អគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្នអញ្ជើញជាអធិបតីក្នុងពិធីប្រជុំសេវាហិរញ្ញវត្ថុមិនមែនធនាគារ” លើកទី២៦ អាណត្តិទី១

នាព្រឹកថ្ងៃទី៣ ខែតុលា គ.ស. ២០២៥, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សា អ.ស.ហ. លើកទី២៦ អាណត្តិទី១ នៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដោយមានការចូលរួមពី ឯកឧត្តមអនុប្រធាន ឯកឧត្តម លោកជំទាវ និងលោក ដែលជាសមាជិក -សមាជិកា នៃក្រុមប្រឹក្សា អ.ស.ហ. ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈ ដូចខាងក្រោម៖
របៀបវារៈទី១. ការស្នើសុំបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងរបស់ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបមិន ម.ក របស់និយ័តករមូលបត្រកម្ពុជា
ក្រុមហ៊ុន ពីកាសូ ត្រូវបានបង្កើតឡើងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្មលេខ ០០០២១៤៩៣ ហើយបានផ្លាស់ប្តូរពីក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតទៅជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិតនៅឆ្នាំ ២០២៥។ អាជីវកម្មចម្បងរបស់ក្រុមហ៊ុន ពីកាសូ គឺជាការអភិវឌ្ឍអច លន-ទ្រព្យប្រណីតក្នុងព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតលើការអភិវឌ្ឍអគារសម្រាប់លំនៅដ្ឋានពាណិជ្ជកម្ម និងការប្រើប្រាស់ចម្រុះ និងមានអតិថិជនគោលដៅដែលមានចំណូលខ្ពស់។ ក្រុមហ៊ុន ពីកាសូ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Titan Stone Capital (Asia) limited ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុ និងវិនិយោគដែលមានមូលដ្ឋាននៅទីក្រុងហុងកុងដែលមានឯកទេសខាងវិស័យអចលនទ្រព្យ ទីផ្សារមូលធន និងការគ្រប់គ្រងទ្រព្យសម្បត្តិ។ ក្រុមហ៊ុន ពីកាសូ បានស្នើសុំបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង ដែលជាប្រភេទមូលបត្រកម្មសិទ្ធិដែលមានសិទ្ធិបោះឆ្នោតចំនួន ១០.០០០.០០០ ឯកតាមូលបត្រកម្មសិទ្ធិ សមមូលនឹង ២០% នៃចំនួនមូលបត្រកម្មសិទ្ធិសរុបរបស់ក្រុមហ៊ុន ដោយមានតម្លៃចារឹក ២០០ រៀល ក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ និងមានថ្លៃលក់ ៤.៨០០ រៀល (ប្រមាណ ១,២ ដុល្លារអាម៉េរិក) ក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិដែលស្មើនឹងទំហំទឹកប្រាក់សរុបចំនួន ៤៨ ប៊ីលានរៀល (ប្រមាណ ១២ លានដុល្លាអាម៉េរិក) នៅលើទីផ្សារកំណើននៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ដោយក្នុងនោះក្រុមហ៊ុននឹងផ្តល់ទិន្នផលភាគលាភដែលមានការធានាប្រចាំឆ្នាំ ៧% សម្រាប់រយៈពេល ៥ ឆ្នាំ។ ក្រុមហ៊ុន ពីកាសូ មានបំណងប្រើប្រាស់សាច់ប្រាក់ដែលបានមកពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិដើម្បីទទួលបានហិរញ្ញប្បទានក្នុងការអភិវឌ្ឍគម្រោងខុនដូ Picasso Sky Gemme (គម្រោងទី ២) ធ្វើជាទុនបង្វិលអាជីវកម្ម និងបុនហិរញ្ញប្បទាន។
ជាលទ្ធផល, ក្រុមប្រឹក្សា អ.ស.ហ. បានពិនិត្យ និងផ្តល់ការឯកភាពជាគោលការណ៍នៅលើការស្នើសុំបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងរបស់ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបមិន ម.ក ជាមួយនឹងការណែនាំឱ្យ ន.ម.ក. តាមដានការងារជំនាញនិងបច្ចេកទេសស្របតាមអនុសាសន៍របស់អង្គប្រជុំដែលបានលើកឡើងនិងសម្រេច ព្រមទាំងដាក់ឆ្លងនីតិវិធីដែលនៅសេសសល់ ដើម្បីឱ្យក្រុមហ៊ុនទទួលបានការអនុញ្ញាតជាផ្លូវការ។
របៀបវារៈទី២. សេចក្តីព្រាងប្រកាសស្តីពី “ការបោះផ្សាយលក់មូលបត្របំណុលឯកជន” របស់និយ័តករមូលបត្រកម្ពុជា
និយ័តករមូលបត្រកម្ពុជា បានរៀបចំសេចក្តីព្រាងប្រកាសស្តីពី “ការបោះផ្សាយលក់មូលបត្របំណុលជាឯកជន” សំដៅលើកកម្ពស់ និងពង្រឹងសណ្តាប់ធ្នាប់ទីផ្សារមូលបត្រ ប្រកបដោយប្រសិទ្ធភាព ជួយជំរុញដល់ការអភិវឌ្ឍវិស័យឯកជន និងបង្កើតជាច្រកបន្ថែមនៃការកៀរគរប្រភពដើមទុនជាលក្ខណៈឯកជន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ព្រមទាំងដើម្បីផ្តល់កិច្ចគាំពារដល់វិនិយោគិនគ្រប់ប្រភេទ។ សេចក្តីព្រាងប្រកាសនេះ កំណត់អំពីលក្ខខណ្ឌ នីតិវិធី និងកាតព្វកិច្ចចំពោះការបោះផ្សាយលក់មូលបត្របំណុលជាឯកជន ដើម្បីធានាបាននូវប្រសិទ្ធភាព ស័ក្តិសិទ្ធភាព គណនេយ្យភាព និងតម្លាភាព។ សេចក្តីព្រាងប្រកាសនេះ មាន ៧ ជំពូក និង ២៤ ប្រការ ដោយមានវិសាលភាពអនុវត្តចំពោះការបោះផ្សាយលក់មូលបត្របំណុលឯកជូន នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបុគ្គលពាក់ព័ន្ធនឹងប្រតិបត្តិការនេះ។
ជាលទ្ធផល, ក្រុមប្រឹក្សា អ.ស.ហ. បានពិនិត្យ និងនិងផ្តល់ការឯកភាពជាគោលការណ៍លើសេចក្តីព្រាងប្រកាសនេះ ជាមួយនឹងការណែនាំពិនិត្យ សម្អាត និងកែសម្រួលតាមការចាំបាច់ មុននឹងដាក់ឆ្លងនីតិវិធីបន្ទាប់។
របៀបវារៈទី៣. សេចក្តីព្រាង “យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យអចលនវត្ថុ និងបញ្ចាំ ឆ្នាំ២០២៥-២០៣០” របស់និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ
យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យអចលនវត្ថុ និងបញ្ចាំ ឆ្នាំ២០២៥-២០៣០ មានចក្ខុវិស័យក្នុងការធានាឱ្យការគ្រប់គ្រងការអភិវឌ្ឍវិស័យអចលនវត្ថុនិងបញ្ចាំ ប្រកបដោយចីរភាព ភាពរឹងមាំ ភាពធន់ និងបង្កើននូវភាពជឿជាក់ដល់សាធារណជននិងវិនិយោគិន ព្រមទាំងទទួលការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាមូលដ្ឋានចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ យុទ្ធសាស្ត្រនេះមានគោលបំណងបង្កើនប្រសិទ្ធភាព
និងស័ក្តិសិទ្ធិភាពនៃការអភិវឌ្ឍវិស័យអចលនវត្ថុ និងបញ្ចាំ តាមរយៈការពង្រឹងការគ្រប់គ្រង និងការតាមដានត្រួតពិនិត្យ ការគ្រប់គ្រងនិង/ឬចែករំលែកទិន្នន័យ ការតាមដានសកម្មភាពទិញ-លក់ ឬជួលអចលនវត្ថុ ការការពារអតិថិជននិងលើកកម្ពស់ការយល់ដឹង ការជំរុញការអភិវឌ្ឍ និងនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីបង្កើនភាពជឿទុកចិត្តពីសាធារណជន និងការទាក់ទាញវិនិយោគិន។ ដើម្បីសម្រេចនូវចក្ខុវិស័យ និងគោលបំណង យុទ្ធសាស្ត្រនេះបានផ្តោតអាទិភាពនិងកំណត់វិធានការយុទ្ធសាស្រ្តសំខាន់ៗ ចំនួន ៥ រួមមាន ១). ការអភិវឌ្ឍស្ថាប័ន ២). ការធ្វើបញ្ញត្តិកម្ម និងគោលនយោបាយពាក់ព័ន្ធ ៣). ការលើកកម្ពស់ការយល់ដឹង និងការផ្សព្វផ្សាយ ៤). ទំនើបកម្ម និងការកសាងប្រព័ន្ធទិន្នន័យគ្រប់ជ្រុងជ្រោយ និង ៥). កិច្ចសហប្រតិបត្តិការ។ ជាខ្លឹមសារនិងការរៀបចំ យុទ្ធសាស្ត្រនេះ បានបន្ស៊ីជាមួយនឹងគោលនយោបាយរបស់រដ្ឋាភិបាលសំខាន់ៗ ជាពិសេសយុទ្ធសាស្ត្រអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ២០២៥-២០៣០ ព្រមទាំងការផ្តោតសំខាន់លើការវាយតម្លៃលើក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានស្រាប់, ការវិភាគក្របខណ្ឌគោលនយោបាយ និងយុទ្ធសាស្រ្តពាក់ព័ន្ធវិស័យអចលនវត្ថុនិងបញ្ចាំ, ការវិភាគទីផ្សារ និន្នាការវិវត្ត និងទស្សនវិស័យអចលនវត្ថុនិងបញ្ចាំ និង ការវិភាគអំពីចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និងការគំរាមកំហែង (SWOT) មុននឹងធ្វើការកំណត់យុទ្ធសាស្ត្រអាទិភាព និងដាក់ចេញនូវវិធានការយុទ្ធសាស្ត្រសម្រាប់អនុវត្ត។ ជាចុងក្រោយ, យុទ្ធសាស្រ្តនេះបានដាក់ចេញនូវយន្តការអនុវត្ត និងយន្តការត្រួតពិនិត្យនិងវាយតម្លៃ ប្រចាំគ្រាច្បាស់លាស់ ដើម្បីធានានូវសង្គតិភាព និងប្រសិទ្ធភាព សំដៅឆ្លើយតបនឹងតម្រូវការចាំបាច់នៃការវិវត្តរបស់វិស័យ។
ជាលទ្ធផល, ក្រុមប្រឹក្សា អ.ស.ហ. បានពិនិត្យ និងនិងផ្តល់ការឯកភាពជាគោលការណ៍លើសេចក្តីព្រាងយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យអចលនវត្ថុ និងបញ្ចាំ ឆ្នាំ២០២៥-២០៣០ ជាមួយនឹងការណែនាំឱ្យពិនិត្យ សម្អាត និងកែសម្រួលតាមការចាំបាច់ មុននឹងដាក់ឆ្លងនីតិវិធីបន្ទាប់។