ឯកឧត្តម រដ្ឋមន្រ្តី ចាយ បូរិន អញ្ជើញដឹកនាំដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តជនជាតិកូរ៉េ របស់អង្គការមជ្ឈមណ្ឌលសំលេង នៃក្តីសង្ឃឹម ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ អញ្ជើញដឹកនាំដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តជនជាតិកូរ៉េ របស់អង្គការមជ្ឈមណ្ឌលសំលេង នៃក្តីសង្ឃឹម ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
ពិធីនេះ មានការអញ្ជើញចួលរួមពីសំណាក់ ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ,ឯកឧត្តម ហុក ពេជ្រហោះ អភិបាលរង តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណអភិបាលខេត្តត្បូងឃ្មុំ អជ្ញាធរ មូលដ្ឋាន,និងលោក គីម ប៊ីយ៉ុងគីក្យូ (Kim Byung Kyu) ប្រធានអង្គការមជ្ឈមណ្ឌលសំលេង នៃក្តីសង្ឃឹម ព្រមទាំងក្រុមគ្រូពេទ្រស្មគ្រ័ចិត្តជនជាតិកូរ៉េប្រមាណ៤៩នាក់ផងដែរ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការមជ្ឈមណ្ឌលសម្លេង នៃក្តីសង្ឃឹម ដែលបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីសាធារណរដ្ឋកូរ៉េ និងក្រុមការងារ មានទាំងថ្នាំសម្រាប់ព្យាបាល រៀបចំកម្មវិធីពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំនេះ។ ការពិនិត្យ និងព្យាបាលជំងឺនេះ មិនមែនជាលើកទី១ទេ អង្គការមជ្ឈមណ្ឌលសម្លេង នៃក្តីសង្ឃឹម ធ្លាប់បានចុះទៅធ្វើសកម្មភាពពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួន មានដូចជា ខេត្តស្វាយរៀងចំនួនពីរ(២)លើក ខេត្តតាកែវចំនួនពីរ(២)លើក និងខេត្តត្បូងឃ្មុំចំនួនបី(៣)លើក រួមទាំងលើកនេះ។
រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នែព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ក្នុងនោះការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពដ៏សំខាន់ ដោយផ្ដោតលើអាទិភាពចំនួន៥៖ ១.ការពង្រឹងគុណភាព វិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ២. ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ៣.ការលើកកម្ពស់សុខភាព សុខមាលភាពប្រជាជន ៤. ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង ៥. ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាប័ន្ន ។
នាឱកាសនេះប្រជាពលរដ្ឋដែលបានអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺ បានសម្តែងក្តីសប្បាយរីករាយ និងថ្លែងអំណរគុណជាអនេកចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ដែលបានដឹកនាំក្រុមគ្រូពេទ្យជំនាញ ចុះមកពិនិត្យ និងព្យាបាលជំងឺដល់ពួកគាត់ ដោយមិនមានការបង់ថ្លៃអ្វីទាំងអស់៕