កញ្ញា ប៉ាច គីមមួយ ឈានជើងចូលរួមសម្តែងនៅលើឆាកអន្តរជាតិតំណាងកម្ពុជាជាលើកដំបូង ក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីមិត្តភាពអាស៊ាន (ASEAN Friendship Concert 2025) នៅប្រទេសម៉ាឡេស៊ី ដែលដឹកនាំដោយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មាន។

កញ្ញា ប៉ាច គីមមួយ ទទួលបានឳកាសចូលរួមសម្តែងនៅលើឆាកអន្តរជាតិជាលើកដំបូងតំណាងប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីមិត្តភាពអាស៊ាន ឆ្នាំ២០២៥ (ASEAN Friendship Concert 2025) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ នៅសាលមហោស្រព Seri Angkasa នាទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលការប្រគំតន្រ្តីដ៏ធំប្រចាំតំបន់អាស៊ាននេះ រៀបចំឡើងដោយស្ថានីយ៍វិទ្យុ និងទូរទស្សន៍ម៉ាឡេស៊ី (RTM) ក្រោមគម្រោងកម្មវិធីរបស់សហភាពសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ីប៉ាស៊ីហ្វិក ខណៈដែលប្រទេសម៉ាឡេស៊ី ជាប្រធានអាស៊ាននាឆ្នាំ២០២៥នេះផងដែរ។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ គឺជាការជួបជុំនៃបណ្តាសិល្បករ សិល្បការិនីផ្នែកចម្រៀងទោល និងក្រុមចម្រៀងជាច្រើនរូប ដែលមានទេពកោសល្យ និងមានភាពលេចធ្លោប្រចាំប្រទេសនៃសមាជិកអាស៊ានទាំងអស់ មកសម្តែងនៅលើឆាកដ៏ធំមួយ ដើម្បីបង្ហាញ និងផ្លាស់ប្តូរនូវវប្បធម៌ តាមរយៈបទចម្រៀង និងការសម្តែងរួមគ្នា ក្នុងនាមជាប្រទេសដែលស្ថិតនៅក្នុងតំបន់តែមួយ។

តាមរយៈអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ជាសមាជិកនៃសហភាពសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ីប៉ាស៊ីហ្វិក កញ្ញា ប៉ាច គីមមួយ ត្រូវបានជ្រើសរើសជាសិល្បការិនីតំណាងកម្ពុជាផ្នែកចម្រៀងទោល ដែលមានទេពកោសល្យ មានសំនៀងក្រអួនក្រអៅ និងមានរូបសម្បត្តិស្រស់ស្អាត ទៅចូលរួមសម្តែងក្នុងព្រឹត្តិការណ៍នេះផងដែរ។
កញ្ញា ប៉ាច គីមមួយ ក៏បានត្រៀមនូវបទចម្រៀងមួយបទ ដែលបានសម្រិតសម្រាំងបទភ្លេងយ៉ាងពិរោះដោយ លោក មាស សុគន្ធ បែបសម័យលាយបញ្ចូលនូវឧបករណ៍ភ្លេងបុរាណខ្មែរ និងតាក់តែងនូវទំនុកច្រៀងដោយ លោក ជុំ សំអង ដែលមានបង្កប់នូវអត្ថន័យបង្ហាញអំពីសក្តានុពលនៃប្រទេសកម្ពុជា ដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោក។

ព្រឹត្តិការណ៍នេះ ក៏នឹងមានធ្វើការផ្សាយផ្ទាល់ តាមរយៈបណ្តាញសង្គម វិទ្យុ និងទូរទស្សន៍ម៉ាឡេស៊ី (RTM) នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង ៨:៣០នាទីយប់ ម៉ោងនៅប្រទេសម៉ាឡេស៊ី ត្រូវនឹងម៉ោង ៧:៣០នាទីយប់ម៉ោងនៅកម្ពុជា។

ក្នុងដំណើរទៅចូលរួមព្រឹត្តិការណ៍ប្រគំតន្រ្តីមិត្តភាពអាស៊ាន ឆ្នាំ២០២៥ ខាងលើនេះ ក៏មានការជួយសហកាឧបត្ថម្ភពីទឹកពិសាប្រណិត វី-អាកទីវ ផងដែរ។