គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ដឹកនាំដោយ សម្តេចរដ្ឋសភា ធិបតី ឃួន សុដារី បានអញ្ជើញដល់ទីក្រុងប៉េកំាងនៃសាធារ ណរដ្ឋប្រជាមានិតចិន ដោយសុវត្ថិភាពក្នុងការចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ដល់ទីក្រុងប៉េកំាង នៃសាធារណរដ្ឋប្រជាមានិតចិន ដោយសុខសុវត្ថភាព ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី ដែលនឹងប្រព្រឹត្តិទៅពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៥ នេះ។
អញ្ជើញទទួលដំណើរអញ្ជើញដល់របស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៅអាកាសយានអន្តរជាតិនាទីក្រុងប៉េកំាង មានថ្នាក់ដឹកនាំជាន់ខ្ពស់សភាតំណាងប្រជាជនចិនទូទំាងប្រទេស និងលោកជំទាវបណ្ឌិត សឿង រដ្ឋចាវី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងសហការី។

នៅព្រលាយន្តហោះអន្តរជាតិទីក្រុងប៉េកាំង លោកស្រី ហ៊ូ វិន (Hun Wen) អគ្គនាយករងកិច្ចការបរទេស នៃសភាតំណាងប្រជាជនចិនបានសម្តែងនូវកិច្ចស្វាគមន៌យ៉ាងរាក់ទាក់កក់ក្តៅជាទីបំផុតចំពោះសម្តេចប្រធាន និងបានវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់សម្តេចប្រធានក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលស្រ្តី ថាពិតជាមានសារៈ និងមានតម្លៃធំធេង។ លោកជំទាវក៏បានជម្រាបជូនសម្តេចប្រធានអំពីកម្មវិធីសំខាន់នានាដែលសភាតំណាងប្រជាជនចិនបានរៀបចំជូន ជូនសម្តេចរដ្ឋសភាធិបតី ក្នុងនោះមានការអញ្ជើញថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលស្តីពីស្រ្តី ជំនួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ចាវ ឡឹជី (Zhao Leji) ប្រធានសភាតំណាងប្រជាជនចិន និងការធ្វើបទសម្ភាសន៌ជាមួយទស្សនាវដ្តីសភាតំណាងប្រជាជនចិន ជាដើម។
ក្នុងឱកាសនោះដែរសម្តេចរដ្ឋសភាធិបតី បានសម្តែងនូវការអរគុណចំពោះលោកជំទាវ ហ៊ូ វិន និងសហការីតំណាងឱ្យសភាតំណាងប្រជាជនចិនដែលបានអញ្ជើញមកទទួលស្វាគមន៌ និងបានរៀបចំកម្មវិធីយ៉ាងល្អ និងហ្មត់ចត់ជូនគណៈប្រតិភូរដ្ឋសភាកម្ពុជា។ សម្តេចរដ្ឋសភាធិបតីបានជម្រាបជូនលោកជំទាវ ហ៊ូ វិន ថា នៅពេលណាក៏ដោយ នៅពេលដែលសម្តេចបានមកប្រទេសចិន គឺតែងមានអារម្មណ៍ថា ដូចបានមកលេងផ្ទះបងប្អូន អញ្ចឹងដែរ ព្រោះប្រទេសយើងទាំងពីរមានប្រវត្តិទំនាក់ទំនង និងចំណងមិត្តជាយូរលង់ ហើយទំនាក់ទំនងបានបន្តថែរក្សា និងពូនជ្រំដោយថ្នាក់ដឹកនាំគ្រប់ជំនាន់។ សម្តេចរដ្ឋសភាធិបតីបានជម្រានជូនលោកជំទាវ ថា សម្តេចធ្លាប់បានមកចូលរួមកិច្ចប្រជុំមេដឹកនាំកំពូលស្រ្តី លើកទី៤ នាឆ្នាំ១៩៩៥ ដែលនោះកិច្ចប្រជុំ បានអនុម័តនូវសេចក្តីប្រកាស និងផែនការសកម្មភាពទីក្រុងប៉េកាំង (Beijing Declaration and Platform of Action) ដែលឯកសារនេះបានប្រើជាឯកសារគោលសកល ក្នុងការជំរុញឱ្យមានការកែទម្រង់ និងបានធ្វើឱ្យសមភាពយេនឌ័រ ក្លាយជាតម្លៃសកល និងអាទិភាព។

សូមជម្រាបថា កិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី គឺជាការជួបជុំថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិនិងដៃគូអភិវឌ្ឍន៍នានា ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដើម្បីពិនិត្យវឌ្ឍនភាពនៃសេចក្តីថ្លែងការណ៍ទីក្រុងប៉េកំាង ឆ្នាំ១៩៩៥ ដែលជាមូលដ្ឋានគ្រឹះ និងប្រព័ន្ធស្តង់ដារជាសកលសម្រាប់ជំរុញសមភាពយេនឌ័រ បង្កើនភាពអង់អាចដល់ស្រ្តី និងការពារសិទ្ធិរបស់ស្រ្តី និងក្មេងស្រ្តីទូទំាងពិភពលោក។
កិច្ចប្រជុំដ៏សំខាន់នៅឆ្នាំនេះប្រារព្ធធ្វើឡើងក្រោមមូលបទស្តីពី “អនាគតរួមគ្នាតែមួយ៖ ដំណើរការថ្មី និងលឿនសម្រាប់ការអភិវឌ្ឍស្ត្រីលើគ្រប់វិស័យ” ក៏ដូចជាការពង្រឹងការគំាទ្រ និងបន្តការប្តេជ្ញាចិត្តជាថ្មី ផ្នែកនយោបាយនៅកម្រិតខ្ពស់បំផុតសម្រាប់ការអនុវត្តពេញលេញប្រកបដោយប្រសិទ្ធភាព និងពន្លឿនការអនុវត្ត ការសម្រេចឱ្យបានសមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្រ្តី និងក្មេងស្រី និងគោលដៅជាក់លាក់ស្តីពីយេនឌ័រ នៃរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព វិបុលភាព និងបរិយាបន្ន៕