«បន្ថែមពីលើវិធានការបង្ការហានិភ័យមុនកំនើត ដែលជាការចាំបាច់ ខ្ញុំសុំអោយការបន្តលើកកម្ពស់ការយកចិត្តទុកដាក់ខ្ពស់បំផុតអំពីសុវត្តិភាពម្តាយ-ទារក ក្នុងពេលសម្រាល កាន់តែត្រូវប្រកាន់ខ្ជាប់ និងកាន់តែចាំបាច់។» នេះជាប្រសាសន៍ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល

រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសបើកសន្និសីទវេជ្ជសាស្ត្រទារក និងកុមារ លើកទី៧ ក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពសេវាថែទាំសុខភាពកុមារ៖ ពីបង្ការ រហូតដល់ការព្យាបាល»នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ។
សន្និសីទមានគោលបំណងចែករំលែកចំណេះដឹង ផ្តោតលើការការពារ ការបង្ការជំងឺដែលអាចធ្វើបាន ដោយទប់ស្កាត់ការវិវត្តន៍ទៅរកភាពធ្ងន់ធ្ងរ ដើម្បីគុណភាព សុវត្ថិភាពជីវិតរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ ជាពិសេសគឺ សុខភាពមាតា ទារកនិងកុមារ ដែលជាសកម្មភាពរួមចំណែកអភិវឌ្ឍមូលធនមនុស្សកម្ពុជា។
ឯកឧត្តមសាស្រ្តាចារ្យ បានសង្កត់ធ្ងន់ដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងទាំងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ ក្តីករុណា គុណធម៌គ្រប់ពេលជានិច្ច គ្រប់ពេលវេលា ដើម្បីសេចក្តីពេញចិត្ត និងទំនុកចិត្តប្រជាពលរដ្ឋ គោរពនិងលើកគុណតម្លៃវិជ្ជាជីវៈសុខាភិបាលក្នុងសេចក្តីថ្លៃថ្នូរ និងភាពត្រឹមត្រូវ។ ពិសេសត្រូវប្រើប្រាស់ធនធានដែលមានស្រាប់ ច្នៃប្រឌិត និងរកដំណោះស្រាយ ដើម្បីភាពរីកចម្រើនទាំងអស់គ្នា ភាពរីកចម្រើនសម្រាប់ស្ថាប័ន និងប្រទេសជាតិ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមដល់មន្រ្តីសុខាភិបាល ត្រូវខិតខំពង្រឹងសមត្ថភាព និងចំណេះដឹងបន្ថែម រួមទាំងការចែករំលែកដល់សហភាតរៈ ដើម្បីធានាបាននូវការបម្រើសេវាថែទាំព្យាបាល បង្ការ ប្រកបដោយគុណភាព ស័ក្តិសិទ្ធភាព សុវត្ថិភាព និងសមធម៌ ជូនដល់ប្រជាពលរដ្ឋ ដោយមិនមានការរើសអើង។ ឯកឧត្តមសាស្រ្តាចារ្យ គូសបញ្ជាក់ថាសុខភាពទារក និងកុមារពិតជាសំខាន់ណាស់ សម្រាប់អនាគតរបស់ប្រទេសជាតិ ហើយយើងក៏ត្រូវយកចិត្តទុកដាក់ខ្ពស់លើសុខភាពមាតាផងដែរ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ថ្លែងអំណរគុណដល់មូលនិធិ KOFIH ដែលជាដៃគូសហការដ៏សំខាន់មួយនៅក្នុងកិច្ចការនេះ រួមការចូលរួមពីដៃគូសហការឯទៀតផងដែរ ដែលពោតជារួមចំណែកលើកកម្ពស់គុណភាពសេវាសុខាភិបាល។ ឯកឧត្តមសាស្រ្តាចារ្យ សំដែងការកោតសរសើរដល់មន្ទីរពេទ្យកុមារជាតិ ដែលចូលរួមជួយកសាងធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលដល់មន្រ្តីសុខាភិបាលថ្នាក់ខេត្ត បន្ថែមពីលើការអភិវឌ្ឍក្នុងស្ថាប័នរបស់ខ្លួន។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី លើកទឹកចិត្ត និង
ជំរុញ គ្រូពេទ្យ គិលានុបដ្ឋាក ឆ្មប និងបុគ្គលិកសុខាភិបាលជំនាញផ្សេងៗ ទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត ទាំងសាធារណៈ និងឯកជន ជួបពិភាក្សាគ្នា ផ្លាស់ប្តូរគំនិត និងបទពិសោធន៍នៃការអនុវត្តផ្ទាល់ ពិភាក្សាដោយរួមជាមួយអ្នកជំនាញពីអន្តរជាតិ ក្នុងទិសដៅពង្រឹងសេវាសុខភាពកុមារ ចាប់ផ្តើមតាំងពីការបង្ការរហូតដល់ការថែទាំ ព្យាបាល ធ្វើម៉េចឱ្យបានល្អ រួមទាំងការការពារហានិភ័យនានាអាចការពារបាន ដែលជាអាទិភាពរបស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។
ក្នុងពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង លោក លោកស្រី មន្ទីរពេទ្យជាតិ មណ្ឌលជាតិ និងអង្គការដៃគូ លោក SONG Yonggun ប្រធានមូលនិធិកូរ៉េ សម្រាប់ការថែទាំសុខភាពអន្តរជាតិ ប្រចាំនៅកម្ពុជា (KOFIH) សរុប ២៦០នាក់។