ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប និងលោកជំទាវ អញ្ជើញដឹកនាំញាតមិត្តជិតឆ្ងាយ ប្រារព្ធពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត សម្តែងធម៌ទេសនា ពិធីកាន់បិណ្ឌវេនទី១៤ នៅវត្តព្រែកចាម និងសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង៣០០នាក់ នៅស្រុកពាមរក៍ ខេត្តព្រៃវែង

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សិរីចរណវិសិទ្ធិអគ្គមហាឧបាសិកាពុទ្ធសាសន៍នូបត្ថមក៍ ហាក់ ជូ ព្រមទាំងក្រុមគ្រួសារនៅព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញ ដឹកនាំញាតមិត្តជិតឆ្ងាយ ប្រារព្ធពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត សម្តែងធម៌ទេសនា ពិធីកាន់បិណ្ឌវេនទី១៤ នៅវត្តពោធិ៍សេរីអណ្តែត ហៅវត្តព្រែកចាម ស្ថិតនៅភូមិព្រែកចាម ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង ដើម្បីឧទ្ទិសកុសលជូនបុព្វការីជន វីរជនស្នេហាជាតិ ញាតិការទាំង៧សណ្តាន ពិសេសវីរកងទ័ពដែលបានពលីការពារបូរណភាពទឹកដី ជាដើម។
ពិធីបុណ្យក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ប្រជាពុទ្ធបរិស័ទជាច្រើនកុះករ។ ពិធីបុណ្យមានការបូជាទៀនធូប ផ្កាភ្ញី ថ្វាយបង្គំព្រះពុទ្ធបដិមា ក្រោមព្រះវត្តមាន ព្រះគ្រូចៅអធិការវត្តព្រែកចាម ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ដោយមានពីធីសមាទានសីល ថ្វាយបង្គំ រម្លឹកដល់គុណបុណ្យព្រះរតនៈត្រៃយ៍តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។ បុណ្យកាន់បិណ្ឌត្រូវបានពលរដ្ឋកម្ពុជា ប្រារព្ធតំាងពីបុរាណកាលមក ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ញាតការទាំង៧សណ្តាន រួមមាន មាតា បិតា ជីដូន ជីតា បងប្អូនកូនចៅ គ្រូឧជ្ឈាយាចារ្យ បុព្វការីជន បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែល បានលាចាកលោកនេះទៅកាន់លោកខាងមុខ និងសូមអញ្ជើញមកទទួលយកផល្លានិសង្ឃបានគ្រប់ៗគ្នា។ ក្រោមម្លប់សុខសន្តិភាព ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៥នេះ នឹងប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលត្រូវនឹងថ្ងៃទី៨ខែកញ្ញា ដល់ថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២៥។
ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង៣០០នាក់នៅស្រុកពាមរក៍ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី បានមានប្រសាសន៍ថា ក្នុងនាមឯកឧត្តមតំណាងឱ្យតំណាងរាស្ត្រទាំង១០រូប មកពីមណ្ឌលខេត្តព្រៃវែង សូមសម្តែងនូវការដឹងគុណ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជនកម្ពុជាទូទាំងប្រទេស ដោយឡែកប្រជាជនខេត្តព្រៃវែង ពិសេសប្រជាជននៅក្នុងស្រុកពាមរក៍ ដែលរយៈកាលកន្លងមក នៅក្នុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ បានអញ្ជើញទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យទទួលបានជោគជ័យភ្លូកទឹកភ្លូកដីទូទាំងប្រទេសបាន១២០ លើ ១២៥អាសនៈ ដោយឡែកមណ្ឌលខេត្តព្រៃវែង ទទួលបាន ១០អាសនៈ លើ ១១អាសនៈ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានលើកឡេីងពីសភាជាតិ ក្នុងនីតិកាលទី៧ ព្រឹទ្ធសភាដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ជាប្រធាន ចំណែកឯរដ្ឋសភាដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដែលជាស្ត្រីទី១ បានទទួលតំណែងដ៏ខ្ពង់ខ្ពស់ជាប្រធានរដ្ឋសភា ហើយរដ្ឋាភិបាលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីវ័យក្មេង មានសមត្ថភាពខ្ពង់ខ្ពស់ និងទេពកោសល្យដ៏ប៉ិនប្រសប់ ដើម្បីបន្តថែរក្សាសុខសន្តិភាព ឯកភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ អភិវឌ្ឍសង្គមសេដ្ឋកិច្ច និងវប្បធម៌ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែល្អប្រសើរឡើង។ ជាមួយគ្នានេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានជម្រាបជូនប្រជាពលរដ្ឋស្រុកពាមរក៍ពីសភាពការណ៍នៅតាមព្រំដែនកម្ពុជា-ថៃនាពេលបច្ចុប្បន្នផងដែរ៕