ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយ “ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨” និងប្រកាសសមាសភាព

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយ “ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨” និងប្រកាសសមាសភាព
ក្រុមការងារសកម្មភាពជនពិការក្រសួងព័ត៌មាន,
( ភ្នំពេេញ )៖ សិក្ខាសាលាផ្សព្វផ្សាយ “ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨” និងប្រកាសសមាសភាព
ក្រុមការងារសកម្មភាពជនពិការក្រសួងព័ត៌មាន បានប្រារព្ធពិធីបើកនៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នាសាលចតុម្មុខមង្គល ទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានកិត្តិយស ក្រុមការងារសកម្មភាពជនពិការក្រសួងព័ត៌មាន។
អង្គសិក្ខាសាលានាឱកាសនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម វ័ន កុយ អគ្គលេខាធិការរង នៃ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបណ្តាមន្ទីរព័ត៌មាន រាជធានី ខេត្ត ដែលជាក្រុមការងារសកម្មភាពជនពិការក្រសួងព័ត៌មាន។
ឯកឧត្តម គាម ម៉ារិទ្ធីយ៉ា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ សកម្មភាពជនពិការក្រសួងសារព័ត៌មាន បានជម្រាបជូនថា ការរៀបចំសិក្ខាសាលានេះឡើងក្នុងគោលបំណងផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨ និងជំរុញការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានាស្តីពីពិការភាពក្នុងទិសដៅលើកកម្ពស់សិទ្ធិ ការចូលរួមគាំទ្រ ការផ្តល់សេវា អត្ថប្រយោជន៍ផ្សេងៗរបស់ជនមានពិការភាពនៅកម្ពុជា និងជាគោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចបវរ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើវិស័យពិការភាព។
ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ មានគោលបំណងលើកទឹកចិត្តការធ្វើសកម្មភាពទាំងឡាយ ដើម្បីឆ្លើយតបចំពោះសិទ្ធិនិងភាពចម្រុះរបស់កុមារ យុវជន មនុស្សពេញវ័យ និងមនុស្សវ័យចាស់ ដែលមានពិការភាពប្រភេទផ្សេងៗគ្នាមិនថាពិការភាពនោះបណ្តាលមកពីមូលហេតុអ្វីឡើយ ដូចជាវិកលសម្បទាផ្នែករាងកាយ គំហើញ ការស្តាប់ ញាណដឹង សតិបញ្ញា និងចិត្តសង្គម ៕