ក្រសួងបរិស្ថានផ្តល់ធុងសំរាម ជាង២ពាន់ធុង ដល់រដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ចែកជូន តាមមូលដ្ឋាន

ភ្នំពេញ ៖ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការ តំណាង ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ បានប្រគល់ធុងសំរាម ចំនួន២,៤៥៤ធុង  ជូនដល់រដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ចែកជូនដល់រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីចូលរួមជំរុញចលនាយុទ្ធនាការ កម្ពុជាស្អាតខ្មែរធ្វើបាន និងផ្លូវជាតិគ្មានសំរាមប្លាស្ទិក។

ពិធីប្រគល់-ទទួលធុងសំរាមខាងលើនេះ ត្រូវបានរៀបចំឡើង នៅបរិវេណសាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី ឯកឧត្តម ហេង សុភាណា អភិបាលរងនៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់, ឯកឧត្តម អេង រស្មី ប្រធានមន្ទីរបរិស្ថានខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

គួរបញ្ជាក់ថា ដើម្បីគាំទ្រដល់ក្រុង ស្រុក ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ, ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានរៀបចំធុងដាក់សំរាម ផ្តល់ជូនដល់រដ្ឋបាលក្រុង ស្រុក សម្រាប់ចែកជូនដល់គ្រប់គ្រឹះស្ថានសិក្សា មូលដ្ឋានសុខាភិបាល វត្តអារាម រដ្ឋបាលឃុំ សង្កាត់ទូទាំងខេត្តពោធិ៍សាត់ និងជាបន្តបន្ទាប់ទៅកាន់មូលដ្ឋានស្រុក ក្រុង ឃុំ សង្កាត់ នៃបណ្តាខេត្តនានា ទូទាំងប្រទេស៕