ការបំប៉នសមត្ថភាពលើមុខវិជ្ជាវិទ្យាសាស្រ្តតាមការបង្រៀនដោយផ្សាយបន្តផ្ទាល់ (Live Teaching) សម្រាប់ត្រៀមប្រឡងចូលសាកលវិទ្យាល័យ

ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ (CDDE) នឹងរៀបចំកម្មវិធីបង្រៀនជាលក្ខណៈផ្សាយបន្តផ្ទាល់ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះតទៅ សម្រាប់ប្អូនៗសិស្សានុសិស្សដែលមានបំណងប្រឡងចូលរៀននៅកម្រិតឧត្តមសិក្សា លើមុខវិជ្ជាចំនួន៤ រួមមានរូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងគណិតវិទ្យា។ 

ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គោលដៅនៃកម្មវិធីបង្រៀននេះ គឺដើម្បីជាជំនួយដល់ការបំប៉នសមត្ថភាពដល់សិស្សានុសិស្ស ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងផ្តល់ឱកាសប្រកបដោយសមធម៌សម្រាប់បេក្ខជនដែលមានបំណងប្រឡងចូលរៀននៅគ្រឹះស្ថានឧត្តមសិក្សា។ 

ជារៀងរាល់ឆ្នាំមានបេក្ខជន ប្រមាណ ៤.០០០នាក់ បានដាក់ពាក្យប្រឡងចូលរៀននៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ហើយជិត ៤.០០០នាក់ទៀត ក៏ត្រូវដាក់ពាក្យប្រឡងចូលរៀននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ក្រៅពីនេះ ដេប៉ាតឺម៉ង់គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា ក៏សុទ្ធសឹងតែជាកម្មវិធីសិក្សាថ្នាក់ឧត្តមសិក្សាដែលមានបេក្ខជន ដាក់ពាក្យប្រឡងចូលរៀនច្រើន។ អាស្រ័យហេតុនេះហើយ ទើបក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ នឹងរៀបចំកម្មវិធីបង្រៀនជាលក្ខណៈផ្សាយបន្តផ្ទាល់ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះតទៅ ដើម្បីបង្ហាញពីគន្លឹះដោះស្រាយសំណួរនិងលំហាត់ ដែលបង្រៀនដោយសាស្រ្តាចារ្យដ៏ល្បីៗនិងមានបទពិសោធន៍ខ្ពស់។  

ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា បានបញ្ជាក់ថា កម្មវិធីបង្រៀនតាមប្រព័ន្ធសមកាលកម្ម ឬការបង្រៀនដោយការផ្សាយបន្តផ្ទាល់ (Live Teaching) នឹងមានជារៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ លើមុខវិជ្ជាដូចខាងក្រោម ៖

១.  មុខវិជ្ជារូបវិទ្យា បង្រៀនដោយលោកសាស្ត្រាចារ្យ ហង់ ស៊ីម  ម៉ោង ១៦:០០ – ១៧:០០ 

២.  មុខវិជ្ជាគីមីវិទ្យា បង្រៀនដោយលោកសាស្ត្រាចារ្យ ជ័យ ថាវី  ម៉ោង ១៧:០០ – ១៨:០០ 

៣. មុខវិជ្ជាជីវវិទ្យា បង្រៀនដោយលោកសាស្ត្រាចារ្យ ធូ ភន ម៉ោង ១៨:០០ – ១៩:០០

៤. មុខវិជ្ជាគណិតវិទ្យា  បង្រៀនដោយលោកសាស្ត្រាចារ្យ នាង បូ ម៉ោង ១៩:០០ – ២០:០០ ។

សូមបញ្ជាក់ថា សិស្សានុសិស្សគ្រប់រូបអាចចូលរៀនក្នុងកម្មវិធីនេះដោយឥតគិតថ្លៃ ដោយចូលទស្សនាការបង្រៀនដោយការផ្សាយបន្តផ្ទាល់តាម https://live-teaching.duraseksa.gov.kh ឬស្កេនលើ QR Code។ ក្នុងអំឡុងពេលនៃការរៀន សិស្សដែលមានចម្ងល់អាចសាកសួរដោយផ្ទាល់ទៅកាន់សាស្រ្តាចារ្យ ហើយចម្ងល់ទាំងនោះនឹងទទួលបានការស្រាយបំភ្លឺតបជូនទៅកាន់សិស្សានុសិស្សវិញ។ ក្រៅពីការបង្រៀនដោយការផ្សាយបន្តផ្ទាល់ពីសំណាក់សាស្រ្តាចារ្យទាំង៤រូបនេះ មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយក៏នឹងអញ្ជើញនិស្សិតឆ្នាំទី១នៃសាកលវិទ្យាល័យ ដែលទើបប្រឡងចូលរៀនដោយជោគជ័យកាលពីឆ្នាំមុន មកចែករំលែកបទពិសោធន៍ស្តីពីការប្រឡង និងការត្រៀមខ្លួនដើម្បីប្រឡងឱ្យបានជោគជ័យ។

ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ គោរពជូនលោកសាស្រ្តាចារ្យគ្រប់រូប ចំពោះការចំណាយពេលវេលាបង្រៀន ដោយកម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីជាប្រយោជន៍សម្រាប់សិស្សានុសិស្សកម្ពុជា៕