ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា បើកសន្និសិទជាតិ ស្ដីពីការអប់រំសម្រាប់វិជ្ជាជីវៈសុខាភិបាល ឆ្នាំ២០២៥

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២៥ ក្រសួងសុខាភិបាលក្រោមការឧបត្ថម្ភពីគម្រោងពង្រឹង ប្រព័ន្ធអប់រំមុនបម្រើការងារសម្រាប់មន្ត្រីសុខាភិបាល ដោយមានការគាំទ្រពីធនាគារពិភពលោក និង KFW បានរៀបចំសន្និសិទជាតិ ស្ដីពីសន្និសីទជាតិស្តីពីការអប់រំសម្រាប់វិជ្ជាជីវៈសុខាភិបាល ក្រោមប្រធានបទពង្រឹងការអប់រំវិជ្ជាជីវៈសុខាភិបាលដើម្បីសេវាថែទាំសុខភាពកាន់តែប្រសើរ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល, វាគ្មិនជាតិ, វាគ្មិនអន្តរជាតិអញ្ជើញមកពីប្រទេសអូស្រ្តាលី សឹង្ហបុរី ហ្វីលីពីន និងឥណ្ឌូនេស៊ី,អ្នកសម្របសម្រួលជាតិ-អន្តរជាតិ, នាយកដ្ឋានចំណុះក្រសួងសុខាភិបាល, មជ្ឈមណ្ឌលជាតិ, មន្ទីរពេទ្យជាតិ, មន្ទីរសុខាភិបាលរាជធានីខេត្ត, សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគទាំង៤, សាកលវិទ្យាល័យវិទ្យាសាស្ត្រ សុខាភិបាល, គ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាលឯកជន, គណៈវិជ្ជាជីវៈ, សមាគមវិជ្ជាជីវៈសុខាភិបាល និង, ដៃគូអភិវឌ្ឍន៍ សរុបជាង៣០០នាក់ នៅសណ្ឋាគារសុខារ៉េស៊ីដង់ រាជធានីភ្នំពេញ។
ពិធីបើកប្រព្រឹត្រ្តទៅក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគ្រប់គ្រង គម្រោងពង្រឹងប្រព័ន្ធអប់រំមុនបម្រើការការងារ តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បាន
ជម្រាបជូនថា សន្និសីទនេះមានរយៈពេល២ថ្ងៃរៀបចំឡើងដើម្បីឱ្យអ្នកចូលរួមបានផ្លាស់ប្តូរចំណេះដឹងបទពិសោធន៍លើ៖ ១.ការអប់រំអន្តរ វិជ្ជាជីវៈក្នុងការអប់រំវិជ្ជាជីវៈសុខាភិបាល ២.ទំនើបកម្មនៃប្រព័ន្ធឌីជីថលក្នុងការរៀន និងបង្រៀនក្នុងការ អប់រំវិជ្ជាជីវៈសុខាភិបាល ៣.ការបង្កើតឧបករណ៍វាយតម្លៃដើម្បីបំពេញតាមការអប់រំផ្អែកលើសមត្ថភាព ៤.សីលធម៌ និងវិជ្ជាជីវៈសុខាភិបាលក្នុងការអប់រំវិជ្ជាជីវៈសុខាភិបាល។
លោកវេជ្ជបណ្ឌិត Sang Minh Le បានកោតសរសើរចំពោះជោគជ័យដ៏ត្រចះត្រចង់របស់កម្ពុជាក្នុងការកែលម្អសុខភាពសាធារណៈ ដែលរួមមាន ការកាត់បន្ថយអត្រាមរណភាពមាតា ទារក និងកុមារ ការគ្រប់គ្រងជំងឺឆ្លងបានយ៉ាងល្អ និងការកើនឡើងអាយុសង្ឃឹមរស់របស់ប្រជាជនដល់ជាង ៧៥ ឆ្នាំ។ លោកបានសម្តែងនូវការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការឈានទៅសម្រេច ការគ្របដណ្តប់សុខភាពជាសកល។
លោកស្រី Hul Sivantha ប្រធាន KFW Office ប្រចាំកម្ពុជា បានកំណត់សំគាល់ពីការគាំទ្រហិរញ្ញប្បទានឥតសំណងរបស់កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ និងមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជាក្នុងការលើកកម្ពស់គុណភាពនៃការអប់រំមុនពេលបម្រើការងារសម្រាប់អ្នកជំនាញសុខាភិបាល។
មានមតិក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា បានលើកឡើងពីយុទ្ធសាស្ត្របញ្ចកោណរបស់ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប្រកបដោយគតិបណ្ឌិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពប្រជាជនកម្ពុជា។ ឯកឧត្តមសាស្ត្រាចារ្យបានសម្តែងនូវការកោតសរសើរចំពោះភាគីពាក់ព័ន្ធដែលបានចូលរួមចែករំលែកចំណេះដឹង និងផ្លាស់ប្តូរបទពិសោធន៏ តាមរយៈការជម្រុញកិច្ចសហការ និងការពិភាក្សាគ្នាឱ្យមានការកែលម្អ ជាបន្តបន្ទាប់នៅក្នុងវិស័យអប់រំវិជ្ជាជីវៈសុខាភិបាល៕