លោកឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំអង្គប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃចន្ទ័ ទី០៦ ខែតុលា ឆ្នាំ២០២៥ ដោយអនុវត្តបទបញ្ជាឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅសាលប្រជុំជាន់ផ្ទាល់ដី អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ជូនឯកឧត្តមបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រីកុំមិនវែលដូមីនីក អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា។ ដំណើរបំពេញទស្សនកិច្ចរបស់គណៈប្រតិភូក្រុមការងារកងស្វ័យការពារជើងគោកជប៉ុន គណៈប្រតិភូកងទ័ពលម្ហអាកាសរុស្សី និងការចូលសំចតរបស់នាវាកងទ័ពជើងទឹកអូស្ត្រាលី HMAS Ballarat នាវាកងទ័ពជើងទឹកចិន PLAN 83 និងPLAN 988។

គណៈប្រតិភូក្រុមការងារកងស្វ័យការពារជើងគោកជប៉ុន ដឹកនាំដោយឧត្តមសេនីយ៍ទោ សួសុីណាហ្គា ម៉ាសាណូរី អគ្គនាយក អគ្គនាយកដ្ឋានកម្មវិធីគោលនយោបាយ កងស្វ័យការពារជើងគោកជប៉ុន នឹងអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារលើកទី២(2nd RCA-JGSDF SWG MEETING) និងទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៦-៩ ខែតុលា ឆ្នាំ២០២៥។

ចាប់ពីថ្ងៃទី៧-១១ ខែតុលា ឆ្នាំ២០២៥ គណៈប្រតិភូកងទ័ពលម្ហអាកាសរុស្សី ដឹកនាំដោយឧត្តមសេនីយ៍ឯក Gleb EREMIN ប្រធានសាលាបណ្ឌិត្យសភាយោធាកលយុទ្ធការពារអាកាស នៃក្រសួងការពារប្រទេសរុស្សី នឹងអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា និងពិភាក្សាការងារអំពីទស្សនៈវិស័យការពារអាកាស។

ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់នៃប្រទេសកុំមិនវែលដូមីនីក នៅព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រីកុំមិនវែលដូមីនីក នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៨-១០ ខែតុលា ឆ្នាំ២០២៥។ នៅក្នុងការបំពេញទស្សនកិច្ចផ្លូវការនេះគណៈប្រតិភូជាន់ខ្ពស់នឹងមានជំនួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងកិច្ចប្រជុំទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាពផងដែរ។

នៅថ្ងៃទី១០-១៣ ខែតុលា ឆ្នាំ២០២៥ នាវាHMAS Ballarat របស់កងទ័ពជើងទឹកអូស្ត្រាលី នឹងចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងទស្សនកិច្ចនៅខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។ ចំណែកឯនាវាកងទ័ពជើងទឹកចិនចំនួន០២គ្រឿង(PLAN 83 និងPLAN 988) ក៏នឹងត្រូវចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី១០-១៤ ខែតុលា ឆ្នាំ២០២៥ខាងមុខនេះ ហើយគណៈប្រតិភូនឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ហើយនាយទាហាន និងនាវិកកងទ័ពជើងទឹកចិន នឹងចូលរួមសកម្មភាពវប្បធម៌ កីឡា ទស្សនាទីក្រុងព្រះសីហនុ ក្រុងភ្នំពេញ ព្រះបរមរាជវាំង សារមន្ទីរជាតិ ផ្សារអុីអន1 គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បញ្ជាការដ្ឋានកោះឆ្នេរ និងអង្គភាពយោធានានា។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់នាយសេនាធិការរង ស្នងការ ស្នងការរង មេបញ្ជាការគ្រប់អង្គភាពចំណុះអ.ហ.ផ.ទ និងបានភ្ជាប់វីដេអូ Conference ទៅសាលាកងរាជអាវុធហត្ថទាំង២ និងបញ្ជាការដ្ឋានអ.ហរាជធានី-ខេត្តទាំង២៥ផងដែរ។