ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ “ទិវាប្រៃសណីយ៍ពិភពលោក – World Post Day”

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ “ទិវាប្រៃសណីយ៍ពិភពលោក – World Post Day” ក្រោមប្រធានបទ “ប្រៃសណីយ៍សម្រាប់ប្រជាជន៖ សេវាពីមូលដ្ឋានទៅកាន់សកលលោក” នៅមជ្ឈមណ្ឌលនវានុវត្តន៍ (បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក.ប.ទ. មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត មន្រ្តីរាជការ ក.ប.ទ. នៃប្រតិបត្តិករវិស័យប្រៃសណីយ៍ វិស័យឯកជន និងសិស្ស និស្សិត សរុបប្រមាណ ៣០០រូប។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងពុំបានចាត់ទុកវិស័យប្រៃសណីយ៍នេះត្រឹមតែជាការបន្តមរតកនៃការផ្តល់សេវាប្រៃសណីយ៍នោះទេ ប៉ុន្ដែជាវិស័យយុទ្ធសាស្រ្តដែលជួយជំរុញការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសង្គមសេដ្ឋកិច្ច។ ឯកឧត្តមរដ្ឋមន្ត្រី បន្តថាបណ្ដាញប្រៃសណីយ៍ជាច្រកដ៏សំខាន់ដែលជួយឱ្យសហគមន៍ជនបទ និងធុរកិច្ចខ្នាតតូច-មធ្យម ចូលទៅរកទីផ្សារថ្មីៗ ក៏ដូចជាចូលរួមក្នុងសេដ្ឋកិច្ចឌីជីថល។ ក្នុងន័យនេះ ប្រតិបត្តិករក្នុងវិស័យប្រៃសណីយ៍ទាំងអស់ត្រូវខិតខំបន្តអភិវឌ្ឍបណ្តាញរបស់ខ្លួន ធ្វើទំនើបកម្មនិងពិពិធកម្មសេវា ក៏ដូចជាធ្វើបរិវត្តកម្មឌីជីថល ដើម្បីធានានិរន្តរភាពនៃការផ្តល់សេវាប្រៃសណីយ៍ និងឆ្លើយតបទៅនឹងការរំពឹងទុករបស់អ្នកប្រើប្រាស់។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា ក្រសួងមានគម្រោងសាងសង់ភណ្ឌាគារគយមានដែនកំណត់ (Customs Bonded Warehouse) នៅទីតាំងសួនឌីជីថល ដែលនឹងជួយជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក៏ដូចជាការរីកលូតលាស់នៃវិស័យប្រៃសណីយ៍ ដោយទំនិញដែលលក់នៅតាមប្រព័ន្ធអនឡាញ អាចនឹងត្រូវយកមករក្សាទុកនៅក្នុងឃ្លាំងភណ្ឌាគារគយមានដែនកំណត់ ហើយភ្ជាប់ជាមួយនឹងការដឹកជញ្ជូនចែកទំនិញទាំងនោះតាមរយៈបណ្ដាញនៃសេវាប្រៃសណីយ៍។

ក្នុងពិធីដដែលនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអញ្ជើញសម្ពោធតែមប្រិ៍អបអរសាទរខួបលើកទី ១៣០ឆ្នាំ នៃការបង្កើតប្រៃសណីយ៍នៅកម្ពុជា (១៨៩៥-២០២៥) ផងដែរ ៕