សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យនិងអនុម័តរបៀបវារៈមួយចំនួន។
ជាលទ្ធផល គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបាន អនុម័តទទួលយកសេចក្តីព្រាងច្បាប់ចំនួន៥ ដែលជាសំណើ របស់រាជរដ្ឋាភិបាល មកប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភា ពិនិត្យសិក្សា រួចធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។ សេចក្តីព្រាងច្បាប់ទំាង៥នោះមាន៖
១,សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្តិភាពម្ហូបអាហារអាស៊ាន។
២,សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានស្តីពីបម្លាស់ទីរូបវន្តបុគ្គល។
៣,សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។
៤,សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីពីរ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេឡង់។
៥,សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម៕