបញ្ជូនមុខសញ្ញា សង្ស័យជាមេខ្លោង និងបក្ខពួករបស់គេចំនួន៧១នាក់ ទៅតុលាការដើម្បីចាត់វិធានការតាម នីតិវិធីច្បាប់ជាធរមាន ខណៈដែលជនបរទេសពាក់ព័ន្ធនឹងការឆបោកអនឡាញសរុបប្រមាណ២៥០០នាក់ត្រូវបាននិរទេស ចេញពីកម្ពុជា។
ជនបរទេសដែលសមត្ថកិច្ចឃាត់ខ្លួន ក្នុងក្របខណ្ឌនៃយុទ្ធនាការបង្ក្រាបអំពើ ឆបោកអនឡាញនាពេលកន្លងមកមាន ជនជាតិចិន កូរ៉េខាងត្បូង ជប៉ុន វៀតណាម ភូមាជាដើម។
រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានដាក់ចេញ យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស ដោយមានការចូលរួមអនុវត្តសកម្មភាពពីក្រសួង ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះនឹងចាត់វិធានការ តាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតចំពោះ មេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធ នឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕