ក្រុមអ្នកជួយសង្គ្រោះឥណ្ឌូណេស៊ីទាញសពមនុស្សពីគំនរបាក់បែករលំអគារបន្ថែមសរុបជាង៦០នាក់ ខណៈសពខ្លះពិបាកកំណត់ អត្តសញ្ញាណដោយសាររលួយយូរថ្ងៃ

ចំនួនមនុស្សស្លាប់ដោយហេតុការណ៍ដួលរលំសាលអគារអធិស្ឋានក្នុងសាលាបង្រៀនសាសនាឥស្លាមនៃប្រទេសឥណ្ឌូណេស៊ីបានកើនឡើងដល់៦០នាក់ហើយ បន្ទាប់ពីបានទាញសពចេញកាលពីយប់ថ្ងៃចន្ទនេះ និងស្របពេលដែលក្រុមអ្នកជួយសង្គ្រោះបានស្រង់សពសិស្សបន្ថែមជិត១០នាក់ទៀត តាមរយៈបញ្ជីឈ្មោះដែលនៅបាត់ខ្លួន។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិបាននិយាយថាក្រុមអ្នកជួយសង្រ្គោះបានទាញសពមនុស្សចំនួន ១១ នាក់ ពីជ្រុងម្ខាងទៀត និងទាញបានបំណែកសពខ្លះបានចំនួន៦ ចេញពីគំនរបាក់បែក ហើយបន្តស្វែងរកសិស្ស៣នាក់ផ្សេងទៀតដែលត្រូវបានគេរាយការណ៍ថានៅតែបាត់ខ្លួននៅឡើយ។ យោងតាមរបាយការណ៍កាលពីថ្ងៃទី ២៩ ខែកញ្ញា កន្លងទៅបានឲ្យដឹងថាមានសិស្សរាប់រយនាក់ ដែលភាគច្រើនជាក្មេងប្រុសអាយុចន្លោះពី១២ ទៅ ១៩ឆ្នាំ បានទៅសាលារៀនសាសនានោះដើម្បីចូលរួមអធិស្ឋានចាប់ពីពេលរសៀលនៅក្នុងអគារមួយដែលស្ថិតក្នុងដំណើរការសាងសង់ពង្រីក២ជាន់បន្ថែមទៀត ប៉ុន្តែការសាងសង់នេះគឺគ្មានការអនុញ្ញាតច្បាស់លាស់ទេ ដែលសាលារៀននេះមានឈ្មោះថា Al Khoziny មានអាយុកាលមួយសតវត្សរ៍ហើយក្នុងទីក្រុង Sidoarjo ។ អាជ្ញាធរបាននិយាយថា មានសិស្សប្រុសតែម្នាក់ប៉ុណ្ណោះដែលអាចរត់គេចខ្លួនទាន់ដោយមិនមានរបួស ខណៈ ៩៩នាក់នាក់ទៀតត្រូវព្យាបាលរបួសផ្សេងៗ និងអនុញ្ញាតិឲ្យត្រលប់មកផ្ទះវិញ។ សិស្ស៤នាក់ទៀតរងរបួសធ្ងន់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយអ្នកខ្លះត្រូវវះកាត់អវយវៈជាដើម។ កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញត្រូវបានគេរំពឹងថានឹងបញ្ចប់នៅថ្ងៃសៅរ៍នេះ ប៉ុន្តែវាត្រូវបានរារាំងដោយហានិភ័យមួយផ្សេងទៀតបន្ទាប់ពីហេតុការណ៍ដួលរលំបន្ទះបេតុងដែលទំនងជាភ្ជាប់ទៅនឹងជញ្ជាំងអគារចាស់នៃផ្នែកចុងក្រោយនោះ។ នៅទីបំផុតក្រុមអ្នកជួយសង្គ្រោះបានគ្រប់គ្រងបានដោយកាត់ផ្តាច់ជញ្ជាំងបេតុងនោះ បន្ទាប់មកដំឡើងធ្នឹមទ្រទ្រង់ដើម្បីការពារកុំមានកម្លាំងសង្កត់កាន់តែខ្លាំង។ អាជ្ញាធរបាននិយាយថា ការកំណត់អត្តសញ្ញាណសពមនុស្សភាគច្រើនគឺមានភាពស្មុគស្មាញខ្លាំងដោយសារតែសភាពសពយូរថ្ងៃ និង រលួយជាបំណែកៗនៅពេលទាញចេញ។ សាច់ញាតិជនរងគ្រោះបានផ្តល់សំណាក DNA ដើម្បីជួយកំណត់អត្តសញ្ញាណជនរងគ្រោះនៅតាមឯមន្ទីរពេទ្យ ក្នុងទីក្រុង Surabaya ដែលជារដ្ឋធានីនៃខេត្ត East Java៕

សម្រួលអត្ថបទ៖ សុផារិន្ទ