កម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចាប់ដៃគ្នា បន្តជំរុញការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា

កម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចាប់ដៃគ្នា បន្តជំរុញការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយ លោកស្រី Ayako Inagaki នាយិកាជាន់ខ្ពស់ នៃការិយាល័យអភិវឌ្ឍន៍មនុស្ស និងសង្គម នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ដើម្បីធ្វើបច្ចុប្បន្នភាព លើកិច្ចសហប្រតិបត្តិការ ក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។
ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់ពីភាពចាំបាច់ នៃកិច្ចសហការដ៏ស្អិតរមួតរវាង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងការចូលរួមដល់ ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេស ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានលើកពីគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដែលបាននិងកំពុងផ្តល់ជំនាញ ដល់ពលរដ្ឋកម្ពុជា ក៏ដូចជា យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និងជាពិសេស បងប្អូនពលករខ្មែរ ដែលទើបត្រឡប់មកពីថៃ ឱ្យមានជំនាញបច្ចេកទេស ដែលស្របទៅតាមបរិបទទីផ្សារការងារ នាពេលបច្ចុប្បន្ន និងពេលអនាគត ដែលបាននិងកំពុងរក្សាលំនឹង ជីវភាពគ្រួសារ និងការកែប្រែជីវភាព ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត តាមរយៈឱកាសការងារសមរម្យ។
ជាការឆ្លើយតប លោកស្រី Ayako Inagaki នាយិកាជាន់ខ្ពស់ នៃការិយាល័យអភិវឌ្ឍន៍មនុស្ស និងសង្គមនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានថ្លែងអំណរគុណចំពោះ ឯកឧត្តម រដ្ឋមន្ត្រី ចំពោះជំនួប ដែលបានផ្តល់ឱកាស ដល់ភាគីទាំងពីរ អាចពិនិត្យមើលវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការ ដែលភាគីទាំងពីរ បានធ្វើកន្លងមក ដើម្បីនឹងបន្តកំណត់សម្រេច នូវគោលដៅបន្ថែមទៀត ការជំរុញការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។
ទន្ទឹមគ្នានេះ លោកស្រី ក៏បានអបអរសាទរ និងថ្លែងកោតសរសើរ អំពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយសន្យាថា នឹងបន្តបើកទូលាយទទួល នូវរាល់សំណូមពរ និងប្តេជ្ញានឹងចូលរួម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចឱ្យបាន នូវការធ្វើពិពិធកម្មពី សេដ្ឋកិច្ចទីផ្សារអតិពលកម្ម ទៅជាសេដ្ឋកិច្ចទីផ្សារ ដែលផ្អែកលើជំនាញបច្ចេកទេស និងបច្ចេកវិទ្យា៕