កម្ពុជា ចាប់ផ្តើមធ្វើម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ានលើកទី៤៧

នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ានលើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលពិធីនេះប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ។

ពិធីបើកកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ានលើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ មានការអញ្ជើញចូលរួមពីប្រទេសជាសមាជិកអាស៊ាន, ប្រទេសទីម័រឡេស្តេ ជាអ្នកសង្កេតការណ៍, នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្របសម្រួលជំនួយមនុស្សធម៌(AHA Center), មន្ត្រីជាន់ខ្ពស់មកពីស្ថាប័នពាក់ព័ន្ធតាមវិស័យអាស៊ាន និងដៃគូអភិវឌ្ឍន៍។

ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងតួនាទីជាប្រធានគណៈកម្មាធិការអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ, ឯកឧត្តម គីម វីរៈ បានសម្តែងសេចក្តីសោមនស្សរីករាយ ក្នុងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានប្រទេសជាសមាជិកអាស៊ាន, តំណាងលេខាធិការអាស៊ាន, និងប្រទេសទីម័រឡេស្តេ ជាអ្នកសង្កេតការណ៍ ដែលបានចូលរួមក្នុងកិចប្រប្រជុំលើកទី៤៧ នៃគណៈកម្មាធិការអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនេះបង្ហាញការបន្តប្តេជ្ញាចិត្ត លើកិច្ចសហប្រតិបត្តិការ និងការរួមចំណែកដ៏មានតម្លៃក្នុងការជំរុញរបៀបវារៈគ្រប់គ្រងគ្រោះមហន្តរាយរួមរបស់អាស៊ានក្នុងឆ្នាំនេះ។

ឯកឧត្តម គីម វីរៈ ថ្លែងថាថា ខណៈពេលដែលតំបន់អាស៊ាននៅតែបន្តប្រឈមមុខនឹងហានិភ័យកាន់តែស្មុគស្មាញ និងគ្រោះគ្រោះថ្នាក់ដែលទាក់ទងនឹងអាកាសធាតុ ព្រមទាំងការរំខានផ្នែកបច្ចេកវិទ្យា និងផ្នែកសុខភាពសាធារណៈ ដូចនេះ ភាពធ្ងន់ធ្ងរនៃគ្រោះមហន្តរាយទាមទារឱ្យមានការខិតខំប្រឹងប្រែងរក្សាស្ថិរភាព និងឯកភាព ក្រោមគោលការណ៍ “អាស៊ានតែមួយ ការឆ្លើយតបតែមួយ”។

ឯកឧត្តម ថ្លែងទៀតថា កិច្ចប្រជុំនេះជាវេវេទិកាដ៏មានតម្លៃមួយ ដើម្បីពិនិត្យមើលវឌ្ឍនភាពសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់, ការផ្តល់ហិរញ្ញប្បទាន, សកម្មភាពរំពឹងទុក និងការរួមបញ្ចូលវិទ្យាសាស្ត្រ ទិន្នន័យ និងបច្ចេកវិទ្យានៅគ្រប់កម្រិតនៃការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ។

ឯកឧត្តម មានប្រសាសន៍ថា ក្រោមកិច្ចព្រមព្រៀងអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបជាបន្ទាន់ (AADMER) និងកម្មវិធីការងារជាបន្តបន្ទាប់ អាស៊ានមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការពង្រឹងយន្តការត្រៀម, ការឆ្លើយតប និងស្តារឡើងវិញ។

ក្នុងនាមជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន ឆ្នាំ២០២៥ ឯកឧត្តម បញ្ជាក់ថា កម្ពុជាប្តេជ្ញាចិត្តឥតងាករេ ក្នុងការពង្រឹងសាមគ្គីភាព ការសម្របសម្រួល និងការទទួលខុសត្រូវរួមនៅទូទាំងរដ្ឋសមាជិកអាស៊ានទាំងអស់ ជាពិសេសសង្គ្រោះជីវិត និងការពារមនុស្សដោយមិនគិតពីមូលហេតុនៃគ្រោះមហន្តរាយ។

ជាចុងក្រោយ ឯកឧត្តម សង្ឃឹមថា ក្រោយកិច្ចប្រជុំសមាជិកអាស៊ាន និងដៃគូទាំងអស់ បន្តធ្វើការជាមួយគ្នា ដើម្បីធានាថាសហគមន៍អាស៊ាន ជាពិសេសអ្នកដែលងាយរងគ្រោះបំផុត មានសុវត្ថិភាពជាងមុន មានភាពធន់ជាងមុន និងរៀបចំបានប្រសើរជាងមុនសម្រាប់បញ្ហាប្រឈមគ្រោះមហន្តរាយនានា នាពេលខាងមុខ៕