ភ្នំពេញ ៖ ពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥ ក្រោមមូលបទ «អាស់សាឡាមូអាឡៃគុមកម្ពុជា៖ គោលដៅប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងទំនុកចិត្ត» ក្នុងគោលបំណង៖ ១. សូមស្វាគមន៍មកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលជាគោលដៅទេសចរណ៍ ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងទំនុកចិត្តសម្រាប់ទេសចរគ្រប់ជាតិសាសន៍មកពីគ្រប់ទិសទី។
២. ដើម្បីបង្ហាញពីភាពសម្បូរបែបនៃសក្តានុពលទេសចរណ៍កម្ពុជា ដែលសមស្របជាមួយទីផ្សារទេសចរណ៍មូស្លីម និងស្តង់ដាមូស្លីមហ្វ្រេនលីកម្ពុជា និង ៣. ការត្រៀមលក្ខណៈសម្បត្តិក្នុងការទទួលបដិសណ្ឋារកិច្ចទេសចរមូស្លីម ឱ្យស្របតាមនិន្នាការ និងតម្រូវការទីផ្សារទេសចរណ៍មូស្លីមជាតិ-អន្តរជាតិ ប្រកបដោយបរិយាបន្ន និងនវានុវត្តន។
លោក កាទើ មហាំម៉ាត់ណោសស្រ៊ី បានឱ្យដឹងថា ក្នុងរយៈពេល ៣ថ្ងៃនេះ សាធារណជនជាច្រើន បានមកចូលរួមគាំទ្រ និងបានទស្សនាតាមស្តង់នានា ព្រមទាំងបានទស្សនាការសម្តែងសិល្បៈចម្រុះផងដែរ លោក បានឱ្យដឹងបន្ថែមថា ដោយទទួលបានការគាំទ្រច្រើន ក្រសួងទេសចរណ៍ គ្រោងនឹងរៀបចំវេទិកា និងពិព័រណ័ទេសចរណ៍មូស្លីមកម្ពុជាឆ្នាំ២០២៦ ឱ្យកាន់តែធំជាងនេះទៀត ដើម្បីទាក់ទាញទេសចរណ៍មូស្លីម មកទស្សនាកម្ពុជាកាន់តែច្រើន។
ក្រសួងទេសចរណ៍ បានកំពុងអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍មូស្លីមដើម្បីជំរុញកំណើនភ្ញៀវទេសចរមូស្លីមមកកាន់ព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែច្រើន ខណៈដែលបច្ចុប្បន្ន កម្ពុជា មានជើងហោះហើរច្រើនជាមួយបណ្តាប្រទេសឥស្លាម ហើយនឹងមានជើងហោះហើរថ្មីៗបន្ថែមទៀត ដែលជាកាលានុវត្តភាពក្នុងការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ជាគោលដៅទេសចរណ៍មូស្លីម។ សូមបញ្ជាក់ថា វេទិកា និងពិព័រណ័ទេសចរណ៍មូស្លីមកម្ពុជាឆ្នាំ២០២៥ បានបិទបញ្ចប់កាលពីល្ងាចថ្ងៃទី១១ ខែតុលា បន្ទាប់ពីបានដំណើការអស់រយៈពេល ៣ថ្ងៃ នៅសាលមហាស្រពកោះពេជ្រ មានការចូលរួមគាំទ្រទស្សនាការតាំផលិតផលរបស់ខ្មែរឥស្លាម យ៉ាងច្រើនពីសាធារណជន៕