រដ្ឋមន្រ្តីសុខាភិបាល «គោលដៅរបស់ក្រសួងសុខាភិបាល គឺធ្វើឱ្យសេវាសុខាភិបាលបានល្អ ដូច្នេះអ្នកបម្រើសេវាគ្រប់គ្នា(សាធារណៈនិងឯកជន) ត្រូវចូលគិតគូរពីសុវត្ថិភាពរបស់អ្នកជំងឺ ដែលភាគច្រើននៃបញ្ហាកើតឡើងសុទ្ធតែអាចជៀសវាងបាន

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍កាលពីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ យ៉ាងដូច្នេះ នៅក្នុងឱកាស ឯកឧត្តមធ្វើបាតកថាក្នុងវគ្គភាពអ្នកដឹកនាំនិងនវានុវត្តន៍ ដែលមានការចូលរួមពីមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) សរុបចំនួន ៣ ៣៤៧ នាក់។

ថ្លែងបន្តទៀតនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលឹកពីការលះបង់របស់មន្រ្តីសុខាភិបាលនៅមូលដ្ឋាន ជាពិសេសបុគ្គលិកសុខាភិបាល ជាស្រ្តីខ្មែរ ដែលបានលះបង់កំលាំងកាយចិត្ត ដើម្បីប្រជាជន មាតុភូមិ និងសុខភាព ហើយវីរភាពនេះ គឺជាមោទនភាពរបស់សហភាតរៈសុខាភិបាលគ្រប់រូប។ ឯកឧត្តមសាស្រ្តាចារ្យ បានរំលេចពីការតាំងចិត្តរបស់ក្រសួងសុខាភិបាល ក្នុងការធ្វើឱ្យសុវត្ថិភាពអ្នកជំងឺមានភាពប្រសើរឡើង ព្រោះថាសុវត្ថិភាពអ្នកជំងឺ គឺជាសុវត្ថិភាពរបស់អ្នកបម្រើសេវា។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកយកប្រធានបទ នៃភាពជាអ្នកដឹកនាំ ដែលមានភាពសកម្ម ចំនួនពីរចំនុចមកធ្វើការបកស្រាយរួមមាន (១) អ្នកដឹកនាំដែលស្ថិតក្នុងភាពសកម្ម ត្រូវមានសមត្ថភាពធ្វើការ/ផ្តោតការយកចិត្តទុកដាក់នៅគ្រប់ស្ថានភាព(multifocal) ហើយអាចផ្សារភ្ចាប់ការងារទាំងអស់ឱ្យមានភាពប្រទាក់ក្រឡាក្នុងដំណើរឆ្ពោះទៅសម្រេចបានគោលដៅ និង(២) អ្នកដឹកនាំត្រូវមានសមត្ថភាពសម្របសម្រួល (adaptive)ដើម្បីជំនះស្ថានភាពលំបាកៗ ដើម្បីស្វែងរកដំណោះស្រាយតាមរយៈការពិចារណា និងមានការរំពឹងទុកជាមុនជានិច្ច។ បន្ថែមពីលើនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានចែករំលែកលើប្រធានបទវិចារវិជ្ជាសម្ភារៈនិយម ដោយលើកយកទម្រង់ផ្សេងៗរបស់ការយល់ដឹង ដោយវិចារណញ្ញាណ ដូចជា (១) ទស្សនទាន(concept) (២)ការវិនិច្ឆ័យ (judgment) និង(៣) វិចារណកិច្ច (Reasoning) មកធ្វើការពន្យល់។

ជាកិច្ចបន្ត ក្រុមការងារនៃមន្ទីរពេទ្យតេជោសន្តិភាព បានលើកយកប្រធានបទនៃទាក់ទាញអ្នកជំងឺឱ្យមកប្រើប្រាស់សេវាឱ្យបានកាន់តែច្រើន។ បន្ទាប់ពីមានការសាកសួរ និងបកស្រាយយ៉ាងផុសផុល ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នីបានធ្វើការសន្និដ្ឋានថា ការអភិវឌ្ឍន៍វិជ្ជាជិវៈគឺជាគន្លឹះមួយសម្រាប់ការបង្កើនទំនុកចិត្តរបស់ប្រជាជន ដែលការអភិវឌ្ឍនេះ អ្នកប្រកបវិជ្ជាជីវៈទាំងអស់ផ្តោតជាសំខាន់លើ(១)ការបង្កើនសមត្ថភាពគ្លីនិក (២) ពង្រឹងក្រមសីលធម៌និងភាពមានវិជ្ជាជីវៈ (៣) ការប្រាស្រ័យទាក់ទងរវាងអ្នកផ្តល់សេវា និងអ្នកផ្តល់សេវា (៤)ការប្រើប្រាស់ភាពជាអ្នកដឹកនាំ និង (៥) ការយល់ដឹងពីសុខភាពសាធារណៈ និងការចូលរួមរបស់សហគមន៍។