លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បន្តចុះត្រួតពិនិត្យវឌ្ឍនភាពការងារទីតាំងបន្ទាយថ្មី (អគារសេនាធិការដ្ឋាននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺថ្មី)

កំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​​ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥​​ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថ រួមនិងក្រុមការងារវិស្វករជំនាញសាងសង់ បន្តចុះត្រួតពិនិត្យវឌ្ឍនភាពការងារទីតាំងបន្ទាយថ្មី (អគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺថ្មី) ដែលបានចាក់ដីរួចរាល់ និងធ្វើរបងជុំវិញជាបណ្តោះអាសន្នសិនអស់ជាច្រើនថ្ងៃមកហើយ​​ ដោយនិងសម្ភោធបើកការដ្ឋានសាងសង់ជាផ្លូវការ នាពេលខាងមុខនេះផងដែរ។ អគារសេនាធិការដ្ឋាន​ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺថ្មីនេះ​​ មានទីតាំងតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអន្លង់គង់ ឃុំ​ត្រពាំងគង​ ស្រុក​សំរោងទង​ ខេត្តកំពង់ស្ពឺ។

នាពេលកន្លងមក លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន តែងតែដឹកនាំក្រុមការងារកងរាជអាវុធហត្ថចុះត្រួតពិនិត្យជាក់ស្តែងដោយផ្ទាល់នូវវឌ្ឍនភាពការងារទីតាំងបន្ទាយថ្មីនេះ​​ និងជាពិសេសមិនភ្លេចឡើយចំពោះការអុជធូបសែនព្រេនសុំសេចក្តីសុខសប្បាយពីម្ចាស់ទឹកម្ចាស់ដី អារុក្ខអារក្សអ្នកតា ដែលស្ថិតថែរក្សាឃុំគ្រងនៅកន្លែងទីតាំងនេះផងដែរ។

សកម្មភាព​ទាំងនេះដែរ ស្តែងចេញអោយឃើញពីការយកចិត្តទុក្ខដាក់បំផុតចំពោះការបំពេញតួនាទីភារកិច្ចការងារ​​ ស្របតាមទិសស្លោករបស់ ឯកឧត្តម​​ នាយ​ឧត្តម​សេនីយ៍​​ សៅ​​ សុខា​​​​ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ​​ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​​ បានដាក់ចេញសម្រាប់កងរាជអាវុធហត្ថទូទាំងប្រទេសអនុវត្តឲ្យបានខ្ជាប់ខ្ជួនគឺ (ជួយគិត ជួយធ្វើ រួមគ្នាទទួលខុសត្រូវ)។