តារាចម្រៀងកម្ពុជា កញ្ញា ប៉ាច គីមមួយ នឹងចូលរួមសម្តែងក្នុងការប្រគំតន្ត្រីមិត្តភាពអាស៊ានឆ្នាំ២០២៥ ជាមួយសិល្បករ សិល្បការិនី ៩រូប មកពីប្រទេសក្នុងអាស៊ីអាគ្នេយ៍ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី១៨ ខែតុលា ខាងមុខនេះ

ក្រៅពី កញ្ញា ប៉ាច់ គីមមួយ ជាសិល្បការិនីផ្នែកចម្រៀងសម័យតំណាងឲ្យកម្ពុជា នឹងមានសិល្បករ សិល្បការិនីផ្សេងទៀតរួមមានដូចជា អ្នកនាង Aina Abdul (ម៉ាឡេស៊ី), លោក Imran Ajmain (សិង្ហបុរី), អ្នកនាង Bianca Camille Lopez Aguila (ហ្វីលីពីន), អ្នកនាង Dila Junaidi (ប្រ៊ុយណេ), លោក Peter Holly (ឥណ្ឌូនេស៊ី), អ្នកនាង Jewel (មីយ៉ាន់ម៉ា) កញ្ញា Thinlamphone (ឡាវ) និងកញ្ញា Velentina Ploy (ថៃ) នឹងត្រូវសម្តែងរួមគ្នានៅលើឆាកដ៏អស្ចារ្យនៃការប្រគំតន្រ្តីមិត្តភាពអាស៊ាន ឆ្នាំ២០២៥ នៅមហោស្រព Seri Angkasa នាទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ផ្សាយផ្ទាល់នៅវេលាម៉ោង ៨:៣០នាទីយប់ (ម៉ោងនៅម៉ាឡេស៊ី) ត្រូវនឹងម៉ោង ៧:៣០នាទីយប់ (ម៉ោងនៅកម្ពុជា) ។
ព្រឹត្តិការណ៍ប្រគុំតន្ត្រីនេះ នឹងប្រារព្ធធ្វើឡើងក្រោមប្រធានបទ “ទំនុកភ្លេងតែមួយ ចង្វាក់ភ្លេងនៃមិត្តភាព” ត្រូវបានរៀបចំឡើងដោយ សហភាពសហព័ន្ធផ្សព្វផ្សាយអាស៊ីប៉ាស៊ីហ្វិក (ABU) សហការជាមួយក្រសួងទំនាក់ទំនង និងក្រសួងការបរទេសម៉ាឡេស៊ី។ ព្រឹត្តិការណ៍នេះ ដឹកនាំផលិត និងផ្សាយផ្ទាល់ដោយស្ថានីយ៍វិទ្យុ និងទូរទស្សន៍ម៉ាឡេស៊ី នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ នាពេលខាងមុខនេះ និងចែកផ្សាយទៅតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់ ជាការពាំនាំសារដ៏មានសារៈសំខាន់ និងមានឥទ្ធិពល បង្ហាញអំពីមិត្តភាព សន្តិភាព និងសាមគ្គីភាពនៃប្រជាជនក្នុងតំបន់អាស៊ានទៅកាន់ពិភពលោក។ ការប្រគំតន្រ្តីដ៏ធំក្នុងតំបន់នេះ នឹងមានវត្តមានចូលរួមទស្សនាពីសំណាក់ នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី តំណាងនៃអគ្គលេខាធិការដ្ឋានអាស៊ាន រដ្ឋមន្រ្តី និងឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសជាសមាជិក និងប្រទេសទីម័រជាអ្នកសង្កេតការណ៍។
ព្រឹត្តិការណ៍នេះ នឹងបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ និងការរួបរួមគ្នានៅក្នុងតំបន់អាស៊ាន ដោយមានការចូលរួមសម្តែងដោយសិល្បករចំនួន ១០ រូបតំណាងឱ្យប្រទេសជាសមាជិកអាស៊ាន អមដោយការប្រគំតន្រ្តីពីក្រុម Orkestra RTM — វង់ភ្លេងជាតិដ៏ចំណាស់មួយរបស់ប្រទេសម៉ាឡេស៊ី។
តាមរយៈការដឹកនាំដោយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មានកញ្ញា ប៉ាច គីមមួយ តារាចម្រៀងវ័យក្មេងរបស់កម្ពុជា បានសម្តែងនូវក្តីរំភើប និងបានប្តេជ្ញាថា នឹងសម្តែងឲ្យបានល្អនៅលើឆាកអន្តរជាតិ ដោយនាំយកនូវបទចម្រៀងដែលជាស្នាដៃតែងនិពន្ធថ្មី បង្កប់នូវអត្ថន័យផ្សព្វផ្សាយអំពីកម្ពុជាទៅកាន់ពិភពលោក។
ក្នុងដំណើរទៅចូលរួមព្រឹត្តិការណ៍ប្រគំតន្រ្តីមិត្តភាពអាស៊ាន ឆ្នាំ២០២៥ ខាងលើនេះ ក៏មានការជួយសហការណ៍ឧបត្ថម្ភពីទឹកពិសាប្រណិត វី-អាកទីវ ផងដែរ។