សិស្សមន្ត្រី នៃសាលាភូមិន្ទរដ្ឋបាល សរុបប្រមាណ ១០០០ អង្គ/នាក់ ចូលរួមក្នុងកម្មវិធីបាឋកថាស្តីពី «កិច្ចការពារបេតិក ភណ្ឌវប្បធម៌អត្តសញ្ញាណជាតិ» ដើម្បីពង្រឹងសមត្ថភាពបន្ថែម

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី និងជាវាគ្មិនកិត្តិយសក្នុងកម្មវិធីបាឋកថាស្តីពី «កិច្ចការពារបេតិកភណ្ឌវប្បធម៌អត្តសញ្ញាណជាតិ»ជូនគណៈគ្រប់គ្រង មន្ត្រីរាជការ សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ សិស្សមន្ត្រីក្រមការជំនាន់ទី១១ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ និងមន្ត្រីមធ្យម ឆ្នាំ២០២៥ នៃសាលាភូមិន្ទរដ្ឋបាល សរុបប្រមាណ ១០០០ អង្គ/នាក់ ដែលក្នុងនោះ អ្នកចូលរួមដោយផ្ទាល់មានចំនួន ២៤២ អង្គ/នាក់ និងចូលរួមពីចម្ងាយតាមរយៈប្រព័ន្ធ Microsoft Teams ចំនួន ៧៣៦អង្គ/នាក់។
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានសម្តែងនូវសេចក្តីកតញ្ញូដ៏ជ្រាលជ្រៅជូនចំពោះ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ចំពោះការឆ្លៀតពេលដ៏មមារញឹក អញ្ជើញមកសំណេះសំណាល និងចែករំលែកនៅសាលាភូមិន្ទរដ្ឋបាល។ ការគាំទ្រនិងការចូលរួមចំណែករបស់លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី គឺជាសកម្មភាពប្រកប ដោយគុណតម្លៃខ្ពស់ក្នុងការជួយពង្រឹងដំណើរការ នៃការបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាល ដើម្បីអភិវឌ្ឍ មូលធនមនុស្សក្នុងវិស័យសាធារណៈ ឱ្យកាន់តែប្រសើរឡើងជាឧត្តមប្រយោជន៍ម្រាប់ការបម្រើជាតិមាតុភូមិ ស្របតាមចក្ខុវិស័យដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បានជម្រាបជូនថា
ក្នុងក្របខ័ណ្ឌនៃការបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាល បាឋកថា ត្រូវបានចាត់ទុកថាជាវេទិកាដ៏សំខាន់មិនអាចខ្វះបាន ដើម្បីពង្រឹងសមត្ថភាពសិស្សមន្ត្រី និងកម្មសិក្សាការី ។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានសម្តែងនៅក្តីរីករាយដែលបានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកម្មវិធីបាឋកថាស្តីពី «កិច្ចការពារបេតិកភណ្ឌវប្បធម៌អត្តសញ្ញាណជាតិ»ជូនគណៈគ្រប់គ្រង មន្ត្រីរាជការ សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ សិស្សមន្ត្រីក្រមការជំនាន់ទី១១ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ និងមន្ត្រីមធ្យម ឆ្នាំ២០២៥ នៃសាលាភូមិន្ទរដ្ឋបាល សរុបប្រមាណ ១០០០ អង្គ/នាក់ នាថ្ងៃនេះ។ ថ្លែងក្នុងឱកាសអញ្ជើញធ្វើបទបឋកថា លោកជំទាវបណ្ឌិតសភាចារ្យ បានមាន ប្រសាសន៍ថា បេតិកភណ្ឌមិនមែនគ្រាន់តែជាអ្វីដែលជាអតីតកាលឡើយ តែជាមូលដ្ឋានធានានូវអនាគតរបស់អ្នកជំនាន់ក្រោយ។ សំណល់ប្រវត្តិសាស្ត្រជាច្រើនបានបន្សល់ទុកដល់បច្ចុប្បន្នជាភស្ដុតាងបញ្ជាក់អំពីស្នាដៃ និងភាពអស្ចារ្យរបស់ដូនតាខ្មែរទាំងរូបី និងអរូបី។ នៅក្នុងឱកាសនេះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានលើកយកអំពីការរស់នៅ និងវប្បធម៌ អរិយធម៌រាប់ពាន់ឆ្នាំរបស់ខ្មែរ ចាប់តាំងពីការកកើតនៃប្រវត្តិសាស្ត្រខ្មែរពីសម័យបុរេប្រវត្តិខ្មែរ សម័យហ្វូណនដល់សម័យអង្គរ និងកាតព្វកិច្ចរបស់កូនខ្មែរបច្ចុប្បន្នផងដែរ។
លោកជំទាវបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ចងចាំអតីត កាលជាការកសាងអនាគត! បោះបង់វប្បធម៌ ដូចបោះបង់ខ្លួនឯង!។
នៅក្នុងកម្មវិធីបាឋកថាស្តីពី «កិច្ចការពារបេតិកភណ្ឌវប្បធម៌អត្តសញ្ញាណជាតិ» មាតិកាសំខាន់ៗ ដែលលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានលើក យកមកធ្វើបទបង្ហាញនាថ្ងៃនេះ រួមមាន៖ ១. សេចក្តីផ្តើម ២. សមិទ្ធផលការងារសំខាន់ៗ ៣. បញ្ហាប្រឈម ៤. ទិសដៅយុទ្ធសាស្ត្រ ៥. ស្មារតីមួយចំនួនដែលត្រូវចងចាំ និង៦. សំណួរ ចម្លើយ៕