វគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តគោលនយោបាយជាតិ ស្តីពីការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគនៅមូលដ្ឋានសុខាភិបាល ដែលផ្តោតលើការអង្កេតចំណុចប្រវ៉ាឡង់ដល់ក្រុមការងារគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគ

វគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តគោលនយោបាយជាតិ ស្តីពីការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគនៅមូលដ្ឋានសុខាភិបាល ដែលផ្តោតលើការអង្កេតចំណុចប្រវ៉ាឡង់ដល់ក្រុមការងារគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគ

____

រាជធានីភ្នំពេញ៖  ឯកឧត្តមសាស្រ្តាចារ្យកុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារបច្ចេកទេសគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគនៃក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តគោលនយោបាយជាតិ ស្តីពីការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគនៅមូលដ្ឋានសុខាភិបាលឆ្នាំ២០២៣ ដែលផ្តោតលើការអង្កេតចំណុចប្រវ៉ាឡង់ដល់ក្រុមការងារគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគ នៃមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងចែករំលែកបទពិសោធន៍ និងចំណេះដឹងថ្មីៗបន្ថែមទៀត  ចូលរួមបន្តពង្រឹងអោយបានកាន់តែល្អប្រសើរ លើការអនុវត្តរបស់ “ក្រុមការងារគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគនៃមន្ទីរពេទ្យ” ដើម្បីឱ្យដំណើរការនៃការងារគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគកាន់តែមានប្រសិទ្ធភាព គុណភាព ឈរលើភស្តុតាងវិទ្យាសាស្រ្តជាក់ស្តែង (evidence-based practices) តាមរយៈការប្រមូលនិងវិភាគព័ត៌មានទិន្នន័យ Point Prevalent Survey និងដាក់ចេញនូវអន្តរាគមន៍ជូនអ្នកជំងឺ កាត់បន្ថយភាពស៊ាំនឹងឱសថប្រឆាំងមេរោគនៅកម្ពុជា។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋលេខាធិការ បានរំលឹកដល់ថ្នាក់ដឹកនាំមន្រ្តីរាជការនៃមន្ទីរពេទ្យកុមារគន្ធបុប្ផា គឺជាមន្ទីរពេទ្យជាតិមួយប្រកបដោយគុណតម្លៃថ្លៃថ្លា ជាមន្ទីរពេទ្យតំណាងអនាគតនៃកុមារកម្ពុជាទាំងឡាយដែលមាតាបិតាពាំនាំមកទទួលការព្យាបាលថែទាំ បង្ការ ស្តារលទ្ធភាពពលកម្មឈរលើស្មារតីមនុស្សធម៌ដ៏ខ្ពង់ខ្ពស់បំផុត។ ឱសថប្រឆាំងមេរោគជាចំណែកមួយសំខាន់ សំរាប់ការបន្តរស់រាន្តរបស់មនុស្សជាតិ និងបរិស្ថានធម្មជាតិទាំងមូល ដែលគ្រប់ៗគ្នាមានភារកិច្ចចូលរួមដឹងឮ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងគត់មុត។

នាឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋលេខាធិការ និងប្រតិភូបានធ្វើទស្សនកិច្ច ទៅតាំងបម្រើសេវា ពិនិត្យមើលវឌ្ឍនភាពនៃគុណភាព បច្ចេកវិទ្យាវេជ្ជសាស្ត្រ និងពិសេស សួរសុខទុក្ខ សុំយោបល់ពីបងប្អូនប្រជាពលរដ្ឋជាមាតាបិតាកុមារសម្រាកក្នុងរមន្ទីរពេទ្យ អំពីអ្វីដែលលោកយល់ឃើញ និងមានសំណូមពរ។ ឯកឧត្តមសាស្រ្តាចារ្យ បានសម្តែងនូវការកោតសរសើរចំពោះភាពរីកចម្រើនទាំងហេដ្ឋារចនាសម្ព័ន្ធ ទាំងបច្ចេកទេស ទាំងការបម្រើសេវាសុខភាពឈរលើក្រមសីលធម៌វិជ្ជាជីវៈ  គុណភាព ប្រសិទ្ធភាព និងទំនុកចិត្ត។ ជាមួយនេះផងដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋលេខាធិការបានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងនៃថ្នាក់ដឹកនាំ បុគ្គលិក មន្ត្រីសុខាភិបាលរបស់មន្ទីរពេទ្យ ក្នុងការបម្រើសុខភាពកុមារកម្ពុជាដ៏ច្រើនលើសលុបក្នុងរយៈពេលកន្លងមក។

គួរកត់សម្គាល់ផងដែរថាក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះមានការចូលរួមពី ឯកឧត្តមសាស្រ្តាចារ្យរង អនុរដ្ឋលេខាធិការ ហេង សុទ្ធី លោក DENIS LAURENT អគ្គនាយកមូលនិធិមន្ទីរពេទ្យកុមារគន្ធបុប្ផា លោកប្រធានមន្ទីរពេទ្យកុមារគន្ធបុប្ផា លោក លោកស្រីសាស្រ្តាចារ្យវេជ្ជបណ្ឌិតជាគ្រូសម្របសម្រួលមកពីនាយកដ្ឋានមន្ទីរពេទ្យ មន្ទីរពេទ្យកាល់ម៉ែត មន្ទីពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុម:  មន្ទីពេទ្យមិត្តភាពខ្មែរសូវៀត មន្ទីពេទ្យព្រះអង្គឌួង មន្ទីពេទ្យកុមារជាតិ មជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក លោក លោកស្រីវេជ្ជបណ្ឌិត ទន្តបណ្ឌិត ឱសថការី មន្រ្តីរាជការ និងក្រុមការងារគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគនៃមន្ទីរពេទ្យគន្ធបុប្ផា ដៃគូអភិវឌ្ឍន៍។