អាជ្ញាធរខេត្តតាកែវ រៀបចំគម្រោងសាងសង់ស្ថានីយចម្រោះទឹកកខ្វក់ ទីលានចាក់សំរាម និងទំនប់ការពារទឹកជំនន់

ខេត្តតាកែវ ៖ ខេត្តតាកែវ នឹងមានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុងនៃគម្រោងសាងសង់ស្ថានីយចម្រោះទឹកកខ្វក់ ទីលានចាក់សំរាម និងទំនប់ការពារទឹកជំនន់។

ឯកឧត្តម ហេង ណន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង ក្រោមហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បានដឹកនាំក្រុមការងារនៃអង្គភាពគ្រប់គ្រងចុះពិនិត្យទីតាំងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង នៃគម្រោងសាងសង់ស្ថានីយចម្រោះទឹកកខ្វក់ ទីលានចាក់សំរាម និងទំនប់ការពារទឹកជំនន់ ក្នុងក្រុងដូនកែវ ខេត្តតាកែវ ដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធចំណុះរដ្ឋបាលខេត្ត។

ក្រុងការងារបានចុះពិនិត្យ និងពិភាក្សាលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងសិក្សាពីទីតាំងលម្អិត នៃគម្រោងសាងសង់ស្ថានីយចម្រោះទឹកកខ្វក់ ទីលានចាក់សំរាម និងទំនប់ការពារទឹកជំនន់ ដែលស្ថិតនៅក្នុងក្រុងដូនកែវ ខេត្តតាកែវ ដែលនឹងត្រៀមរៀបចំនាពេលខាងមុខនេះ ដើម្បីធានាបាននូវការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយប្រសិទ្ធភាព ផាសុកភាពប្រជាពលរដ្ឋ និងសោភណ្ឌភាពទីក្រុងស្អាតផងដែរ៕