លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាភ្ញៀវកិត្តិយសក្នុងពិធីប្រគល់ពានរង្វាន់សិស្សជ័យលាភី UCMAS (យូស៊ីម៉ាស) កម្ពុជា

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅរសៀលថ្ងៃទី៤ខែតុលានេះ បានអញ្ជើញជាភ្ញៀវកិត្តិយសក្នុងពិធីប្រគល់ពានរង្វាន់ មេដាយមាស វិញ្ញាបនបត្របញ្ជាក់ការសិក្សា និងលិខិតសរសើរ ដល់សិស្ស UCMAS (យូស៊ីម៉ាស) សាខាកៀនស្វាយផ្លាហ្សា និងសាខាឬស្សីកែវ។

ពិធីនេះ រៀបចំធ្វើឡើងនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកបណ្ឌិត Chris Chew ( គ្រីស ឈីវ) នាយកប្រិតបត្តិយូស៊ីម៉ាសអន្តរជាតិ លោក ងន់ ច័ន្ទរ៉ា នាយកយូស៊ីម៉ាសសាខាកៀនស្វាយផ្លាហ្សានៃសាលារៀនបញ្ញវន្តកម្ពុជា និង លោក រឿន ចន្ថា ម្ចាស់អាជ្ញាប័ណ្ឌយូស៊ីម៉ាស់សាខាឫស្សីកែវ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាលាអន្តរជាតិមែនន័រសិស្សានុសិស្ស អាណាព្យាបាល និងអ្នកពាក់ព័ន្ធមួយចំនួនទៀតសរុបប្រមាណ១,៧០០នាក់។

សិស្សានុសិស្សជ័យលាភីមានចំនួន ៥០០នាក់ ក្នុងនោះសិស្ស ៧នាក់ឈ្នះបានពានរង្វាន់ ១៣នាក់ឈ្នះមេដាយមាស និង៤៨០នាក់ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា និងលិខិតសរសើរ។ក្នុងចំណោមសិស្ស៧នាក់ដែលទទួលបានពានរង្វាន់នោះ ក៍មានកុមារ៉ា ហ៊ុន ពេជមុន្នីឬទ្ធិសិទ្ធិ កូនប្រុសពៅសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋន្រ្តីកម្ពុជា និងលោកបណ្ឌិតពេជ ចន្ទមុន្នីហ៊ុនម៉ាណែត។

កន្លងទៅ កុមារា ហ៊ុន ពេជមុនី្នឬទិ្ធសិទិ្ធ កូនប្រុសពៅរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ធ្លាប់ទទួលបានមេដាយ និងពានរង្វាន់មួយចំនួនទៀត ទាក់ទងនឹងការគិតលេខរហ័ស ដែលក្នុងនោះមានដូចជា៖ចំណាត់ថ្នាក់លេខ១ការប្រលងគណិតវិទ្យាអន្តរជាតិ Caribou ( ខារីប៊ូ) ដែលមានអ្នកចូលរួមរាប់ពាន់អ្នកជុំវិញពិភពលោក,មេដាយមាសលេខរៀងទី១ក្នុងថ្នាក់ និងមេដាយមាសលេខរៀងទី៦ ក្នុងចំណោមបេក្ខជន២៧ប្រទេស ក្នុងការប្រឡងកម្រិតអន្តរជាតិ នៃការប្រឡងគណិតវិទ្យាអូឡាំព្យាដសិង្ហបុរី វគ្គផ្តាច់ព្រ័ត្រ និងទទួលបានពានរង្វាន់ និងមេដាយមួយចំនួនទៀតទាំងថ្នាក់ជាតិ និងអន្តរជាតិ។

ក្នុងឱកាសនោះដែរ លោកបណ្ឌិត Chris Chew (គ្រីស ឈីវ) ក៏បានជម្រាបទៅគណៈអធិបតី ភ្ញៀវកក្តិយស និង អង្គពិធីទាំងមូលថា UCMAS (យូស៊ីំម៉ាស) ជាកម្មវិធីអភិវឌ្ឍន៍ខួរក្បាលដែលឈានមុខគេនឹងបានបង្តើតតាំងពី ឆ្នាំ 1993 ដែលមាន 6000 សាខា ក្នុង 80 ប្រទេស ទូរទាំងពិភពលោក ។ UCMAS ត្រូវបានបង្រៀនដោយប្រើប្រាស់ម្រាមដៃទាំង 6 ជាមួយ ឧបករណ៍Abacus ( អាបាខើស) ជួយសិស្សឱ្យអភិវឌ្ឍការផ្តោតអារម្មណ៍ច្បាស់ និងមានឥទ្ធិពលលើការចងចាំ និងការផ្តោតអារម្មណ៍របស់កុមារអាយុចន្លោះពី 4 ទៅ 12 ឆ្នាំ ដោយពួកគេផ្តោតការយកចិត្តទុកដាក់កាន់តែខ្ពស់លើមេរៀន និងការសិក្សារបស់ពួកគេ៕