កម្ពុជារៀបចំទិវាស្តង់ដារពិភពលោក ជាលើកទី១ ជាមួយនឹងការចូលជាសមាជិកពេញសិទ្ធិអង្គការ ISO និងការ ផ្ដោតលើ តួនាទីស្តង់ដារក្នុងការ ជំរុញភាពប្រកួតប្រជែងនៃឧស្សាហកម្មក្នុងស្រុក

ក្រុមប្រឹក្សាស្តង់ដារជាតិ បានរៀបចំទិវាស្តង់ដារពិភពលោក ជា លើកទី១នៅកម្ពុជា ក្រោមប្រធានបទ “ទស្សនវិស័យរួមសម្រាប់ពិភពលោកកាន់តែប្រសើរ៖ ភាពជាដៃគូសម្រាប់ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព” ។

ថ្លែងក្នុងពិធីបើកទិវានេះ ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រុសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាស្តង់ដារជាតិ បានសង្កត់ធ្ងន់ លើតួនាទីស្នូលនៃ ស្ដង់ដារ សម្រាប់ការធ្វើ ពាណិជ្ជកម្មអន្ដរជាតិ ព្រមទាំងការ ពង្រឹងឧស្សាហកម្ម និងសមត្ថភាពផលិតក្នុងស្រុក ។

ឯកឧត្តម បានលើកឡើងថា៖ “សម្រាប់កម្ពុជា ស្តង់ដារមិនមែនគ្រាន់តែជាឯកសារបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែជា ឧបករណ៍គន្លឹះសម្រាប់ភាពប្រកួតប្រជែងរបស់យើង។ តាមរយៈការអភិវឌ្ឍ និងអនុវត្តស្តង់ដារ ផលិតករ ឧស្សាហករ និងសេវាករក្នុងស្រុកអាច កែលម្អគុណភាព និងសុវត្ថិភាពផលិតផល ទទួលបានទំនុកចិត្តពីអ្នកបើ ប្រាស់ ពង្រីកទីផ្សារ ទៅក្នុងតំបន់ និងពិភពលោក ព្រមទាំងអាចកាត់បន្ថយហានិភ័យ និងបង្កើនប្រសិទ្ធភាពនៃខ្សែ ច្រវាក់ផលិតកម្មរបស់ខ្លួន ផងដែរ។”

ការអនុវត្តតាមស្តង់ដារមានសារៈសំខាន់ ជាពិសេស ខណៈដែលកម្ពុជាកំពុងខិតខំពង្រឹងសមត្ថភាពផលិតក្នុង ស្រុក បង្កើនផលិតភាព និងធ្វើពិពិធកម្មខឿនឧស្សាហកម្មរបស់ខ្លួន ទៅជាប្រទេសផលិតផលិតផលដែល មានតម្លៃបន្ថែមខ្ពស់។

គិតត្រឹមខែតុលាឆ្នាំ២០២៥ កម្ពុជាបានអនុម័តស្តង់ដារជាតិចំនួន ១.១៥៣ រួមទាំងស្ដង់ដារថ្មីចំនួន ២១ ដែល ទើបត្រូវបានអនុម័ត ដោយក្រុមប្រឹក្សាស្តង់ដារជាតិកាលពី ខែកញ្ញា ឆ្នាំ២០២៥។

ឯកឧត្តម ហែម វណ្ណឌី បានអំពាវនាវឱ្យម្ចាស់សហគ្រាស ឧស្សាហករ ផលិតករ និងសេវាករ ក្នុងស្រុក ខិតខំ អនុវត្ត និងអនុលោមតាម ស្តង់ដារជាតិ ឬស្ដង់ដារអន្តរជាតិ ក្នុងកម្រិតខ្ពស់តាមដែលអាចធ្វើបាន ។

ឯកឧត្តមបានបន្ថែមថា៖ “ស្ដង់ដារគឺជាមូលដ្ឋាននៃសុវត្ថិភាព ការបង្កើតថ្មី និងការជឿជាក់ របស់អ្នកប្រើប្រាស់។ សូមចាត់ទុកស្តង់ដារដូច ជាលិខិតឆ្លងដែនសម្រាប់ ផលិតផលរបស់យើង ដើម្បី ប្រកួតប្រជែង និង ទទួលបាន ទំនុកចិត្តទាំងនៅទីផ្សារក្នុងស្រុក និង ទីផ្សារអន្តរជាតិ។”

នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ អង្គការស្តង់ដារអន្តរជាតិ (ISO) ទើបបានអនុម័តដំឡើងកម្រិតសមាជិកភាពរបស់ កម្ពុជា ពី “សមាជិកទំនាក់ទំនង” ទៅជា “សមាជិកពេញសិទ្ធិ” នៅក្នុងកិច្ចប្រជុំ មហាសន្និបាត លើកទី៤៧ របស់ ខ្លួននៅប្រទេសរវ៉ាន់ដា ដែលជាវឌ្ឍនភាព ដ៏សំខាន់មួយទៀតសម្រាប់កម្ពុជា ។

ឯកឧត្តម ចាន់ សូផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា បានលើកឡើងថា ក្នុងនាមជាសមាជិកពេញសិទ្ធិ កម្ពុជា មានសិទ្ធិចូលរួមនៅក្នុងគណៈកម្មការបច្ចេកទេសរបស់ អង្គការ ISO ចូលរួមអភិវឌ្ឍស្ដង់ដារពិភពលោក និង ការពារផលប្រយោជន៍ជាតិនៅ លើឆាកអន្តរជាតិ ក្នុងវិស័យស្តង់ដារ។

ឯកឧត្តមបានលើកឡើងថា៖ “ការដំឡើងកម្រិតសមាជិកភាព នេះអនុញ្ញាតឱ្យកម្ពុជាមានសំឡេងក្នុងការ អភិវឌ្ឍ ស្ដង់ដារអន្តរជាតិដែល ផ្តល់ផលដល់ឧស្សាហកម្ម និងពាណិជ្ជកម្មរបស់យើង ហើយក៏ជាការបើកឱកាសដ៏សំខាន់ សម្រាប់ទាំងវិស័យសាធារណៈ និងឯកជន ក្នុងការសហការអភិវឌ្ឍស្តង់ដារ ដែលផ្តោតលើអាទិភាពជាតិរបស់កម្ពុជា ផងដែរ។”

ទិវាស្តង់ ដារពិភពលោក នេះមានការចូលរួមពីថ្នាក់ដឹកនាំ និង សមាជិកនៃក្រុមប្រឹក្សាស្តង់ដារជាតិ គណៈកម្មការ បច្ចេកទេស តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និង អន្តរជាតិ ដែលបង្ហាញ ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការ ប្រើប្រាស់ ស្តង់ដារ ដើម្បីលើកកម្ពស់ គុណភាព សុវត្ថិភាព និងកំណើនឧស្សាហកម្មប្រកបដោយចីរភាព ៕