ឯកឧត្ដមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អញ្ជើញចូលរួមកិច្ចប្រជុំជាមួយសមាគមកម្ពុជា-ជប៉ុន និងតំណាងវិស័យឯកជនជប៉ុន

នៅស្ថានឯកអគ្គរាជទូតកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានអញ្ជើញចូលរួមកិច្ចប្រជុំដែលដឹកនាំដ៏ខ្ពង់ខ្ពស់ដោយ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស (វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច) និងជាប្រធានក្រុមការងារសិក្សាអំពីកិច្ចព្រមព្រៀងទូលំទូលាយនិងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CP-TPP) អមដោយឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយសមាគមកម្ពុជា-ជប៉ុន (JCA) និងតំណាងវិស័យឯកជនជប៉ុនដែលដឹកនាំដោយ ឯកឧត្តម Takahashi Fumiaki ប្រធាន JCA, លោក Takeshi Okami តំណាងក្រុមហ៊ុន Kojima Hoilding Groups និងលោក Hayashi Nobusuke តំណាងក្រុមហ៊ុន ABE Economics ក្នុងឱកាសដែលឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ ដឹកនាំគណៈប្រតិភូកម្ពុជា បំពេញការងារនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៤ ខែកញ្ញា ដល់ទី២ តុលា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះ មានចូលរួមពីសំណាក់តំណាងវិស័យឯកជនជប៉ុនចំនួន ២២រូប ដែលជាសមាជិករបស់សមាគម JCA, ក្រុមហ៊ុន Kojima Hoilding Groups និង ក្រុមហ៊ុន ABE Economics។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានសំដែងការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណដល់សមាគម JCA និងតំណាងវិស័យឯកជនជប៉ុន ដែលបានមកចូលរួមកិច្ចប្រជុំនាថ្ងៃនេះ ក្នុងគោលបំណងដើម្បីពិភាក្សាឱកាសក្នុងការពង្រីកការវិនិយោគ និងមុខជំនួញរបស់ក្រុមហ៊ុនជប៉ុនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសិក្សាស្វែងយល់ពីតម្រូវការជាក់ស្តែងសំខាន់ៗ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យឯកជន និងលើកឡើងអំពីកាលានុវត្តភាពបន្ថែមទៀត សម្រាប់ជំរុញ និងលើកទឹកចិត្តដល់តំណាងវិស័យឯកជនជប៉ុន ដើម្បីពង្រឹក និងបង្កើនឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា។ បញ្ហាប្រឈម និងសំណូមពរនានារបស់តំណាងវិស័យឯកជនជប៉ុនក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ។ ក្រៅពីនេះ កិច្ចប្រជុំបានលើកឡើងពីបច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ រួមទាំងជំហរយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយរាល់ទំនាស់ព្រំដែនជាមួយប្រទេសថៃ តាមរយៈមធ្យោបាយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ក្នុងគោលបំណងជម្រាបជូនពីព័ត៌មាន និងស្ថានការណ៍វិវឌ្ឍពិតជាក់ស្តែងដែលកំពុងកើតមាន និងដើម្បីបង្កើនទំនុកចិត្តបន្ថែមទៀតដល់ក្រុមហ៊ុនវិនិយោគ។