ការចូលរួមគ្រប់ផ្នែកពាក់ព័ន្ធនៃវិស័យទេសចរណ៍បានធ្វើឱ្យកំណើនភ្ញៀវទេសចរមានការកើនឡើងជាលំដាប់

ថ្លែងក្នុងទិវាទេសចរណ៍ពិភពលោក លើកទី៤៥ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ទេសចរណ៍ និងបរិវត្តកម្មប្រកបដោយចីរភាព” នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ដែលធ្វើឡើងនៅបរិវេណឆ្នេរព្រែកំពង់បាយ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា វិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលគិតគូរ និងយកចិត្តទុកដាក់ ហើយបានជំរុញឱ្យមានការអភិវឌ្ឍជាបន្តបន្ទាប់ក្នុងន័យដើម្បីរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ជាក់ស្តែងសមិទ្ធិផលដែលយើងទទួលបានពីវិស័យទេសចរណ៍ក្នុងខេត្ត គឺផ្តើមចេញពីការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ពិសេសវិស័យឯកជនដែលមានដូជា ម្ចាស់សណ្ឋាគារ បឹងហ្គាឡូ ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន និងអ្នកផ្តល់សេវាកម្មផ្នែកទេសចរណ៍ទាំងអស់នៅទូទាំងខេត្ត ដែលបានរួមសហការជាមួយរដ្ឋបាលខេត្ត និងមន្ទីរជំនាញ ក្នុងការអនុវត្តនូវគោលការណ៍រួមពាក់ព័ន្ធនឹងការមិនតម្លើងថ្លៃសេវាកម្មទោះស្ថិតក្នុងកាលៈទេសណាក៏ដោយ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ដោយសារការួមគ្នាអនុវត្តន៍នូវគោលការណ៍រួមនេះហើយ ទើបធ្វើឱ្យខេត្តមានកំណើនភ្ញៀវទេសចរកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយបានជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាប្រតិបត្តិករទេសចរណ៍ទាំងអស់ មិនតែប៉ុណ្ណោះបានធ្វើឱ្យខេត្តមានឈ្មោះល្បាញល្បីលើវិស័យទេសចរណ៍នេះ។ ឯកឧត្តមអភិបាលខេត្តក៏បានស្នើដល់ សេវករ និងអ្នកផ្តល់សេវាផ្នែកទេសចរណ៍ក្នុងខេត្តទាំងអស់ សូមបន្តរក្សាឱ្យបាននូវភាពថ្លៃថ្នូរ ភាពជាម្ចាស់ និងធ្វើការងារបដិសណ្ឋារកិច្ចឱ្យបានល្អបន្តទៀតដើម្បីផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសរជាតិ អន្តរជាតិដែលមកលេងកម្សាន្តក្នុងខេត្ត ព្រមទាំងរួមគ្នាធ្វើឱ្យខេត្តកំពតមានភាពទាក់ទាញ និងទទួលបានប្រជាប្រិយភាពជាខេត្តទេសចរណ៍មានបដិសណ្ឋារកិច្ចល្អ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា ការប្រារព្ធទិវាទេសចរណ៍ពិភពលោក លើកទី៤៥ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ទេសចរណ៍ និងបរិវត្តកម្មប្រកបដោយចីរភាព” នាពេលនេះ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយអំពីសក្ដានុពលទេសចរណ៍ខេត្តកំពត ដល់ភ្ញៀវជាតិ អន្តរជាតិដោយផ្ទាល់ និងតាមគ្រប់មធ្យោបាយប្រពន្ធផ្សព្វផ្សាយសង្គម។ លោកប្រធានមន្ទីរបានបន្តថា ខេត្តកំពតក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន ជាអភិបាលខេត្ត សមិទ្ធិផលទេសចរណ៍ឯកថ្មីៗដែលទាក់ទាញបំផុតបានលេចចេញជារូបរាងជាបន្តបន្ទាប់ ហើយបានធ្វើឱ្យកំណើនភ្ញៀវទេសចរមានការកើនឡើងជាលំដាប់។ ជាក់ស្តែង រយៈពេល៩ខែឆ្នាំ២០២៥នេះ ខេត្តទទួលបានភ្ញៀវទេសចរសរុបចំនួន ១,៩១៦,៧៩៤នាក់ មានការកើនឡើង ០,៥២% បើប្រៀបធៀបនឹង៩ខែ ឆ្នាំ២០២៤  ក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួន ១,៨១៣,៣៦១នាក់  និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ១០៣,៤៣៣នាក់  មានការកើនឡើង ២៥,០១% បើប្រៀបធៀបនឹង៩ខែ ឆ្នាំ២០២៤។

សូមបញ្ជាក់ថា ខេត្តកំពតមានរមណីយដ្ឋាន សហគមន៍ និងគោលដៅទាក់ទាញទេសចរណ៍សរុបចំនួន ៤២កន្លែង កំពុងដំណើរការផ្តល់សេវាកម្ម ព្រមទាំងសេវាកម្មស្នាក់នៅគ្រប់កម្រិតមានចំនួន ៣៤២កន្លែង ស្មើនឹង ៥,១០៣បន្ទប់៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត