ព្រឹត្តិការណ៍រត់អបអរសាទរការអភិវឌ្ឍន៍ប្រទេសឥណ្ឌា ឆ្នាំ២០២៥(Viksit Bharat Run 2025)

ព្រឹកថ្ងៃទី 28 ខែកញ្ញា ឆ្នាំ 2025 ស្ថានទូតឥណ្ឌាប្រចាំនៅ ទីក្រុងភ្នំពេញបានរៀបចំ ”ព្រឹត្តិការណ៍រត់អបអរសាទរការអភិវឌ្ឍន៍ប្រទេសឥណ្ឌា ឆ្នាំ២០២៥” (Viksit Bharat Run 2025) មានចម្ងាយ ៥ គីឡូម៉ែត្រ ដោយសហការជាមួយសមាគមឥណ្ឌានៃសហគមន៍កម្ពុជា (IACC)។ អ្នកចូលរួមមានប្រមាណ ជាង២១០នាក់ មកពីសមាគមឥណ្ឌានៃសហគមន៍កម្ពុជាដែលជាជនជាតិឥណ្ឌា ប្រជាពលរដ្ឋខ្មែរ និងតារាល្បីៗមួយចំនួនទៀតបានចូលរួមយ៉ាងសាទរក្នុងការរត់នេះ។

រដ្ឋាភិបាលនៃប្រទេសឥណ្ឌាបានរៀបចំគំនិតផ្តួចផ្តើមសហគមន៍ដ៏អស្ចារ្យនៃការរត់សម្រាប់ឥណ្ឌាអភិវឌ្ឍន៍ឆ្នាំ២០២៥ នេះ (Viksit Bharat Run 2025) នៅក្នុង ទីក្រុងចំនួន ១២៥ ដែលបានជ្រើសរើសទូទាំងពិភពលោក ដើម្បីលើកកម្ពស់ការរួបរួម និងពង្រីកភាពជាដៃគូជាសកល។ កម្មវិធីរត់នេះ បានបង្ហាញពីអភិបាលកិច្ចដែលមានការផ្លាស់ប្តូរ និងសមិទ្ធិផលសេដ្ឋកិច្ច ដែលមានការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន របស់ប្រទេសឥណ្ឌា ហើយក៏មានគោលបំណងពង្រឹង ចំណងមិត្តភាព និងការចូលរួម ជាមួយសហគមន៍ឥណ្ឌានៅទូទាំងពិភពលោកផងដែរ។ ការរត់នេះ ក៏បា បង្ហាញពីដំណើរអភិវឌ្ឍន៍ និងដំណើររឿងរីកចម្រើនរបស់ប្រទេសឥណ្ឌាឆ្លងកាត់សសរស្តម្ភសំខាន់ ៗដូចជា៖ សេវាកម្ម វប្បធម៌ សេដ្ឋកិច្ច បរិស្ថាន ការចូលរួមរបស់យុវជន។ល។ ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌា Vanlalvawna Bawitlung បានលើកទឹកចិត្តអ្នកចូលរួម ក្នុងការរួមចំណែកដល់ ភាពជាដៃគូជាសកល និងដល់គោលដៅរបស់ប្រទេសឥណ្ឌាដែលនឹងក្លាយជា ប្រទេសអភិវឌ្ឍនៅឆ្នាំ ២០៤៧ ។

កម្មវិធីនេះក៏មានការតាំងពិព័រណ៍រូបថតដើម្បីបង្ហាញនិងរំលេចស្នាដៃ ថ្មីៗរបស់ឥណ្ឌា។ ព្រឹត្តិការណ៍នេះ គឺជាយុទ្ធនាការផ្សព្វផ្សាយជាសកល ដ៏ធំបំផុតមួយរបស់ប្រទេសឥណ្ឌា ដើម្បីធ្វើយុវជនមានថាមពល ឆ្ពោះទៅដល់ការសម្រេចគោលដៅជាតិរបស់ខ្លួន។ កម្មវិធីរត់នេះបានបញ្ជាប់ទៅប្រកបដោយ បរិយាកាសរីករាយ និងមានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកចូលរួមរត់ទាំងអស់។