ឥតស្រាកស្រាន្ត! បន្ទាប់ពីរងគ្រោះរញ្ជួយដីកម្រិត៦.៩រ៉ិចទ័រកាល ពីសប្តាហ៍មុនហើយ! នាព្រឹកថ្ងៃសុក្រនេះហ្វីលីពីនរងគ្រោះរញ្ជួយដី កម្រិតខ្លាំង ៧.៦រ៉ិចទ័របន្ថែមទៀតនិងគំរាមកំហែងពីរលក យក្សស៊ូណាមិ

គ្រោះរញ្ជួយដីកម្រិត ៧.៦ រ៉ិចទ័រ វាយប្រហារលើខេត្តភាគខាងត្បូងហ្វីលីពីននាព្រឹកព្រលឹមថ្ងៃសុក្រនេះក្នុងកម្រិតខ្ពស់ជាងមុន។ មន្ត្រីបានបញ្ជាឱ្យអ្នកភូមិជម្លៀសខ្លួនចេញពីខេត្តក្បែរៗខាងមាត់សមុទ្រ ដោយសារមានការព្រមានពីរលកយក្សស៊ូណាមិ ដែលនេះជាអ្វីដែលវិទ្យាស្ថាន Volcanology and Seismology ហ្វីលីពីន បាននិយាយ និងបញ្ជាក់ថានឹងមានការខូចខាត ពីគ្រោះរញ្ជួយដីនេះច្រើនជាងមុន ដែលវាស្ថិតនៅកណ្តាលសមុទ្រប្រហែលជា៦២គីឡូម៉ែត្រនាភាគអាគ្នេយ៍នៃទីក្រុង Manay ក្នុងខេត្ត Davao Oriental ហើយបណ្តាលមកពីចលនារំញ័រខ្លាំងថែមទៀតផង។ មជ្ឈមណ្ឌលរលកយក្សស៊ូណាមិប៉ាស៊ីហ្វិកប្រចាំនៅទីក្រុង Honolulu បាននិយាយថា រលកគ្រោះថ្នាក់អាចកើតមានក្នុងចម្ងាយ ៣០០គីឡូម៉ែត្រ នៃចំណុចកណ្តាលរញ្ជួយ។ ពួកគេបាននិយាយថារលកយក្សនោះអាចមានកំពស់រហូតដល់ទៅ៣ម៉ែត្រ ពីលើជំនោរទឹកធម្មតាដែលវាអាចធ្វើឲ្យចលនាទឹកសមុទ្របោកបក់ខ្លាំងលើឆ្នេរសមុទ្រហ្វីលីពីនមួយចំនួន ហើយរលកតូចៗអាចកើតមាននៅក្នុងប្រទេសឥណ្ឌូនេស៊ី និងកោះប៉ាលូ។ ប្រទេសហ្វីលីពីនមិនទាន់រសាយភាពភ័យខ្លាចពីគ្រោះរញ្ជួយដីកាលពីថ្ងៃទី ៣០ ខែកញ្ញា ដែលមានកម្រិត ៦,៩ រិចទ័រ ផងស្រាប់តែពេលនេះមកបន្ថែមទៀតជាមួយកម្រិតខ្លាំងជាងមុន ដែលការរញ្ជួយលើកមុនបណ្តាលឲ្យមានមនុស្ស៧៤នាក់ស្លាប់ និងរាប់ពាន់នាក់បានជម្លៀសចេញពីខេត្ត Cebu ភាគកណ្តាល ជាពិសេសទីក្រុង Bogo និងទីក្រុងជិតខាង។ ហ្វីលីពីនជាប្រទេសមួយក្នុងចំនោមប្រទេសដែលងាយរងគ្រោះនឹងគ្រោះមហន្តរាយបំផុត ហើយហ្វីលីពីនតែងតែរងការវាយប្រហារដោយការរញ្ជួយដី និងបំផ្ទុះភ្នំភ្លើង ដោយសារតែទីតាំងនៃប្រទេសនេះស្ថិតនៅលើអក្សនៃមហាសមុទ្រប៉ាស៊ីហ្វិក ឬ “Ring of Fire” ដែលជាធ្នូនៃខ្សែរញ្ជួយដីជុំវិញមហាសមុទ្រតែម្តង។ ប្រទេសប្រជុំកោះរាប់ពាន់មួយនេះ ក៏ត្រូវបានបោកបក់ដោយព្យុះទីហ្វុង និងព្យុះប្រហែលជាង២០ព្យុះក្នុងមួយឆ្នាំៗ ដែលធ្វើឱ្យការឆ្លើយតបចំពោះគ្រោះមហន្តរាយជាកិច្ចការសំខាន់របស់រដ្ឋាភិបាល និងក្រុមអ្នកស្ម័គ្រចិត្តហ្វីលីពីន៕
សម្រួលអត្ថបទ៖ សុផារិន្ទ