ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អញ្ជើញពិនិត្យនិងបើកវិញ្ញាសាប្រឡងប្រជែងជ្រើសរើសសិស្សក្រឡាបញ្ជីជំនាន់ទី១០ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានរៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សក្រឡាបញ្ជីជំនាន់ទី១០ ដំណាក់កាលវិញ្ញាសាសរសេរ សម័យប្រឡងថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដែលមានបេក្ខជន បេក្ខនារី បានដាក់ពាក្យប្រឡងប្រជែងជ្រើរើសសរុបចំនួនជាង ១៦០០ អង្គនាក់ នៅរាជធានីភ្នំពេញ។

ថ្លែងក្នុងកម្មវិធីប្រឡងប្រជែងជ្រើសរើសសិស្សក្រឡាបញ្ជីជំនាន់ទី១០ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានផ្តាំផ្ញើរដល់បេក្ខជន បេក្ខនារីទាំងអស់ថាៈ ចំពោះការប្រឡងប្រជែង ជ្រើសរើសនាពេលនេះ គឺជាពេលវេលាដ៍សំខាន់ ដែលនឹងអាចកំណត់ជោគវាសនារបស់បេក្ខជន បេក្ខនារី ទាំងអស់ ដែលបានមកប្រឡងគ្រប់រូបក្នុងការចូលមកបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋក៍ដូចជាសង្គមជាតិទាំងមូល ដូច្នេះបេក្ខជន បេក្ខនារី ទាំងអស់ដែលមានវត្តមាននៅទីនេះ ត្រូវប្រឹងប្រែងក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លូនអោយអស់ពីសមត្ថភាព ដើម្បីទទួលបាននូវជោគជ័យ។ ព្រោះការប្រឡងប្រជែងជ្រើសរើសនេះទៀតសោធន៍ មិនមែនគ្រាន់តែជាអ្នកចេះគឺជាប់នោះទេ តែអ្នកដែលមានសមត្ថភាពជាងគេទើបជាប់ពិតប្រាកដ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍បន្តថា មុខវិជ្ជាដែលបេក្ខជនត្រូវប្រកួតប្រជែងនាពេលនេះគឺចែកចេញជាបីគឺ សម្រាប់ពេលព្រឹកគឺ មុខវិជ្ជានីតិរដ្ឋធម្មនុញ្ញ ហ្នឹង មុខវិជ្ជានីតិព្រហ្មទណ្ឌ (ច្បាប់សារធាតុ) នឹងពេលរសៀល មុខវិជ្ជានីតិរដ្ឋប្បវេណី(ច្បាប់សារធាតុ) ដូចនេះហើយសូមបេក្ខជន បេក្ខនារី ទាំងអស់កុំអោយពេលវេលាកន្លងទៅអត់ប្រយោជន៍ និងគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយមុននិងចាប់ផ្តើមសរសេរអត្ថាធិប្បាយ ព្រោះនេះជាការប្រឡងប្រជែងជ្រើសរើស មិនមែនគ្រាន់តែជាការប្រឡងយកតែមួយជាប់នោះទេ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា គ្រប់ការប្រឡងទាំងអស់បេក្ខជន បេក្ខនារី ត្រូវគោរពតាមបទបញ្ជាផ្ទៃក្នុងរបស់បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ចំពោះបេក្ខជនណាដែលប្រព្រឹត្តិផ្ទុយនិងបទបញ្ជា គឺត្រូវទទួលពិន័យដោយត្រូវបណ្តេញចេញពីការប្រឡងប្រជែង និងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ។ ការប្រឡងប្រជែងនេះក៍មានអង្គភាពប្រឆាំងអំពើពុករលួយ ដែលវត្តមានពួកគាត់នាពេលនេះ គឺដើម្បីធានាបានថាកិច្ចដំណើរការប្រព្រឹត្តទៅគឺស្របតាមច្បាប់បញ្ញតិ្តជាធរមាន និងដើម្បីអោយដំណើរការប្រឡងនេះមានតម្លាភាព មានភាពសុក្រឹត្រហ្នឹងយុត្តិធម៌ត្រឹមត្រូវ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៍បានផ្តាំផ្ញើរដល់បេក្ខជន បេក្ខនារី ជាងមួយពាន់ប្រាំមួយរយអង្គនាក់បន្តទៀតថាៈ ចំពោះការប្រឡងប្រជែងជ្រើរើសនាពេលនេះ បេក្ខជន បេក្ខនារី ត្រូវតែបង្ហាញនូវសមត្ថភាព និងភាពជឿជាក់លើខ្លួនអែងថា ក្នុងចំណោមបេក្ខជន បេក្ខនារីទាំងអស់ គឺយើងត្រូវតែចេះជាងគេ ដូចនេះយើងត្រូវប្រកាន់ខ្ជាប់នូវការប្រុងប្រយ័ត្នអោយបានខ្ពស់ ហើយព្យាយាមសរសេរឱ្យបានច្រើនចំគោលដៅល្អ ធ្វើអោយដល់ទីបញ្ចប់ និងប្រើឱ្យអស់លទ្ធភាព សមត្ថភាពដែលយើងមាន ដើម្បីទទួលបានឱកាសទទួលជ័យលាភីក្នុងការប្រឡងប្រជែងជ្រើសរើសនេះទទួលបាននូវភាពជោគជ័យ និងឈានបន្តទៅដំណាក់កាលវិញ្ញាសារបន្តទៀត។ ហើយក្នុងជ័យលាភីដំណាក់កាលទីមួយគឺ គណៈកម្មការជ្រើសរើសយកតែ ១៥០អង្គនាក់តែប៉ុណ្ណោះ សម្រាប់បន្តទៅដំណាក់កាលទី២ នៃជ័យលាភីផ្តាច់ព្រ័ត៕