សិស្សប្រុសម្នាក់ស្លាប់ និងសិស្សានុសិស្ស៧៩នាក់រងបួស ធ្ងន់ស្រាល បន្ទាប់ពីករណីដួលរលំអគារអធិដ្ឋាន សាសនាមួយនៅលើកោះ Java ប្រទេសឥណ្ឌូណេស៊ី 

ក្រុមមន្ត្រីបាននិយាយថាសាលអគារបន់ស្រន់បែបសាសនាមួយដែលមានកម្ពស់៤ជាន់នៅក្នុងសាលាបង្រៀនសាសនាឥស្លាមដែលស្ថិតនៅលើកោះ Java ឬ កោះជ្វាដ៏សំខាន់របស់ប្រទេសឥណ្ឌូនេស៊ីបានដួលរលំកាលពីយប់ថ្ងៃច័ន្ទនេះ ដោយបណ្តាលឲ្យសិស្សម្នាក់ស្លាប់ និងធ្វើឱ្យមនុស្សរាប់សិបនាក់ផ្សេងទៀតភ័យខ្លាចជាប់គាំងនៅខាងក្រោមគំនរបាក់បែកនៃអគារនោះ។ ក្រុមអ្នកជួយសង្គ្រោះ ប៉ូលីស និងទាហានកំពុងស្វែងរកយ៉ាងសកម្មតាមរយៈកំទេចកំទីបេតុង ដោយពួកគេបានកំពុងស្វែងរកអ្នកនៅរស់រានមានជីវិតក្នុងប្រតិបត្តិការជួយសង្គ្រោះពេញមួយយប់ ដែលគាំទ្រដោយឧបករណ៍គ្រឿងចក្រធុនធ្ងន់ជាច្រើនគ្រឿងដែរ។ ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលដែលសិស្សានុសិស្សជាង១០០នាក់កំពុងអធិស្ឋានសម្រាប់ពេលរសៀលរបស់ពួកគេនៅក្នុងសាលនោះ ដែលសាលនេះបានកំពុងសាងសង់នៅក្នុងសាលាបង្រៀនសាសនាអ៊ីស្លាមដែលមានឈ្មោះថា Al Khoziny ក្នុងទីក្រុង Sidoarjo ដែលជាទីប្រជុំជនក្នុងខេត្ត East Java នេះបើយោងតាមប៉ូលីសក្នុងតំបន់បានបញ្ជាក់ប្រាប់អ្នកព័ត៌មាន។ អ្នកនាំពាក្យប៉ូលីសនៃ East Java លោក Jules Abraham Abast បាននិយាយថាករណីបាក់រលំសាលអគារនេះភ្លាមៗបានធ្វើឱ្យសិស្សប្រុសម្នាក់ស្លាប់ និងមនុស្ស៧៩នាក់ផ្សេងទៀតរងរបួស ខ្លះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរផងដែរ។ អ្នកនៅរស់រានមានជីវិតបាននិយាយថា ជនរងគ្រោះភាគច្រើនជាសិស្សប្រុស ដោយសារតែក្រុមសិស្សនារីឬស្ត្រីកំពុងចូលទៅបន់ស្រន់នៅបន្ទប់ដាច់ដោយឡែកពីគ្នានៅនៃអាគារនោះ។ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងអ្នកគ្រប់គ្រង បានបញ្ជូនពួកគេទៅកាន់មន្ទីរពេទ្យបង្អែកក្នុងស្រុកហើយ ដោយខ្លះរបួសបាក់ឆ្អឹងករ និង ប៉ះពាល់ក្បាលថែមទៀតផង។ លោក Abast បាននិយាយថា សាលបន់ស្រន់នេះមានអាយុកាលចាស់ ដែលដើមឡើយមានត្រឹមតែពីរជាន់ប៉ុណ្ណោះ ប៉ុន្តែត្រូវបានជួសជុលឡើងវិញដោយបន្ថែមពីរជាន់ទៀតក្នុងគោលបំណងផ្តល់ការអប់រំផ្នែកសាសនាដោយគ្មានច្បាប់អនុញ្ញាតច្បាស់លាស់នោះទេ។ គិតត្រឹមអាធ្យាតថ្ងៃចន្ទនោះដែរ ក្រុមអ្នកជួយសង្រ្គោះបានទាញយកអ្នករបួស៤នាក់ទៀតចេញពីកំទេចកំទី អំឡុងពេលនៃកិច្ចខិតខំប្រឹងប្រែងស្វែងរកដ៏ស្វិតស្វាញ ហើយនៅតែព្យាយាមជួយសង្គ្រោះកុមារបីនាក់ដែលនៅរស់ ប៉ុន្តែពួកគេជាប់នៅក្រោមគំនរបាក់បែកដដែល។ លោក Nanang Sigit ដែលបានដឹកនាំកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនេះដោយផ្ទាល់បាននិយាយថា៖ ក្រុមរបស់លោកបានដំណើរផ្តល់ជំនួយជាបំពង់អុកស៊ីសែន និងទឹកទៅកាន់អ្នកដែលជាប់នៅខាងក្រោមគំនរអគារនិងកំទេចកំទី ដើម្បីរក្សាពួកគេឱ្យនៅរស់រានមានជីវិត។ លោកបានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះហាក់មានភាពយឺតយ៉ាវបន្តិច ដោយសារហានិភ័យនៃស្ថានការបាក់រលំអាគារនេះកាន់តែបន្ថែមទំងន់ទៀត បន្ទាប់ពីបំណាក់ថ្មបេតុងជ្រៀតចូលក្នុងជម្រឹងដែកយ៉ាងជ្រៅ៕

សម្រួលអត្ថបទ៖ សុផារិន្ទ