ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ និងលោកជំទាវ យ៉េត ម៉ូលីនព្រមទាំងពុទ្ធបរិស័ទ ចំណុះជើងវត្ត បានមូលមតិគ្នាជាឯកច្ឆន្ទ ផ្តួចផ្តើមធ្វើ ពិធីបុណ្យកឋិនទាន ដង្ហែវេរ ប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាសនៅវត្តលង្កាព្រះកុសុមារាម។

វត្តលង្កាព្រះកុសុមារាម នាថ្ងៃពុធ ១រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកជំទាវ យ៉េត ម៉ូលីន រួមទាំងឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ព្រមទាំងពុទ្ធបរិស័ទ ចំណុះជើងវត្ត បានមូលមតិគ្នាជាឯកច្ឆន្ទ ផ្តួចផ្តើមធ្វើ បុណ្យកឋិនទាន ដើម្បីដង្ហែវេរ ប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស និងដើម្បីប្រមូលបច្ច័យសម្រាប់កសាងទីសេនាសនៈ នានា ជាប្រយោជន៍ដល់ជនានុជនសព្វទិសទី ក្នុងពទ្ធសីមា វត្តលង្កាព្រះកុសុមារាម ស្ថិតនៅសង្កាត់ បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្នុងពិធីអង្គកឋិនទាននោះ ពុទ្ធបរិស័ទបានជួបជុំពុទ្ធបរិស័ទចំណុះជើងវត្ត និងម្ចាស់អង្គកឋិនទាន បានរៀបចំក្បួនដង្ហែអង្គកឋិនទានប្រទក្សិណចំនួន៣ជុំនៃព្រះវិហារ ។

រំលេចថាបុណ្យកឋិនទានប្រារព្ធឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួនដូចខាងក្រោម៖

. ដើម្បីបង្កើនសាមគ្គីភាពរវាងបុគ្គល គ្រួសារ និងសង្គម

. ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនាឱ្យបានចម្រើនរុងរឿងគង់វង្សយូរអង្វែង

. ដើម្បីផ្តល់កម្លាំងកាយ ចិត្ត ដល់ព្រះភិក្ខុសង្ឃ បុគ្គលជាសាសនទាយាទបន្តអាយុព្រះពុទ្ធសាសនាតទៅ

. ដើម្បីបានថ្វាយឧបការៈ ទំនុកបម្រុងឧបត្ថម្ភព្រះភិក្ខុសាមណេរ ដែលជាមហាកុសលដ៏ប្រសើរ

. ដើម្បីកុំឱ្យកើតសេចក្តីប្រមាទចំពោះមហាកុសលរបស់ខ្លួន។

សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ជាព្រះចៅអធិការ មានព្រះសង្ឃដិកាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកជំទាវ យ៉េត ម៉ូលីន រួមទាំងឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ព្រមទាំងពុទ្ធបរិស័ទ ដង្ហែកឋិនទានរួមមានស្លាដក ទ័យវត្ថុ គ្រឿងឧបភោគ សម្ភារៈសម្រាប់វត្តនិងបច្ច័យចំនួន(៤រយលានរៀន)សម្រាប់សមទ្ធិផលក្នុងវត្តនិងបច្ច័យសរុប(២រយលានរៀល)ទៀតប្រគេនព្រៈសង្ឃក្រាលគ្រងនិងឧបត្ថម្ភសិស្សនិសិត្សស្នាក់នៅវត្ត. ទាំងឡាយនេះជារៀងរាល់ឆ្នំាម្ចាស់ផ្តើមបុណ្យកឋិនដែលតែងតែយកចិត្តទុកដាក់និងចូលរួមចំណែកការកសាងសមទ្ធិផលក្នុងវត្តុ។ពិសេសចូលរួមជួយសាងសងអគា សាលាពុទ្ធកសិក្សានិងសមទ្ធិផលនានានិងវិស័យ សង្គមកិច្ចជាដើម។

សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្លបានព្រះសង្ឃដិកាបញ្ជាក់ថា បុណ្យកឋិនទាន គឺជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដែលមានសម្តែងទុកក្នុងព្រះវិន័យបិដក មហាវគ្គ កឋិនក្ខន្ធកៈ ជាបុណ្យដែលមានលក្ខណៈប្លែកពីបុណ្យដទៃ ៥យ៉ាង ទី១. ប្លែកដោយកាល គឺជាកាលទាន ក្នុងមួយឆ្នាំធ្វើបានតែ១ដង មានរយៈពេលកំណត់ត្រឹមតែ២៩ថ្ងៃ ហើយវត្តមួយទទួលបានកឋិនតែ១ដងប៉ុណ្ណោះ ទី២.ប្លែកដោយវត្ថុ គឺសំពត់ដែលជាវត្ថុកឋិននោះ មានតែស្បង់ ចីវរ និងសង្ឃាដី ដែលគេធ្វើត្រឹមត្រូវតាម ពុទ្ធប្បញ្ញត្តិ ទី៣.ប្លែកដោយអំពើ គឺបុគ្គលអ្នកធ្វើគម្បីធ្វើឱ្យត្រូវតាមវិន័យបញ្ញត្តិ ហើយព្រះសង្ឃត្រូវក្រាលគ្រង ឱ្យត្រូវតាមវិន័យបញ្ញត្តិ ទី៤. ប្លែកដោយបដិគ្គាហកៈ គឺអ្នកទទួលសំពត់កឋិន បានតែភិក្ខុដែលនៅចាំព្រះវស្សា គ្រប់៣ខែ ដោយមិនដាច់វស្សាទើបទទួលក្រាលគ្រងបាន ទី៥.ប្លែកដោយអានិសង្ស ជាបុណ្យមានផលានិសង្សច្រើន អ្នកធ្វើទទួលបានអានិសង្ស ៥យ៉ាងគឺ ១.មានប្រាជ្ញាក្លៀវក្លាមុះមុត ២.មានពណ៌សម្បុរល្អ ៣.មានរូបល្អ ៤.មាន ទ្រង់ទ្រាយល្អ ៥.នឹងបានជាស្តេចចក្រពត្តិក្នុងជាតិណាមួយពុំខានឡើយ។ ចំណែកបដិគ្គាហកៈអ្នកទទួលក៏បាន អានិសង្ស ៥ដូចគ្នាគឺ ១.គឺត្រាច់ទៅទីណាមិនបាច់លាភិក្ខុផងគ្នា ២.ត្រេចទៅណា មិនបាច់យកត្រៃចីវរគ្រប់ ៣.ឆាន់គណភោជនបាន ៤.ទុកដាក់អតិរេកចីវរបានតាមត្រូវការ ៥.ចីវរណាដែលកើតឡើងក្នុងអាវាសនោះ ចីវរនោះ នឹងមានដល់ភិក្ខុទាំងនោះ។