ដើម្បីបណ្តុះបណ្តាលធនធានមនុស្សវិស័យអគ្គិសនី ប្រព្រឹត្តដោយជោគជ័យ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ បានរៀបចំព្រឹត្តការណ៍ប្រកួតជំនាញ «ពានរង្វាន់អគ្គិសនីបំភ្លឺផ្លូវសូត្រ»

ដើម្បីគាំទ្រក្នុងការបណ្តុះបណ្តាលធនធានមនុស្សវិស័យអគ្គិសនីកម្ពុជា និងចិន ប្រព្រឹត្តដោយជោគជ័យ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ម៉ុល វិបុល អនុរដ្ឋលេខាធិការ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងក្នុងព្រឹត្តការណ៍ប្រកួតជំនាញ «ពានរង្វាន់អគ្គិសនីបំភ្លឺផ្លូវសូត្រ» ឆ្នាំ២០២៥ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ រៀបចំដោយអគ្គិសនីកម្ពុជា និងសមាគមសហគ្រាសអគ្គិសនី នៃសភាពាណិជ្ជកម្មចិននៅកម្ពុជា ក្រោមកិច្ចសហការរៀបចំដោយ ក្រុមហ៊ុនស៊ី.អេច.ឌី (ខេមបូឌា) ហាយដ្រូផៅវ័រ ឌីវេឡុបមេន ក្រុមហ៊ុន ខេមបូឌាន ផៅវ័រ ហ្គ្រីត។
ក្នុងពិធីនេះមានការចូលរួមពីសំណាក់ ឯកឧត្តម ពុំ ចាន់ថា ទីប្រឹក្សាក្រសួងរ៉ែ និងថាមពល, ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនផងដែរ។
ឯកឧត្តម បានបន្តថា ការប្រកួតមានរយៈពេល២ថ្ងៃ តាមរយៈប្រឡងទ្រឹស្តី ការប្រឡងជាក់ស្តែង និងការឆ្លើយសំណួរផ្នែកចំណេះដឹង ដើម្បីបង្ហាញសមត្ថភាពគ្រប់មុខងារ ក្រោមប្រធានបទ «លើកកម្ពស់សមត្ថភាព តាមរយៈការប្រកួតជំនាញ អគ្គិសនីបំភ្លឺផ្លូវសូត្រ រួមចិត្តរួមកម្លាំងជាមួយកម្ពុជា និងបន្តការផ្ទេរចំណេះដឹង ជំនាញពីមួយជំនាន់ទៅមួយជំនាន់» បានទាក់ទាញបេក្ខជនកម្ពុជា និងចិន ចូលរួមប្រកួត ដែលមកពីបណ្តាលក្រុមហ៊ុនវិនិយោគចិននៅកម្ពុជា ដូចជា៖ Hua Dian និង Hua Neng ក្រុមហ៊ុនផ្សេងៗទៀត មកប្រកួតប្រជែងជាមួយគ្នាក្នុងវេទិកាតែមួយ។
ឯកឧត្តម គួសបញ្ជាក់ទៀតថា ប្រជាពលរដ្ឋម្នាក់ៗ ត្រូវមានជំនាញមួយក្នុងខ្លួនយ៉ាងតិចសម្រាប់ជីវិត។ វិស័យការងារបានជំរុញឱ្យមានការអភិវឌ្ឍ ហើយវិស័យឯកជន បានចូលរួមចំណែកធ្វើឱ្យមានការកើនឡើង នូវកម្លាំងសេដ្ឋកិច្ចជាតិ តាមរយៈកម្លាំងពលកម្ម ការបង្កើតឱ្យមានរោងចក្រ សហគ្រាស សិប្បកម្មជាដើម។ ដូច្នេះ ការបណ្តុះបណ្តាលធនធានមនុស្សជំនាញច្បាស់លាស់ ជាចំណុចមួយដ៏សំខាន់ដើម្បីឆ្លើយតបទៅនឹងតម្រូវការងារជាក់ស្តែង និងធានាបាននូវការផលិតកម្មនៅក្នុងរោងចក្រ សហគ្រាស នានាផងដែរ។
សូមបញ្ជាក់ដែរថា ក្នុងចំណោមក្រុមហ៊ុនឯទៀត ក៏ដូចជា ក្រុមហ៊ុនវិនិយោគអគ្គិសនីចិនដំបូងបំផុតមួយ ដែលបានចូលមកកម្ពុជា ក្រុមហ៊ុន ស៊ី.អេច.ឌី (ខេមបូឌា) ហាយដ្រូផៅវ័រ ឌីវេឡុបមេន, ក្រុមហ៊ុន ខេមបូឌាន ផៅវ័រ ហ្គ្រីត បានឈរជើងនៅក្នុងតំបន់អស់រយៈពេលជាង១០ឆ្នាំ ហើយក្លាយជាកម្លាំងដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការថាមពលកម្ពុជា និងចិន។ ស្ថានីយវារីអគ្គិសនីស្ទឹងអាតៃ ដែលក្រុមហ៊ុនបានវិនិយោគសាងសង់ តាំងពីដំណើរការផ្លូវការនៅឆ្នាំ២០១៣មក បានផ្គត់ផ្គង់ថាមពលស្អាតជាបន្តបន្ទាប់ ទៅភាគខាងលិចប្រទេសកម្ពុជា។ ខណៈដែលគម្រោងសាងសង់បណ្តាញបញ្ជូនថាមពល២៣០គីឡូវ៉ុល ពីភ្នំពេញខាងលិចទៅបាត់ដំបង (ដែលមានប្រវែងសរុប២៩៤គីឡូម៉ែត្រ ឆ្លងកាត់ក្រុង១ខេត្ត៥) បានក្លាយជាបណ្តាញបញ្ជូនជាតិដ៏សំខាន់ ក្នុងប្រទេសកម្ពុជា ដោយបានបើកដំណើរការពេញលេញនូវ “សរសៃឈាមធំ” នៃការផ្គត់ផ្គង់អគ្គិសនីភាគខាងលិច។ ខណៈពេលកំពុងអនុវត្តការប្រតិបត្តិ ឱ្យមានសុវត្ថិភាព និងស្ថេរភាព ក្រុមហ៊ុន បានបណ្តុះបណ្តាលបុគ្គលិក ច្ចេកទេសជនជាតិខ្មែររាប់រយនាក់ ហើយអត្រានៃការប្រើប្រាស់បុគ្គលិកក្នុងស្រុកក៏ឈានដល់លើស៥៣% ផងដែរ។ ក្រុមហ៊ុន បាននាំចូលបច្ចេកវិទ្យាត្រួតពិនិត្យឆ្លាតវៃ ដើម្បី «បង្កើតអនុស្ថានីយ៍ថ្មី» ដំបូងគេនៅកម្ពុជា ហើយក៏ទទួលបានបណ្ណសរសើរពីអគ្គិសនីកម្ពុជា ថាជា «សហគ្រាសផ្គត់ផ្គង់ថាមពលមានស្ថេរភាពចំនួន១១ឆ្នាំ»។
តំណាងខាងក្រុមហ៊ុន China Datang បានបញ្ជាក់ដែរថា គំរូល្អៗ ដែលកើតឡើងក្នុងការប្រកួតជំនាញលើកនេះ ក្នុងកម្មវិធីបណ្តុះបណ្តាល ដើម្បីប្រើប្រាស់សម្រាប់ការបណ្តុះបណ្តាលនិងការអនុវត្តរបស់បុគ្គលិកខ្មែរ ព្រមទាំងបន្តធ្វើឱ្យកិច្ចសហប្រតិបត្តិការជាមួយ សាកលវិទ្យាល័យកម្ពុជាកាន់តែស៊ីជំម្រៅ ដើម្បីជំរុញការបណ្តុះបណ្តាលធនធានមនុស្ស ជំនាញអគ្គិសនីឱ្យមានលក្ខណៈប្រក្រតីភាព និងយូរអង្វែង។ ក្រុមហ៊ុននឹងយកការប្រកួតជំនាញលើកនេះ ជាចំណុចចាប់ផ្តើមថ្មី ដើម្បីបន្ថែមទៀតដោយយកថាមពលជាចំណងពង្រឹងកិច្ចសហការរវាងកម្ពុជា និងចិននៅក្នុងវិស័យបច្ចេកវិទ្យាអគ្គិសនី និងធនធានមនុស្ស ដែលនឹងរួមចំណែក ដល់ការកសាងសហគមន៍រួមវាសនាកម្ពុជា-ចិន ឱ្យបញ្ចូលថាមពលពន្លឺយូរអង្វែងជាបន្តិចម្តងៗ។