អភិបាលស្រុកតាំងគោក ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាព ដំណាំដំឡូង របស់កសិករ ដែលរងផលប៉ះពាល់ ដោយសារ ទឹកភ្លៀង និងស្វែងរកដំណោះស្រាយជូន

លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានដឹកនាំ មន្ត្រីជំនាញ ចុះពិនិត្យមើល ស្ថានភាព ដំណាំដំឡូង របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ស្រុកតាំងគោក ដែលបានរងផលប៉ះពាល់ ដោយសារភ្លៀងធ្លាក់ជាប់ៗគ្នា ជាច្រើនថ្ងៃ ដែលធ្វើកន្លែង ខ្លះដំណាំដំឡូងរបស់ប្រជាពលរដ្ឋ ត្រូវបានខូចខាត។

ក្នុងឱកាសចុះពិនិត្យ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក ហាក់ ម៉ុងហួត ក៏បានជំរុញឲ្យអាជ្ញាធរភូមិ ឃុំ ត្រូវមានភាពម្ចាស់ការ ក្នុងពេលមានគ្រោះមហន្តរាយធម្មជាតិ កើតមានក្នុង ភូមិសាស្ត្រខ្លួន ដោយធ្វើយ៉ាងណាកុំឲ្យ មានផលប៉ះពាល់ ដល់ប្រជាពលរដ្ឋ ដោយត្រូវប្រើប្រាស់ គ្រប់វិធានការចាំបាច់នានា ក្នុងការដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ។

លោក អភិបាលស្រុក ក៏បានណែនាំ ដល់អាជ្ញាធរ និងមន្ត្រីជំនាញ ពាក់ព័ន្ធ ត្រូវរួមសហការគ្នាធ្វើការវាយតម្លៃពីផលប៉ះពាល់ និងការខូចខាតដំណាំដំឡូងមីដោយសារទឹកភ្លៀងនេះឲ្យបានច្បាស់លាស់ និងលើកផែនការជាក់លាក់ ដើម្បីជាវិធានការជួយដល់ប្រជាពលរដ្ឋ, ជាពិសេសត្រូវយកចិត្តទុកដាក់លើការងារជួសជុលហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន និងដំណាំស្រូវឲ្យបានទាន់ពេលវេលា និងឆាប់រហ័ស ។

ក្នុងឱកាសនោះ លោក បានសំណូមពរឲ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋបន្តបង្កើនការប្រុងប្រយ័ត្នពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ដោយត្រូវត្រៀមឆ្លើយតបជាប្រចាំ ជាពិសេសទីតាំងដែលងាយរងការទឹកលិច។ ម៉្យាងទៀត ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហាសុខភាពអនាម័យរបស់ប្រជាពលរដ្ឋ ព្រមទាំងធ្វើការណែនាំដល់ប្រជាពលរដ្ឋ ជាពិសេសសំខាន់កុមារតូចៗ និងសិស្សធ្វើដំណើរទៅកាន់សាលារៀន ហើយនៅពេលជួបនូវបញ្ហាសុខភាព ឬសត្វអសិរពិសខាំ ត្រូវប្រញាប់បញ្ជូនទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកឲ្យបានទាន់ពេលវេលា៕