ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គា្ន (MoU) រវាងក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ នៃសាធារណរដ្ឋតួកគី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់របៀងដឹកជញ្ជូនអន្តរជាតិ

ទីស្តីការក្រសួង៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានអញ្ជើញជាអធិបតី និងហត្ថលេខីពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គា្ន (MoU) រវាងក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ នៃសាធារណរដ្ឋតួកគី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់របៀងដឹកជញ្ជូនអន្តរជាតិ ដែលតំណាងដោយ លោកជំទាវ ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគី ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីរាជការពាក់ព័ន្ធ។
ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ និងបោះជំហានទៅមុខក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន ការតភ្ជាប់ និងការសម្របសម្រួលនៅតាមច្រករបៀងកណ្តាល និងច្រករបៀង TRACECA ព្រមទាំងប្រែក្លាយប្រទេសទាំងពីរ ទៅជាមជ្ឈមណ្ឌលឡូជីស្ទីកសម្រាប់តំបន់របស់ខ្លួន ដែលកម្ពុជានឹងអាចក្លាយជា Logistics Hub សម្រាប់តំបន់អាស៊ាន ខណៈតួកគីនឹងក្លាយជា Economic Hub សម្រាប់តំបន់អាស៊ីបូព៌ា និងតំបន់អឺរ៉ុប។
ថ្លែងក្នុងអង្គពិធីនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវឯកអគ្គរដ្ឋទូត និង ឯកឧត្តម Abdulkadir Uraloğlu រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ នៃសាធារណរដ្ឋតួកគី ដែលបានផ្តួចផ្តើមគំនិត និងគាំទ្រក្នុងការធ្វើឱ្យពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គា្ន (MoU) នេះអាចធ្វើទៅបានយ៉ាងរលូន។ ច្រករបៀងនេះគឺជាការតភ្ជាប់ដ៏សំខាន់មួយសម្រាប់អាស៊ាន ដែលនឹងផ្តល់ឱកាសសម្រាប់ចរាចរណ៍ និងទំនិញនៅអាស៊ី ដើម្បីទៅដល់មជ្ឈិមបូព៌ា អាហ្វ្រិកខាងជើង និងតំបន់មេឌីទែរ៉ាណេ ដូច្នេះក្នុងនាមជាសមាជិកអាស៊ាន ដែលមានទីតាំងយុទ្ធសាស្ត្រ និងលក្ខខណ្ឌអំណោយផលសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ ជាពិសេសតាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម៕