និយ័តករធានារ៉ាប់រងកម្ពុជា រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការធានារ៉ាប់រងជាកាតព្វកិច្ច” នៅខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការធានារ៉ាប់រងជាកាតព្វកិច្ច» ជូនដល់តំណាងមន្ទីរ/ស្ថាប័នពាក់ព័ន្ធនានាជុំវិញខេត្ត គ្រឹះស្ថានឯកជន សមាគម ប្រតិបត្តិករវិស័យដឹកជញ្ជូន និងសាធារណជន ក្នុងខេត្តពោធិ៍សាត់។

សិក្ខាសាលាផ្សព្វផ្សាយនេះ បានរៀបចំឡើងក្រោមអធិបតីភាពរបស់លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនៃ ន.ធ.ក. សមាជិកក្រុមការងារអន្តរក្រសួង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃ ន.ធ.ក. និង លោក ហៀម ឃួន អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់។

គោលបំណងនៃសិក្ខាសាលា គឺដើម្បីលើកកម្ពស់ចំណេះដឹង អំពីការធានារ៉ាប់រងជាកាតព្វកិច្ចជូន ម្ចាស់អាជីវកម្មដឹកជញ្ជូនទំនិញ ដឹកជញ្ជូនអ្នកដំណើរ និងម្ចាស់ក្រុមហ៊ុនសាងសង់ ព្រមទាំងសហគ្រាស សិប្បកម្មនិងរោងចក្រក្នុងមូលដ្ឋានខេត្តពោធិ៍សាត់៕