ក្រសួងបរិស្ថាន ប្រគល់ធុងសំរាមចំនួន ៨២៨ ធុង ដល់ខេត្តព្រះសីហនុ ដើម្បីជំរុញយុទ្ធនាការបរិស្ថានស្អាត និងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន

ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ នៅមន្ទីរបរិស្ថានខេត្តព្រះសីហនុ បានប្រារព្ធពិធីប្រគល់-ទទួលធុងសំរាមដែលជាអំណោយពីក្រសួងបរិស្ថាន តំណាងដោយ ឯកឧត្តមបណ្ឌិត សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ឡុង ឌីម៉ង់ អភិបាល រងខេត្ត តំណាងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និង ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងថ្នាក់ដឹកនាំ មន្ទីរពាក់ព័ន្ធជាច្រើនរូបទៀត។
លោក ឡុង ឌីម៉ង់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងបរិស្ថាន និងថ្នាក់ ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានផ្តួចផ្តើមយុទ្ធនាការផ្តល់ធុងសំរាមនេះជូនដល់ខេត្តព្រះសីហនុ សម្រាប់ផ្តល់បន្តទៅកាន់ទីតាំងសាធារណៈសំខាន់ៗដូចជា វត្តអារាម សាលា រៀន និងមណ្ឌលសុខភាព។
លោកបានបញ្ជាក់ថា អំណោយនេះគឺជាការលើកទឹកចិត្តដល់រដ្ឋបាលក្រុង/ស្រុក ក្នុងការជំរុញភាពស្អាតនិងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនឲ្យបានត្រឹមត្រូវ។ ខេត្តព្រះសីហនុជាខេត្តមានសក្តានុពលសេដ្ឋកិច្ចសំខាន់ៗដូចជា ឧស្សាហកម្ម កសិឧស្សាហកម្ម និងទេសចរណ៍ ដោយយោងលើការរីក ចម្រើនយ៉ាងឆាប់រហ័សនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសំណង់នានា ស្របពេលជាមួយកំណើនប្រជាជន បាននាំមកនូវបញ្ហាប្រឈមមួយចំនួន ដូចជាសណ្ដាប់ធ្នាប់ អនាម័យ និងសំរាម។
លោក បានលើកឡើងថា បរិមាណសំរាមនៅទីលានចាក់សំរាមអូតាសេក បានកើនឡើងយ៉ាងគំហុកពី ៣៥០តោន ក្នុងមួយថ្ងៃនៅឆ្នាំ២០២១ ដល់ ៨៥០តោន ក្នុងមួយថ្ងៃនៅឆ្នាំ២០២៥។ នេះគឺជាការទាមទារឱ្យអាជ្ញាធរមូលដ្ឋានមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រងសំណល់រឹងនេះ។ លោកជឿជាក់ថា យុទ្ធនាការផ្តល់ធុងសំរាមនេះ គឺជាការបោះជំហានទៅមុខមួយឆ្ពោះទៅកាន់ការរស់នៅបែបស៊ីវិល័យរបស់ប្រជាជនកម្ពុជា។
ឯកឧត្តមបណ្ឌិត សាបូ អូហ្សាណូ បានថ្លែងថា ការផ្តល់ធុងសំរាមនេះ គឺដើម្បីជំរុញឲ្យប្រជាពលរដ្ឋ ជាពិសេស កូនក្មួយតាមសាលា រៀន មណ្ឌលសុខភាព និងវត្តអារាម យល់ដឹងពីការចូលរួមថែរក្សា និងទុកដាក់សំរាម-កាក សំណល់ឲ្យបានត្រឹមត្រូវ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីងាយស្រួលក្នុងការ គ្រប់គ្រងសំណល់រឹង និងការដឹកជញ្ជូនទៅទីលានចាក់សំរាម។
ឯកឧត្តមបានបន្ថែមថា ក្រសួងកំពុងខិតខំដាក់ចេញយុទ្ធសាស្ត្រ និងផ្គត់ផ្គង់សម្ភារបរិស្ថាន ហេតុនេះអាជ្ញាធរខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាអនុវត្តដើម្បីសម្រេចគោលដៅ។ទាក់ទងនឹងយុទ្ធនាការកាត់បន្ថយប្លាស្ទិកនៅតាមផ្លូវជាតិ ក្រសួងបានដាក់ចេញផែនការអនុវត្តទូទាំងប្រទេសក្នុងឆមាសទី១ ឆ្នាំ២០២៦ ហើយបច្ចុប្បន្នផ្លូវជាតិជាច្រើនបានចាប់ផ្តើមស្អាតបណ្តើរៗហើយ។
សូមជម្រាបថា ធុងសំរាមដែលក្រសួង បរិស្ថានបានប្រគល់ជូនថ្ងៃនេះ សម្រាប់ផ្តល់បន្តទៅដល់មណ្ឌលសុខភាព ចំនួន ១៦ មណ្ឌល សាលារៀនចំនួន ២១៥ សាលា វត្តអារាម ចំនួន ៤៥ វត្ត សរុប ១៧៦ ទីតាំងចំនួនធុងសរុប ៨២៨ ធុង (ដោយក្នុង ១ ទីតាំងទទួលបានធុងសំរាម ៣)៕