រដ្ឋមន្ត្រីកសិកម្មកម្ពុជា ប្រាប់ទៅម៉ាឡេស៊ី អំពីសមត្ថភាពក្នុងការផ្គត់ផ្គង់លើវិស័យកសិកម្ម រួមជាមួយឱកាសនៃការវិនិយោគ

ភ្នំពេញ ៖ ក្នុងជំនួបរវាង ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ទៅ លោក Datuk Dr. Abdul Rahman Junaidi អនុរដ្ឋមន្រ្តីនៃខុទ្ទកាល័យនាយករដ្ឋមន្ត្រីនៃរដ្ឋសារ៉ាវ៉ាក់ ប្រទេសម៉ាឡេស៊ី ថា កម្ពុជាមានសមត្ថភាពក្នុងការផ្គត់ផ្គង់លើវិស័យកសិកម្ម រួមជាមួយឱកាសនៃការវិនិយោគ។

ឯកឧត្តម ឌិត ទីណា បានសម្ដែងការអរគុណដល់លោករដ្ឋមន្ត្រីនៃរដ្ឋសារ៉ាវ៉ាក់ ចំពោះចំណាប់អារម្មណ៍លើវិស័យកសិកម្មកម្ពុជា ព្រមទាំងរំលេចពីឱកាសពីវិនិយោគលើវិស័យកែច្នៃ វេចខ្ចប់ និងនាំចេញកសិផលរបស់កម្ពុជា ដែលផ្ដល់ផលចំណេញ និងផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ឯកឧត្តមអះអាងផងដែរថា៖«កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការផ្គត់ផ្គង់កសិផលដល់រដ្ឋសារ៉ាវ៉ាក់ នៃប្រទេសម៉ាឡេស៊ី និងគាំទ្រវិនិយោគិនម៉ាឡេស៊ី ក្នុងវិស័យកសិកម្មកម្ពុជាផងដែរ»។ ភាគីទាំងពីរ ក៏បានឯកភាពគ្នាបន្តសហការ ធានានូវសន្តិសុខស្បៀង ជំរុញទំហំកសិ-ពាណិជ្ជកម្មស្រូវអង្ករ និងភាពជាដៃគូដ៏រឹងមាំយូរអង្វែងក្នុងការតភ្ជាប់ខ្សែច្រវាក់តម្លៃ និងផលិតកម្ម៕