ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ អនុញ្ញាតឱ្យ ឯកឧត្តម Derek Yip ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ ឯកឧត្តម Derek Yip ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដែល កម្ពុជាមានជាមួយអូស្ត្រាលី ក្នុងរយៈពេលជាង ៧០ឆ្នាំកន្លងមក និងបានលើកឡើងការរួមចំណែករបស់អូស្ត្រាលី ក្នុងការកសាងសន្តិភាពនៅកម្ពុជា។ ឯកឧត្តមសន្តិបណ្ឌិត បានជម្រាបជូនពីលទ្ធផលនៃប្រតិបត្តិការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែល គ.ប.ឆ.ប. និងសមត្ថកិច្ចកម្ពុជាសម្រេចបាន ព្រមទាំងគូសបញ្ជាក់ពីការបន្តប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទោះក្នុងកាលៈទេសៈដែលកម្ពុជាកំពុងដោះស្រាយបញ្ហាវិវាទព្រំដែនក៏ដោយ ក៏កិច្ចប្រតិបត្តិការបង្ក្រាបនិងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតែបន្តធ្វើឡើងជាប់ជាប្រចាំ។ ទន្ទឹមនេះ ឯកឧត្តមសន្តិបណ្ឌិត បានគូសបញ្ជាក់ពីសារៈសំខាន់ក្នុងការអនុវត្តនីតិវិធីទៅលើមេក្លោងឧក្រិដ្ឋជន ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិក្នុងកិច្ចការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងចំណាប់អារម្មណ៍ និងទទួលស្គាល់លើការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាត និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ទន្ទឹមនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាបញ្ហាដែលពិភពលោកកំពុងប្រឈម និងបានគូសបញ្ជាក់ថានៅប្រទេសអូស្ត្រាលី មានពលរដ្ឋមួយចំនួន បានក្លាយជាជនរងគ្រោះដោយសារសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានគូសបញ្ជាក់ថា អូស្ត្រាលីត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ពាក់ព័ន្ធកិច្ចការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។
ភាគីទាំងពីរបានពិភាក្សា ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការដែលប្រទេសទាំងពីរធ្លាប់មាននាពេលកន្លងមក និងផ្លាស់ប្តូរយោបល់លើកាលានុវត្តភាព និងទិសដៅកិច្ចសហប្រតិបត្តិការរវាង គ.ប.ឆ.ប. និងស្ថានទូតអូស្ត្រាលី នាពេលអនាគត។