ទិវារត់ប្រណាំងពាក់កណាលម៉ារ៉ាតុងអន្តរជាតិអង្គរ លើកទី៣០ឆ្នាំនេះ ធ្វើឡើងក្រោមពាក្យស្លោក “រត់ដើម្បីភាពយូរអង្វែង” ដោយរំពឹងថា នឹងមានអ្នកចូលរួម រត់ប្រមាណ១ម៉ឺន៥ពាន់នាក់

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និង ជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ អូឡាំពិក បានថ្លែងថា «ទិវារត់ប្រណាំង ពាក់កណ្តាល ម៉ារ៉ាតុង អន្តរជាតិអង្គរ លើកទី៣០ឆ្នាំនេះ រៀបចំឡើង ក្រោមពាក្យស្លោក“រត់ដើម្បីភាពយូរអង្វែង” ដោយបង្កប់អត្ថន័យ សំខាន់ៗចំនួន៤ » ដោយរំពឹងថា នឹងមានអ្នកចូលរួម រត់ប្រមាណជាង១ម៉ឺន៥ពាន់នាក់ ការថ្លែងបែកនេះ ក្នុងពិធីសន្និសីទសារព័ត៌មាន ស្តីពី ទិវារត់ប្រណាំង អន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី៣០ នាព្រឹកថ្ងៃសុក្រទី៣០ខែតុលាឆ្នាំ២០២៥ នៅគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ដោយមានការចូលរួម ពីសំណាក់ លោក សែម ផល្លា នាយកចាត់ការទូទៅ នៃព្រឹត្តិការណ៍រត់ប្រណាំង អន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុង ព្រមទាំង បណ្តាដៃគូសហការ ឧបត្ថម្ភនានា របស់គណៈកម្មាធិការជាតិ អូឡាំពិក ។
ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍បន្តទៀតថា ព្រឹត្តិការណ៍ ឆ្នាំនេះ គឺជាខួបលើកទី៣០ នឹងមានកម្មវិធី ពិសេសៗជាច្រើន ដែលអាចធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកចូលរួមផងដែរ ជាពិសេសឆ្នាំនេះ យើងប្រើពាក្យស្លោក “រត់ដើម្បីភាពយូរអង្វែង” ដោយបង្កប់អត្ថន័យសំខាន់ៗ ចំនួន៤ រួមមាន ៖
១ -គឺជាការអបអរខួប ៣០ឆ្នាំ នៃភាពយូរអង្វែង របស់ព្រឹត្តិការណ៍ (Honor the legacy of the race)។
២ – ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ ព្រឹត្តិការណ៍ បានជួយឱ្យអ្នកចូលរួម រត់គ្រប់វ័យ គ្រប់ជាតិសាសន៍ មានសុខភាពល្អ និងមានទម្លាប់រស់នៅបែប សកម្មតាមរយៈ ការចូលរួមរត់ ជារៀងរាល់ឆ្នាំ ដែលនេះ ហើយជាមូលដ្ឋាន ក្នុងការរស់នៅបានយូរអង្វែង (មានអាយុវែង) (Helping people live longer, healthier, better lives)។
៣ – គឺមោទនភាពចំពោះ ភាពយូរអង្វែង នៃបេតិកភណ្ឌអង្គរ ដែលមាន អាយុកាលជាង៩០០ឆ្នាំ ហើយនៅតែឈរ យ៉ាងរឹងមាំ ផ្តល់ជាផ្ទាំងទសន្សនីយភាពដ៏ ស្រស់ត្រកាលតែមួយគត់ នៅលើពិភពលោក សម្រាប់អ្នករត់ប្រណាំង គ្រប់ទិសទីមកកាន់ឧទ្យានអង្គរនៃយើង ។
៤ – គឺការដឹងគុណ ដល់ភាពយូរអង្វែង នៃសន្តិភាព ដូចពាក្យស្លោក “កីឡារស់ក្នុងសន្តិភាព” មានសន្តិភាព ទើបយើងអាចមានការជួបជុំដ៏សប្បាយរីករាយ ក្នុងថ្ងៃព្រឹត្តិការណ៍។
ឯកឧត្តម រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានគួសរំលេចផងដែរថា ព្រឹត្តិការណ៍ រត់ពាក់កណ្តាលម៉ារ៉ាតុង អន្តរជាតិអង្គរ ចាប់ផ្តើមពីដំបូងកាលពីឆ្នាំ ១៩៩៦ គឺមានអ្នកចូលរួម ប្រមាណ ៤០០ ទៅ ៥០០នាក់ប៉ុណ្ណោះ ។ តែឥឡូវនេះឈានដល់ជាង ១ម៉ឺននាក់ហើយ ។ ជាក់ស្តែងកាលពីឆ្នាំ ២០២៤ មានអ្នកចូលរួមចំនួន ១,៤០០០នាក់ ខណៈឆ្នាំ២០២៥នេះអ្នកចុះឈ្មោះបានជិត១ម៉ឺននាក់រួចហើយ និងកំពុងនៅទទួលយកអ្នកចុះឈ្មោះរត់ជាបន្តបន្ទាប់ទៀត ដែលអាចឈានដល់ជាង១,៥០០០នាក់ ។
ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែមទៀតថា ជនបរទេស មកពីតំបន់អឺរ៉ុប ជាពិសេស ប្រទេសធំៗ សុទ្ធតែមានអ្នកចុះឈ្មោះចូលរួមច្រើនដូចជា លេខ១ ចក្រភពអង់គ្លេស លេខ២ បារាំង និងលេខ៣ អាមេរិក ព្រមទាំងប្រទេសផ្សេងៗជាច្រើនទៀត ដូច្នេះបណ្តាប្រទេសនៅលើពិភពលោកនៅតែទុកចិត្តមកលើការរៀបចំរបស់ប្រទេសកម្ពុជា។
សូមបញ្ជាក់ថា គណៈកម្មការរៀបការ ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង បានប្រគល់ថវិកា សប្បុរសធម៌ ក្នុងឆ្នាំ ២០២៤ដល់ មន្ទីរពេទ្យគន្ធបុប្ផា ទទួលបាន ៥០០០ដុល្លារ អង្គការ Cambodia Trust ទទួលបាន ២៥០០ដុល្លារ អង្គការជនពិការអន្តរជាតិ (Handicap International) ទទួលបាន ២០០០ដុល្លារ និង អង្គការបេះដូងមាសទទួលបាន ១០៥០០ដុល្លារ សម្រាប់បែងចែកបន្តដល់អង្គការសប្បុរសធម៌ចំនួន៦ផ្សេងទៀត ៕