ឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បើកយុទ្ធនាការ « និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ » នៅខេត្តស្វាយរៀង ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីគ្រោះថ្នាក់ និងផលវិបាកនៃព័ត៌មានក្លែងក្លាយ

(ស្វាយរៀង)៖ យុទ្ធនាការ « និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ » Say No To Fake News ត្រូវបានអាជ្ញាធរដែនដី មន្ត្រីរាជការ តាមមន្ទីរ អង្គភាពជុំវិញខេត្ត និងសិស្សានុសិស្ស កាកបាទក្រហម ស.ស.យ.ក បានប្រារព្ធពិធីបើកយុទ្ធនាការផ្សព្វផ្សាយក្នុងខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកសម្របសម្រួលជាមួយមន្ទីរព័ត៌មានខេត្តស្វាយរៀង និង លោក ម៉ែន អេង អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង។

គូររំលឹកដែរថា យុទ្ធនាការ« និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ » Say No To Fake News បានចាប់ផ្តើមបើកជាផ្លូវការនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកនាំពាក្យ និងមន្ត្រីទទួលបន្ទុកព័ត៌មានរាជធានី ខេត្តទាំង២៥ យុវជន អ្នកសារព័ត៌មាន អ្នកមានឥទ្ធិពលលើបណ្តាញសង្គម សរុបចំនួនប្រមាណ ១ពាន់នាក់ ។

យុទ្ធនាការនេះ ត្រូវបានអនុវត្តនៅទូទាំងប្រទេសក្នុងរយៈពេល ១២ខែ គឺចាប់ផ្តើមពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ហើយអ្នកចូលរួមអនុវត្តយុទ្ធនាការ គឺមន្ទីរព័ត៌មានរាជធានី ខេត្ត ព្រមទាំងស្ថាប័ន មន្ទីរ និងអង្គភាពពាក់ព័ន្ធទាំងអស់ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីគ្រោះថ្នាក់ និងផលវិបាកនៃព័ត៌មានក្លែងក្លាយ ៕